Sunday, October 25, 2015

រដ្ឋធម្មនុញ្ញ កម្ពុជា ប្រជាធិបតេយ្យ




ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦
ជំពូកទី១ អំពីរបបរដ្ឋ
មាត្រា១. រដ្ឋកម្ពុជា ជារដ្ឋមួយឯករាជ្យ ឯកភាព សន្តិភាព អព្យាក្រិត មិនចូលបក្សសម្ព័ន្ធណា អធិបេតយ្យ ប្រជាធិបតេយ្យ ក្នុងបូរណភាពដែនដីរបស់ខ្លួន។ រដ្ឋកម្ពុជា ជារដ្ឋរបស់ប្រជាជន កម្មករ កសិករ និងពលករកម្ពុជាផ្សេងទៀតទាំងអស់។ រដ្ឋកម្ពុជា មានឈ្មោះផ្លូវការថា (កម្ពុជា ប្រជាធិបតេយ្យ)។
ជំពូកទី២ អំពីរបបសេដ្ឋកិច្ច
មាត្រា២. មធ្យោបាយផលិតកម្មសំខាន់ៗ ជាទូទៅ ជាកម្មសិទ្ធិរបស់ប្រជាជន និងជាកម្មសិទ្ធិ រួមរបស់ប្រជាជនសមូហភាព។ រីឯរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ស្ថិតនៅជាកម្មសិទ្ធិផ្ទាល់របស់ឯកជន។
ជំពូកទី៣ អំពីរបបវប្បធម៌
មាត្រា៣. វប្បធម៌របស់ប្រទស កម្ពុជា ប្រជាធិបតេយ្យ មានលក្ខណៈជាតិ ប្រជាជន និងចំរើន ស្អាតស្អំ ដើម្បីបម្រើភារកិច្ច ការពារប្រទេស និងកសាងប្រទេសកម្ពុជា ឲ្យបានរុងរឿងសំបូរសប្បាយ។ វប្បធម៌ថ្មីនេះ ប្រឆាំងដាច់ខាត នឹងវប្បធម៌ពុករលួយប្រតិកិរិយា របស់វណ្ណៈជិះជាន់ ផ្សេងៗ និងរបស់អាណានិគមនិយម និងចក្រព័ត្រនិយមនៅកម្ពុជា។
ជំពូកទី៤ អំពីរបបដឹកនាំ និងធ្វើការងារ
មាត្រា៤.កម្ពុជា ប្រជាធិបតេយ្យ អនុវត្តរបបសមូហភាព ក្នុងការដឹកនាំ និងធ្វើការងារ។
ជំពូកទី៥ អំពីអំណាចធ្វើច្បាប់
មាត្រា៥.អំណាចធ្វើច្បាប់ ជាអំណាចសភាតំណាងប្រជាជន កម្មករ កសិករ និងពលករកម្ពុជា ផ្សេងទៀតទំាងអស់។ សភានេះ មានឈ្មោះជាផ្លូវការថា (សភាតំណាងប្រជាជនកម្ពុជា)។
សភាតំណាងប្រជាជនកម្ពុជា មានសមាជិកទំាងអស់២៥០នាក់ តំណាងឲ្យកម្មករ កសិករ និងពលករ កម្ពុជាផ្សេងទៀត ហើយនិងតំណាងឲ្យកងទ័ពបដិវត្តកម្ពុជាគឺ
.តំណាងកសិករ ១៥០នាក់
.តំណាងកម្មករ និងពលករផ្សេងទៀត ៥០នាក់
.តំណាងកងទ័ព៥០នាក់។
មាត្រា៦.សមាជិកសភា តំណាងប្រជាជនកម្ពុជា ត្រូវបានប្រជាជនជ្រើសតាំងឡើង ដោយការ បោះឆ្នោតទូទាំងប្រទេស ដោយផ្ទាល់ និងដោយសម្ងាត់រយៈកាល៥ឆ្នាំមួយដង។
មាត្រា៧. សភាតំណាងប្រជាជនកម្ពុជា មានភារៈសម្រេចច្បាប់ និងកំណត់មាគ៌ានយោបាយ ផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស របស់កម្ពុជា ប្រជាធបតេយ្យ។
ជំពូកទី៦ អំពីអង្គការអនុវត្តច្បាប់
មាត្រា៨. រដ្ឋាភិបាល ជាអង្គការមានភារកិច្ចអនុវត្តច្បាប់ និងអនុវត្តមាគ៌ានយោបាយទាំងអស់ របស់សភាតំណាងប្រជាជនកម្ពុជា។ រដ្ឋាភិបាល ត្រូវជ្រើសតាំងឡើងដោយសភាតំណាងប្រជាជនកម្ពុជា ហើយត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខសភា តំណាងប្រជាជនកម្ពុជា ក្នុងកិច្ចដំណើរការទំាងអស់របស់ខ្លួន ទំាងក្នុងប្រទេស ទាំងក្រៅប្រទេស។
ជំពូកទី៧.អំពីតុលាការ
មាត្រា៩. តុលាការ ជាតុលាការរបស់ប្រជាជន តំណាងយុត្តិធម៌របស់ប្រជាជន ការពារយុត្តិ ធម៌របស់ប្រជាជន ការពារសិទ្ធិសេរីភាពប្រជាធិបតេយ្យ របស់ប្រជាជន ហើយផ្តន្ទាទោស ដល់គ្រប់សកម្មភាព ដែលប្រឆាំងនឹងរដ្ឋរបស់ប្រជាជន ឬដែលល្មើសនឹងច្បាប់រដ្ឋ របស់ប្រជា ជន។ តុលាការគ្រប់ជាន់ថ្នាក់ ត្រូវសភាតំណាងប្រជាជន ជ្រើសរើស និងតែងតាំង។
មាត្រា១០ ប្រភេទល្មើសច្បាស់រដ្ឋ ប្រជាជន មានដូចតទៅ
. ចំពោះប្រភេទសកម្មភាពប្រឆាំង និងបំផ្លេចបំផ្លាញ ដែលមានលក្ខណៈជាខ្សែសង្វាក់ ហើយ គ្រោះថ្នាក់ដល់រដ្ឋ ប្រជាជនត្រូវផ្តន្ទាទោសកម្រិតខ្ពស់បំផុត។
.ចំពោះប្រភេទល្មើស ក្រៅពីប្រភេទខាងលើ ត្រូវអប់រំ កសាង ក្នុងក្របខណ្ឌអង្គការរដ្ឋ ឬក្នុងក្របខណ្ឌ អង្គការប្រជាជន។
ជំពូក៨ អំពីគណៈប្រធាន
មាត្រា១១.
កម្ពុជាប្រជាធិបតេយ្យ មានគណៈប្រធានរដ្ឋមួយ ជ្រើសរើស និងតែងតាំងឡើងដោយសភាតំណាងប្រជាជនកម្ពុជា ក្នុងរយៈពេល៥ឆ្នាំម្តង។
គណៈប្រធានរដ្ឋ មានភារតំណាងឲ្យរដ្ឋកម្ពុជា ប្រជាធិបតេយ្យនៅក្នុងប្រទេស និងក្រៅប្រទេស ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ ហើយនិងតាមច្បាប់ និងតាមមាគ៌ានយោបាយ របស់សភាតំណាងប្រជាជនកម្ពុជា។
គណៈប្រធានរដ្ឋ មានសមាសភាពដូចតទៅ
.ប្រធាន១រូប
.អនុប្រធានទី១១រូប
.អនុប្រធានទី២១រូប
ជំពូក៩ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាជនកម្ពុជាម្នាក់ៗ
មាត្រា១២.
ប្រជាជនកម្ពុជា គ្រប់រូបមានសិទ្ធិជីវភាពពេញទីខាងសម្ភារៈ ខាងស្មារតី និងខាងវប្បធម៌ ដែលត្រូវបានកែប្រែឲ្យរីកចម្រើន កាន់តែខ្ពស់ឡើងជានិច្ច។ប្រជាជនកម្ពុជាគ្រប់រូប សុទ្ធតែត្រូវបានធានាអះអាង ខាងជីវភាពទំាងអស់។
.កម្មករគ្រប់រូប ជាម្ចាស់រោងចក្រ។
.កសិករគ្រប់រូបជាម្ចាស់ស្រែចម្ការ។
.ពលករផ្សេងទៀត មានសិទ្ធិ មានការងារធ្វើទំាងអស់។
ភាពគ្មានការងារធ្វើមិនមានដាច់ខាត ក្នុងកម្ពុជា ប្រជាធិបតេយ្យ។
មាត្រា១៣.
ត្រូវមានសមភាពពេញទី រវាងប្រជាជនកម្ពុជាទំាងអស់ ក្នុងសង្គមកម្ពុជាមួយស្មើភាព យុត្តិធម៌ ប្រជាធិបតេយ្យ សុខដុមរមនា មានសុភមង្គល ក្នុងមហាសាមគ្គីជាតិទាំងមូល ដើម្បីការពារប្រទេស និងកសាងប្រទេសទាំងអស់គ្នា។
បុរស និងនារី ស្មើភាពគ្នាពេញទីលើគ្រប់វិស័យទាំងអស់។ មិនអនុញ្ញាតឲ្យមានប្រពន្ធច្រើន និងប្តីច្រើនឡើយ។
មាត្រា១៤.
ប្រជាជនកម្ពុជាគ្រប់រូប មានករណីយកិច្ចការពារប្រទេស និងកសាងប្រទេសទំាងអស់គ្នា តាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។
ជំពូក១០ អំពីរដ្ឋធានី
មាត្រា១៥
ធានី របស់កម្ពុជា ប្រជាធិបតេយ្យ គឺ ( ភ្នំពេញ )
ជំពូក១១ អំពីទង់ជាតិ
មាត្រា១៦
ទង់ជាតិកម្ពុជា មានរូបភាព និងខ្លឹមសារដូចតទៅ
ផ្ទៃក្រហម មានរូបប្រាសាទកំពូលបីពណ៌លឿងនៅចំកណ្តាល។
ផ្ទៃក្រហម ជានិមិត្តរូប នៃចលនាបដិវត្ត ការប្រយុទ្ធមោះមុតអង់អាចក្លាហានក្នុងការរំដោះជាតិ ការពារជាតិនិងកសាងជាតិកម្ពុជារបាស់ប្រជាជនកម្ពុជា។
ប្រាសាទពណ៌លឿង ជានិមិត្តរូប នៃប្រពៃណីជាតិ និងប្រជជនកម្ពុជា ដែលជាអ្នកការពារប្រទេស ជាអ្នកស្ថាបនា ឲ្យបានថ្កុំថ្កើងរុងរឿង។
ជំពូក១២ អំពីសញ្ញាជាតិ
មាត្រា១៧
សញ្ញាជាតិ គឺមានប្រព័ន្ធភ្លឺស្រែ និងប្រឡាយទឹក ជានិមិត្តរូប នៃកសិកម្មជឿនលឿន មាន រោងចក្រជានិមិត្តរូប នៃឧស្សាហកម្ម មានកម្រងកួរស្រូវ ជាស្នែងក្របីព័ទ្ធ ពីក្រៅ ហើយមានអក្សរកម្ពុជា ប្រជាធិបតេយ្យ នៅពីក្រោម។
ជំពូក១៣ អំពីភ្លេងជាតិ
មាត្រា១៨
ភ្លេង និងចម្រៀងជាតិ នៃកម្ពុជាប្រជាធិបតេយ្យ គឺ (១៧ មេសា មហាជោគជ័យ)
ជំពូក១៤ អំពីកងទ័ពបដិវត្ត កម្ពុជា
កងទ័ពកម្ពុជា ទំាងបីប្រភេទ ស្រួច តំបន់ និងឈ្លប ជាកងទ័ពរបស់ប្រជាជន ដែលយុទ្ធជន យុទ្ធនារី កម្មាភិបាល ជាកូនចៅរបស់ប្រជាជនកម្មករ កសិករ ពលករ កម្ពុជាផ្សេងទៀត ការ ពាររដ្ឋអំណាចរបស់ប្រជាជនកម្ពុជា ការពារកម្ពុជាឯករាជ្យ សន្តិភាព អព្យាក្រិត មិនចូលបក្ស សម្ព័ន្ធណា អធិបតេយ្យ ប្រជាធិបតេយ្យ ក្នុងបូរណភាពដែនដី ហើយទន្ទឹមនឹងនេះ រួមចំណែក កសាងប្រទេស ឲ្យថ្កុំថ្កើងរុងរឿង លើកស្ទួយជីវភាពប្រជាជនឲ្យបានរីកចម្រើន និងសំបូរ សប្បាយជាលំដាប់។
ជំពូក១៥ អំពី សិទ្ធិខាងជំនឿ និងសាសនា
មាត្រា២០
ប្រជាជនកម្ពុជាគ្រប់រូប មានសិទ្ធិជឿជំនឿ ឬសាសនាណាក៏បាន ហើយក៏មានសិទ្ធិមិនជឿ ជំនឿអ្វី ឬមិនជឿសាសនាណាក៏បាន។
មិនអនុញ្ញាតឲ្យមានសាសនាប្រតិកិរិយា ដែលបំផ្លិចបំផ្លាញកម្ពុជា ប្រជាធិបតេយ្យ និងប្រជាជនកម្ពុជា ជាដាច់ខាត។
ជំពូក១៦ អំពីនយោបាយក្រៅប្រទេស
មាត្រា២១
កម្ពុជា ប្រជាធិបតេយ្យ មានសន្ទុះដ៏មោះមុត ចង់មានចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ជាមួយ ប្រទេសទាំងអស់ ដែលមានព្រំដែនជាប់ជាមួយខ្លួន ហើយនិងជាមួយប្រទេសជិត​ឆ្ងាយទាំង​អស់លើសកលលោក តាមគោលការណ៍ គោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមកដាច់ខាត។
កម្ពុជា ប្រជាធិបតេយ្យ​ប្រកាន់ខ្ជាប់នូវ នយោបាយឯករាជ្យ សន្តិភាព អព្យាក្រិត មិនចូលបក្សសម្ព័ន្ធណា មិនអនុញ្ញាតឲ្យបរទេសណា តាំងមូលដ្ឋាសឹកនៅក្នុងប្រទេសកម្ពុជាដាច់ខាត។ តស៊ូដាច់ខាត នឹងការជ្រៀតជ្រែកគ្រប់បែបយ៉ាងពីខាងក្រៅ មកក្នុងកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា តស៊ូដាច់ខាត ក្នុងអំពើវិទ្ធង្សនា ឈ្លានពានគ្រប់បែបយ៉ាង ពីខាងក្រៅមកលើប្រទេសកម្ពុជា ទៅវិទ្ធង្សនា ឬឈ្លាបពានខាងយោធាក្តី នយោបាយក្តី ខាងវប្បធម៌ក្តី ខាងសេដ្ឋកិច្ចក្តី ខាងសង្គមកិច្ចក្តី ខាងទូត ឬតាមរូបភាពយកនាមថា មនុស្សធម៌ក្តី។
កម្ពុជា ប្រជាធិបតេយ្យ មិនជ្រៀតជ្រែកដាច់ខាត កិច្ចការផ្ទៃក្នុងប្រទេសទាំងអស់។ កម្ពុជា ប្រ ជាធិបតេយ្យដាច់ខាតគោរពលក្ខការណ៍ ដែលប្រទេសនីមួយៗមានអធិបតេយ្យភាព និងសិទ្ធិ អំណាចចាត់ចែង និងសម្រេចកិច្ចការប្រទេសខ្លួន ដោយខ្លួនឯងពេញទី ដោយគ្មានការជ្រៀត ជ្រែកពីខាងក្រៅ។
កម្ពុជា ប្រជាធិបតេយ្យស្ថិតនៅក្នុងមហាគ្រួសារ ប្រទេសមិនចូលរួមបក្សសម្ព័ន្ធណាជាដាច់ខាត។
កម្ពុជា ប្រជាធិបតេយ្យខិតខំបង្កើនសាមគ្គីភាពជាមួយប្រជាជនតតីយលោកនៅអាស៊ី អាហ្រ្វិក អាមេរិក ឡាទីន ហើយនិងប្រជាជន ដែលស្នេហាសន្តិភាព និងយុត្តិធម៌ ក្នុងសកលលោកទាំងមូល ។ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកយ៉ាងសកម្មក្នុងការតស៊ូនឹងចក្រព័ត្រនិយម អាណា និគមនិយមចាស់ថ្មី ដើម្បីឯករាជ្យភាព សន្តិភាព មិត្តភាព ប្រជាធិបតេយ្យយុត្តិធម៌ និងវឌ្ឍនភាព ពិតប្រាកដនៅលើសកលលោក។

No comments:

Post a Comment

ខ្មែរទន្លេតូច