Wednesday, May 7, 2014

សង្ខេបរឿង អាពាហ៍ពិពាហ៍ ពណ៌ខ្មៅ



សង្ខេបរឿង អាពាហ៍ពិពាហ៍ ពណ៌ខ្មៅ

អ្នកស្រី ម៉ាល័យ វ័យជាង៥០ឆ្នាំ កំពុងឈរនៅមុខក្រចកសេះ ឆ្លើយទៅនឹង​សំណួរ​របស់​​ចៅក្រម មេធាវី និង ព្រះរាជអាជ្ញា។ អ្នកស្រីម៉ា ល័យ ត្រូវបានប្តីប្តឹងចោទប្រកាន់ពីបទ ផិតក្បត់ តាមច្បាប់ឯកពន្ធភាពឆ្នាំ២០០៥។
នៅចំពោះមុខមេធាវី ចៅក្រម និង ព្រះរាជអាជ្ញា អ្នកស្រីម៉ាល័យនិយាយថា មែន ខ្ញុំ បានផិតក្បត់គាត់ ចាប្តីខ្ញុំមែន តែនោះ​មិនមែន ជាកំហុសរបស់ខ្ញុំទេ។
ចម្លើយរបស់អ្នកស្រី បានធ្វើឲ្យក្រុមចៅក្រមស្រឡាំងកាំង ហើយចោទសួរបន្ត តើអ្នក​ស្រី មានមូលហេតុអ្វី​ពិតប្រាកដ​​យកមកអះអាង បានជាអ្នកស្រីហ៊ាននិយាយដូច្នេះ?មក​ពីប្តី​អ្នក​ស្រី អសមត្ថភាពនៃលឹង្គ ?ឬប្តីអ្នកស្រីធ្វើអ្វី​ឲ្យអ្នកស្រី​ផិត​ក្បត់គាត់។
អ្នកស្រីម៉ាល័យនិយាយថា ការពិតការផិតក្បត់នេះ វាជាទង្វើដ៏ស្អប់របស់ពល​រដ្ឋខ្មែរ​ហើយ តែនាងខ្ញុំយល់ថា បើសិនជា​លោក ចៅក្រមជាខ្ញុំ ក៏លោកធ្វើដូច្នេះដែរ។លោកដឹងទេ ខ្ញុំនិងគាត់(ប្តី)បានរៀបការនៅក្នុង​សម័យខ្មែរ​ក្រហម ដែល​ខ្ញុំគ្មានចេតនាស្រលាញ់បន្តិចឡើយ ហើយក្នុងសម័យនោះ តើមនុស្សណាខ្លះ ដែលហ៊ាន​បដិសេធ​ទៅ?។ខ្មែរក្រហមបង្ខំឲ្យ​ខ្ញុំឡើង​ចាប់ដៃជាមួយគេ ក្នុងចំណោមគូស្រករជាង១០គូទៀត។រាត្រីផ្សំដំណេក ពួកគេលួច​ស្តាប់​ពួកគយើង បើដេកមិន​ចុះសម្រុងគ្នាទេ ពួកគេនឹងសម្លាប់ យើង។ ពួកយើងសម្រេចរួមដំណេក​ទាំងបង្ខំចិត្ត។ការពិត មនុស្សដែល​ខ្ញុំ​ស្រលាញ់ គឺជាមនុស្សដែលខ្ញុំក្បត់ប្តីខ្ញុំទៅ​រួមរ័ករាល់​ថ្ងៃ​នេះ។យើង បានស្រលាញ់គ្នា តាំងពី​សម័យលន់ នល់មកម៉្លេះ។ពួក​យើង​ជាសិស្សរៀននៅ​វិទ្យា​ល័យស៊ីសុវត្ថិជាមួយគ្នា។ ឪពុកម្តាយពួកយើង ទាមងសងខាងសុទ្ធតែជាអ្នកមាន​មុខមានមាត់​ខ្ពង់ខ្ពស់ និងថ្លៃថ្នូរ។ពួកយើងស្រលាញ់គ្នា មិនដែលចង់បែកគ្នាម្តងណាឡើយ ​តែក្រោយ​ពីយើងភ្ជាប់​ពាក្យបាន​តែ១៥ថ្ងៃ ភ្នំពេញ​បាន​បែក ហើយ​ខ្មែរ​ក្រហម​បានជម្លៀសពួកយើង ធ្វើ​ឲ្យ​យើងបែកគ្នារហូត។ទោះបី យើងបែក គ្នាយ៉ាងណា ក៏យើងមិន​ដែលបំភ្លេច​គ្នាដែរ ។ក្នុង​សម័យប៉ុល ពតជាងបីឆ្នាំ យើងនៅតែនឹករកគ្នា។អ្វីកាន់តែឈឺចាប់ គឺរាត្រីផ្សំដំណេក​របស់​ពួកយើងក្នងសម័យនោះ ធ្វើឲ្យនាងខ្ញុំ កាន់តែឈឺចាប់ថែមទៀត  ព្រោះមនុស្ស​ដែលផ្សំដំ​ណេក​ជាមួយខ្ញុំ មិនមែនជា​មនុស្ស​ជា ទីស្រលាញ់​របស់ខ្ញុំ។​ទើបតែ ឆ្នាំ២០០៨ប៉ុណ្ណោះ ទើប​ពួក​យើងបានជួបគ្នា ដោយចៃ​ដន្យ​នៅផ្សារទំនើបមួយ។ពួក​យើង​បានធ្វើ​ការ​ទាក់ទងគ្នា ហើយ​បន្ទាប់មក ក៏ឈានដល់​ការរួម​ភេទរហូតមក។
នាងខ្ញុំមិនដឹងថា មានការតាមដានខ្ញុំឬយ៉ាងណាទេ តែឆ្នាំ២០១០នេះ ខ្ញុំត្រូវបាននគរ​បាលចុះចាប់ដល់ផ្ទះ​សណ្ឋា​គារ ខណៈ​ពេលពួក យើង កំពុងតែដំណើរការរួមរ័ក។ខ្ញុំមិន​បដិ​សេធ​ចំពោះកំហុសនេះទេ តែខ្ញុំសូមឲ្យច្បាប់​ផ្តល់​យុត្តិធម៌​ដល់ខ្ញុំផង ដែលមនោសញ្ចេត​នា​របស់ខ្ញុំត្រូវបានសង្គមមួយញំាញី និងបំផ្លាញ។បើ​សិន​ជាតុលាការជា​រូបនាងខ្ញុំ តើតុលា​ការ ត្រូវធ្វើបែបណា?។មនុស្សដែលខ្លួនស្រលាញ់ ត្រូវគេបំបែក ហើយ​បង្ខំឲ្យមករៀបការជាមួយ មនុស្ស ដែលខ្លួនមិនស្រលាញ់​សោះនោះ តើមនោសញ្ចេតនា និង អារម្មណ៍របស់តុលា ការដូច​ម្តេចដែរ?
ជាមួយគ្នានោះ មេធាវីការពារក្តីឲ្យអ្នកស្រីម៉ាល័យ ក៏បានលើកឡើងផងដែរថា កូនក្តី របស់គាត់ត្រូវតែដោះលែង​ឲ្យរួចពីការ​ចោទប្រកាន់ ព្រោះកូនក្តីគាត់គ្រាន់តែធ្វើអ្វីទៅតាមតែ មនោសញ្ចេតនារបស់ខ្លួន ដែលធ្លាប់មានក្នុងគ្រា​កន្លង​មក​ប៉ុណ្ណោះ។​វាជាការគិតខ្លីមួយភ្លែត ដែលអារម្មណ៍មនោសញ្ចេតនារបស់អ្នកស្រីពុះកញ្រ្ជោលខ្លាំពេក រហូត​ធ្វើឲ្យអ្នកស្រីភ្លេចភ្លាំង​នូវ​អ្វី ដែលហៅថាសេចក្តីថ្លៃថ្នូរ។បើគិត អំពីប្រពៃណីខ្មែរ អ្នកស្រីបានបំពេញរួចមកហើយ ។​អ្នកស្រីបានរៀបការស្រប​ច្បាប់ជា​មួយប្តី ក្នុងរបបគំរាមកំហែង ហើយអ្នកស្រីពុំបាន ប្រកែកជាមួយប្តីម្តង​ណា​ឡើយ។
ក្រៅពីមេធាវី កូនស្រីទាំងពីររបសើអ្នកស្រីម៉ាល័យ បានធ្វើសាក្សីឲ្យឪពុកដែរថា ពួក​នាងបានដឹងថា ម្តាយរបស់​នាងបាន​លួច​ទៅជួបបុរសនោះជាញឹកញាប់ តែពួកនាងមិនចង់ ឲ្យម្តាយឪពុកនាងលែងលះគ្នាទេ។ពួកនាងនិ​យាយ​​លាយទឹកភ្នែក​ថា ពួកនាងចង់ឲ្យលោកឪ ពុកអ្នកម្តាយនៅជុំគ្នាវិញ។មិនចង់បាត់បង់អ្នកណាម្នាក់ទេ។
ក្រោយពីស្តាប់ការបកស្រាយ អ្នកស្រីម៉ាល័យរួចមក តុលាការបានសម្រេចថា នោះជា​បញ្ហានយោបាយ ដែល​មានបញ្ហាយូរ​មកហើយ ឯអ្នកស្រីប្រព្រឹត្តពេលនេះ គឺស្ថិតក្នុងអជ្ញា​យុការ​របស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ អ្នកស្រី ត្រូវបង្ខំឲ្យផ្តាច់សមគ្គសង្វាស់​ជាមួយប្តី បង់ប្រាក់ទៅប្តីតាម​កំណត់ច្បាប់ និង ត្រូវជាប់ពន្ធននាគារ​រយៈពេលបីខែ ​តែទោស​នេះត្រូវព្យួរ​សាកល្បង​ចំនួន​៥ខែ។តុលាការ ក៏បានទុកផ្លូវ ឲ្យអ្នកស្រីប្តឹងឧទ្ធរណ៍តាម​កំ​ណត់​ច្បាប់ផងដែរ។
មុនពេលចេញពីតុលាការ អ្នកស្រី បានស្រក់ទឹកភ្នែកនៅចំពោះមុខចៅក្រម ក្រឡា បញ្ជីរ ព្រះរាជអាជ្ញា និងជា​ពិសេសកូន​ស្រី​ទាំងពីរ របស់គាត់ ដែលមកស្តាប់សវនាការនេះដែរ។​អ្នកស្រីនិយាយថា ហេតុអីតុលាការមិនយល់​ពីមនោសញ្ចេតនា មិនយល់ពីការឈឺចាប់របស់​មនុស្ស?ហេតុអីតុលាការ មិនអាណិតមនុស្ស ដែលព្រាត់ប្រាស់​គ្នារាប់ឆ្នាំ​ឲ្យជួបគ្នាវិញ។អ្នក​ស្រី មិនសម្រេចចិត្តប្តឹងឧទ្ធរណ៍ ចំពោះរឿងនេះទេ ហើយអ្នកស្រីសច្ចាថា នឹងមិនយកប្តី និង បុរស ជាសង្សារវិញឡើយ ក្រោយពីអ្នកស្រីចេញពីពន្ធនាគារ។

No comments:

Post a Comment

ខ្មែរទន្លេតូច