Wednesday, May 7, 2014

ខ្មែរអើយខ្មាសគេផង(ពាក្យ៧)


ខ្មែរអើយខ្មាសគេផង(ពាក្យ៧)

១.ស្រណោះ ជាតិខ្មែរធ្លាប់តែល្បី  ផៅញាតិប្រុសស្រីរស់សុខសាន្ត      មិនគួរគ្រានេះបែកបាក់បាន                     ឱខ្មែរគ្រប់ប្រាណបានអ្វីពឹង?
 
២.គ្រាមុនទុរ្ភិក្សខ្មែរជួយគ្នា          គ្រានេះប្រែជាបង់ព្រលឹង                 ឥតស្គាល់គ្នាឯងប្រែងទទឹង                        ខ្មែរលែងសញ្ជឹងគិតជាតិខ្មែរ។
 
៣.ខ្មែរសម្លាប់ខ្មែរមានហែហូ        ឈាមខ្មែរស្រែកថ្ងូរគ្មានលោះខែ        ឱខ្មែរអើយខ្មែរថ្ងៃណាល្ហែ                         ពូមីងក្រុងស្រែស្គាល់សុខសាន្ត។
 
៤.ខ្មែរគួររួមដៃកសាងជាតិ     ឲ្យគ្រប់ផៅញាតិរស់ថ្កើងថ្កាន     ខ្មែរឈ្លោះត្រឹមមាត់ម្តេចមិនបាន?                    ម្តេចក៏សាមាន្យទៀតហើយខ្មែរ?
 
៥.ឱខ្មែរអើយខ្មែរធ្លាប់តែខ្ពស់                  ធ្លាប់មានកិត្តិយសរន្ទឺដែរ               ឥឡូវខាំគ្នាដូចឆ្មាឆ្កែ                     ឱខ្មែរអើយខ្មែរសឹងចោលម្សៀត។
 
៦.ឱខ្មែរអើយខ្មែរខ្មែរកម្ពុជា         ម្តេចមិនរួមគ្នាកសាងជាតិ               ម្តេចក៏ច្បាំងគ្នាបំផ្លាញញាតិ           ឲ្យរងទុក្ខទៀតគ្មានស្រាន្តស្រាក?
 
៧.ខ្មែរធ្លាប់តែខ្លាំងនឹងបរទេស                ឥឡូវខ្មែរធ្វេសចិត្តកម្សាក      បង្កស្មុកស្មាញជាតិលំបាក                        រស់នៅរខាកដូចខ្ទមចាស់។
 
៨.បើខ្មែរសាមគ្គីជាតិខ្មែររស់         តែបើខ្មែរឈ្លោះជាតិកម្មក្រាស់           ប្រជាវិនាសដូចដានចាស់                            ខ្មែរអើយគួរខ្មាស់បរទេសផង។

No comments:

Post a Comment

ខ្មែរទន្លេតូច