Tuesday, April 22, 2014

រឿង អាយ៉ង


រឿង អាយ៉ង

តាប្រុញ ជាចាស់ព្រឹទ្ធាចារ្យអាយុជាង៧០ឆ្នាំម្នាក់។​គាត់ជាមន្រ្តីវប្បធម៌​ចូល និវត្សរ៍កាលពីយូរ មកហើយ តែគាត់នៅតែស្រលាញ់វិស័យ​សិល្បៈ។​គាត់​ជាអ្នកជំនាញ ខាងផ្នែកដាប់ និងឆ្លាក់ស្បែក​​គោ ធ្វើជាល្ខោន អាយ៉ង។
ថ្ងៃមួយ ខណៈគាត់កំពុងដាប់ដួចរាល់ដង ស្រាប់តែចៅប្រុសរបស់​គាត់​អាយុ១៣ឆ្នាំបាន​​មក​​លេង ហើយវាបានឈរមើលយ៉ាងយូរ មុន​សួរ​គាត់​ថា កំពុងធ្វើអី?។​ គាត់បាន​ប្រាប់ទៅវាវិញថា គាត់​​កំ​ពុងដាប់ ឆ្លាក់រូបអាយ៉ង សម្រាប់ ល្ខោនស្បែក។           ចៅរបស់តាប្រុញ នៅតែដេញដោលសួរថា តើ​​​​​ហេតុ​​​​​​​អីបានជាវាមាន​រូបរាងដូចជាមនុស្សដែរ?។ តាប្រុញប្រាប់ចៅថា មកពីមនុស្ស​​ជាអ្នកបង្កើតវា ជាអ្នករៀបចំកំណត់ភ័ព្វសំ​​​ណាងឲ្យវា។  វាមានរូបរាង គ្រាន់​តែស្រដៀង តែ​មិនដូចជាមនុស្សទេ។ វាមានមាត់ (តាប្រុញ និយាយដោយ​​យកដៃចង្អុល  បង្ហាញផង) មានត្រចៀក មានដៃ មានជើង មាន​​​ពោះ មានក្បាល មានសក់ មានភ្នែកដូចជា​​មនុស្សដែរ។ តែចៅត្រូវចាំណា ទោះបីជាវា​មាន​ដៃជើង និងមានអ្វីៗ មួយចំនួនដូចជាមនុស្សក៏ដោយ តែវា​​មិន​​​អាច​ធ្វើអ្វីបានដូចជា មនុស្សទេ ជើងវាមិនអាច​​​ដើរបាន ដូចមនុស្ស ដៃវាក៏មិន​​អាច​ធ្វើការ បានដូច​​ជា​​មនុស្ស មាត់វាមិនអាចហារស្តីបានដូច​​​ជា​​មនុស្ស ភ្នែកវា​មិន​អាចមើលឃើញអ្វីល្អអាក្រក់ដែរ ហើយវាអាច​ដើរបាន ឬធ្វើការបាន គឺដោយ​​សារការបញ្ជា ឬការញាក់ទាញពីមនុស្សប៉ុណ្ណោះ។ ជាពិសេស វាពុំមានខួរ​​ក្បាល សម្រាប់គិតដូច​​​ជា​​មនុស្សទេ។ មាត់វា និយាយតែតាមអ្វី ដែល​​មនុស្ស​​ញាក់ ឬទាញ រួមទាំងការ​​បញ្ចូល​​សំឡេងផង។ និយាយឲ្យចំ វាធ្វើអ្វីៗបាន តែតាមមនុស្សបញ្ជាប៉ុណ្ណោះ វាគ្មានវិញ្ញាណ គ្មានការពិ​ចារ​​​ណាអីដូច​​មនុស្ស​ទេ។ បើ​វាធ្វើអ្វីៗ តាមតែមនុស្សបញ្ជាចឹង តាខំប្រឹងធ្វើវាធ្វើអី? បានប្រ​​យោជន៍​អីទៅតា? (ចៅ របស់តាប្រុញសួរ)។ ភ្លាមនោះតាប្រុញឆ្លើយថា តាធ្វើ​វា ព្រោះវាបម្រើឲ្យផលប្រយោជន៍តា។ តាជា​​អ្នក​​​សិល្បៈ តាចូលចិត្តវា តាត្រូវតែអភិរក្សវា។ចុះចៅ ទៅថ្ងៃអនាគត ចង់ធ្វើដូចឧបករណ៍ អាយ៉ងនេះ​ទេ? ចៅតា​​​ប្រុញគ្រវីក្បាល ហើយឆ្លើយថា មិនទេតា ព្រោះមើលទៅអ្វីៗ ចាំតែ​ធ្វើតាមបញ្ជាគេ។ គេឲ្យ​​​យំ​​យំ គេឲ្យ​​សើចសើច ជួនគេឲ្យដើរ ទើបដើរ​បាន។បន្ទាប់មក ចៅតា ប្រុញ សួរមកតា​​ប្រុញ​​​វិញថា តា តើការ​​សម្រេចចិត្ត របស់ចៅត្រូវទេតា?។ តាប្រុញសើចញឹមៗ ហើយឆ្លើយថា ត្រូវម្យ៉ាងដែរ​ណា​ចៅ ព្រោះយើង​​ជាមនុស្ស មិនមែនជាអាយ៉ងឧបករណ៍ ល្ខោនស្បែករបស់​តំណែលពីបុរាណ​​​នេះទេ។ ចៅមានខួរត្រូវគិត មាន​​​ជើងត្រូវដើរ មានដៃ ត្រូវ​​ធ្វើការ មានមាត់ត្រូវតែនិយាយ និងមានភ្នែក ត្រូវតែមើល មានត្រចៀក ត្រូវ​​តែស្តាប់ មិនត្រូវ ចាំតែថាតាមគេ ចាំតែដើរតាម​​គេញាក់​​​ខ្សែ ដូចអាយ៉ងនេះ​​ទេ។ ចៅតាប្រុញញញឹម ហើយ​​ង​​​ក់ក្បាល ទទួល យកដំបូន្មានរបស់តាប្រុញ បាទ​​តា ខ្ញុំនឹងចាំសម្តីតា ជានិច្ច។អរគុណ លោកតា…។និយាយ​​ហើយ ចៅតា ប្រុញ ក៏ដើរចេញ​​​ទៅវិញ។

No comments:

Post a Comment

ខ្មែរទន្លេតូច