រឿងកំប្លែងខ្លី (
មាត់ម៉ែ គ្មានសំណាង )
យាយសួន
ជាស្រ្តីមេម៉ាយ រស់នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឆ្នាំនេះ
យាយសួនមានអាយុជាង៧០ឆ្នាំហើយ។ យាយសួនមានកូប្រុសពីរនាក់ ម្នាក់រស់នៅសហរដ្ឋអាមេរិច
និងម្នាក់រស់នៅភ្នំពេញ។ កូនប្រុសច្បងឈ្មោះសេរី របស់យាយសួន បានទៅរស់នៅសហរដ្ឋអាមេរិច
ក្រោយឆ្នាំ១៩៧៩ ចំណែកកូនប្រុសទីពីរឈ្មោះ សក្តិធំ របស់ យាយសួន បានធ្វើជាមន្រ្តីជាន់ខ្ពស់មួយរូប។
ប៉ុន្តែទោះជាយ៉ាងនេះក្តី យាយសួន នៅតែប្រឹងរស់តែម្នាក់ឯង ប្រកបរបរដកស្ទូង
ធ្វើក្អមឆ្នាំងជាប្រចាំ ដើម្បីចិញ្ចឹមជីវិតដដែល។ កូនប្រុសទីពីររបស់យាយសួន
យូរៗមកសួរសុខទុក្ខយាយសួនម្តង ឯកូននៅអាមេរិច យូរៗ
ក៏ផ្ញើប្រាក់បន្តិចបន្តួចមកម្តងដែរ។
ថ្ងៃមួយខណៈពេលមីងសួន កំពុងរៀបចំដុតក្អម
ឆ្នាំងរបស់កាត់ ស្រាប់តែរថយន្តម៉ាកឡង់គ្រីស័រ ស៊េរី២០១៣ ពណ៌ខ្មៅ
ពាក់ស្លាកលេខរាជការបានមកឈប់ចំពីមុខផ្ទះគាត់។ អ្នកបើកបរនៅក្នុងរថយន្ត
ចុចស៊ីផ្លេទីនៗ ដាក់យាយសួន។ យាយសួនអង់បន្តិច រួចងាកមើលមក អ្នកនៅក្នុងរថយន្ត។ ភ្លាមនោះ
កញ្ចក់រថយន្តក៏រអិលចុះក្រោម ហើយលេចចេញនូវរូបរាងបុរស
វ័យកណ្តាលម្នាក់សើចស្ញាញដាក់យាយសួន។ សំលេងស្រែកហៅមីងសួនក៏ព្រមជាមួយគ្នាដែរ ម៉ែ
...បើកទ្វាររបង បន្តិច ខ្ញុំចូលឡាន។
យាយសួន ដែលស្តាប់សំឡេងបានថា
ជាកូនប្រុសរបស់ខ្លួន បានស្ទុះយ៉ាងប្រញាប់ប្រញាល់មកបើកទ្វាររបងធ្វើពីឫស្សី
ដើម្បីឲ្យឡានចូល។ កូនប្រុសយាយសួន ក៏បរឡានចូលក្នុងទីធ្លាផ្ទះ
ដែលមានស្មៅលំងជាសួនផ្កាដុះជុំវិញ។ លុះរថយន្តចូលផុតហើយ យាយសួន ក៏ទាញទ្វាររបងបិទវិញ។
រថយន្តឈប់ភ្លាម ចៅៗ និងកូនប្រសារយាយសួន ចេញពីក្នុងរថយន្តមកភ្លាមៗដែរ។ យាយរត់វឹង
ដោយក្តីរីករាយទៅរកកូន និងចៅៗ។ មិនតាន់បានដាក់គូទ អង្គុយផង កូនប្រុសរបស់យាយសួន
បានហុចនំប៉័ងស្វតៗចំនួន១០ មកឲ្យយាយសួន។ យាយសួនទទួលយកពីកូនដោយទឹកមុខស្រេកឃ្លាន
និងស្រងាកចិត្តបន្តិចបន្តួចផង ព្រោះយាយសួនគិតថា នំប៉័ងពិតជាឆ្ងាញមែនហើយ
សម្រាប់អ្នកមានធ្មេញ។ តែចំពោះគាត់ ដែល ធ្មេញរង្គោះអស់គ្មានសល់មួយនេះ
បានអីនឹងទំពារទៅ?។ តែមិនថ្វីទេ បើធ្មេញទំពារមិនដាច់ បន្តិចទៀត យ៉ាងហោចកូន ទិញសាច់
ឬត្រីធំៗ មកធ្វើម្ហូបឆ្ងាញ់ៗ ចាំហូបសម្លវិញ។ កំពុងតែនឹកក្នុងចិត្ត
ស្រាប់តែកូនប្រុសរបស់យាយសួនបន្លឺឡើងទៀតថា ម៉ែ ...ថ្ងៃនេះ កូនប្រសារម៉ែ
ចង់ហូបសម្លកកូរត្នោត។ ម៉ែ ជួយទៅរកគេ ឲ្យមកកាវត្នោតអន្តិចមកម៉ែ។ យាយសួន ដែលកំពុង
សង្ឃឹមលើម្ហូបអាហារ ដែលកូនយកមកពីភ្នំពេញ ក៏ធ្លាក់ទឹកចិត្តក្តុកម្តងទៀត
តែយាយសួននៅតែឆ្លើយទៅកូនដោយញញឹម។ មិនអីទេកូន ចាំម៉ែទៅប្រាប់គេឲ្យ។
និយាយចប់យាយសួន ក៏ដើរទៅរកអ្នកភូមិ ឲ្យឡើងកាប់ផ្លែងត្នោតខ្ចីល្មមស្លឲ្យ។
លុះកាប់ហើយ យាយសួន ក៏ឲ្យគេជួយលី យកមកផ្ទះ។ ពេលយកមកដល់ផ្ទះ យាយសួន ក៏ចាប់ផ្តើម
ចិតផ្លែត្នោតស្តើងៗ សម្រាប់ស្ល។ ចិត្តត្នោតបណ្តើរ យាយសួនលេបទឹកមាត់បណ្តើរ
ព្រោះគាត់នៅតែនឹកឃើញ ជើងជ្រូកខ ឬសម្លស្ងោរជ្រក់បង្គងជាដើម។
ចិតរួចយាយសួនក៏ដើរបេះបន្លែធម្មជាតិ ដែលដុះតាមរបងផ្ទះមកលាយបន្ថែម ដើម្បីស្លឲ្យកូន
កូនប្រសារ និងចៅសំណព្វរបស់គាត់ហូប។ ក្រោយពីទទួលទានបាយហើយ ពួកគេ ក៏ប្រះខ្លួនសម្រាកក្រោមដើមឈើមុខផ្ទះលង់លក់យ៉ាងស្កប់ស្កល់។
ប្រហែលពីរម៉ោង ក្រោយមកពួកគេក៏ក្រោកវិញ ហើយធ្វើដំណើរមកភ្នំពេញវិញ។
យាយសួន ដែលស្រលាញ់កូនចៅ និងដោយគិតឃើញថា
កូនៗ ចូលចិត្តសម្លត្នោត គាត់ក៏យកផ្លែត្នោត
ដែលសល់ពីស្លទំាងអស់ដាក់គូទឡានឲ្យកូនយកមកគ្រាន់ស្លនៅភ្នំពេញ។ ពេលឡានចេញផុត យាយសួន
នឹកគិតក្នុងពោះម្នាក់ឯងថា កូនអើយ ...មាត់ម៉ែ គ្មានសំណាងទេ។ គិតហើយ យាយសួន
ក៏ដើរត្រឡប់មកក្នុងផ្ទះវិញ។ ពីរថ្ងៃក្រោយមក យាយសួនទទួលដំណឹងថា ចៅប្រុសរបស់គាត់
កើតជំងឺគ្រុនក្តៅ។ គាត់ក៏ប្រញាប់ធ្វើដំណើរ ឡើងមកភ្នំពេញជាបន្ទាន់។ សោយសារមិនចង់ឲ្យកូនប្រុសពិបាក
យាយសួនបានឡើងជិះរថយន្តឈ្នួល អង្គុយប្រជ្រៀត ជាមួយអ្នកដំណើរដទៃទៀត ដែលចង្អៀតណែនប៉ែះស្ទើររកខ្យល់ដកដង្ហើមមិនបាន។
ពេលមកដល់ផ្ទះកូននៅភ្នំពេញ យាយសួន នៅអង្គុយមើលថែចៅ ជាងកូនៗ គាត់ បង្កើតទៅទៀត។
ខណៈពេលកំពុងយកក្រមារសើមជូតខ្លួនឲ្យចៅ យាយសួននឹកគិតក្នុងចិត្តបណ្តើរថា ពេលនេះ
ថ្ងៃនេះ មាត់របស់គាត់នឹងលែងស៊យទៀតហើយ ព្រោះយ៉ាងហោចណាស់ ក៏កូនប្រុសរបស់គាត់
ទិញម្ហូបឆ្ងាញ់ សម្រាប់គាត់ពិសារដែរ។ បន្តិចក្រោយមក កូនប្រុស
និងកូនប្រសារគាត់ក៏មកដល់។ គាត់ប្រុសរបស់យាយសួន
បានបញ្ចេញស្នាមញញឹមយ៉ាងពព្រាយដាក់យាយសួន
យាយសួនក៏បង្ហាញស្នាមសើចឥតលាក់លៀមទៅកូនវិញដែរ។ មិនបង្អង់យូរ កូនប្រុសយាយសួន
បាននិយាយមកកាន់យាយសួនមុនថា ម៉ែ...ម៉ែស្លកកូរថ្ងៃមុនឆ្ងាញ់ណាស់។ ត្នោតខ្ចី
ដែលម៉ែឲ្យកូននោះ មិនទាន់អស់ទេ កូនចង់ឲ្យម៉ែ ស្លម្តងទៀត។ ឮ សម្តីកូនដូច្នេះ យាយសួន
ស្រងាកចិត្តម្តងទៀត តែនៅតែញញឹម និងឆ្លើយទៅកូនថា មិនអីទេ កូន ឲ្យតែកូនត្រូវការ
ម៉ែបំពេញបំណងកូនបានទាំងអស់។ ឆ្លើយហើយ យាយសួន នឹកក្នុងចិត្តទៀតថា កូនអើយ មាត់ម៉ែ
គ្មានសំណាងទេ។ គិតហើយ យាយសួនក៏ក្រោកទៅយកត្នោតមកចិត្ត ដើម្បីស្ល សម្រាប់កូន
កូនប្រសារ និងចៅសំណព្វ។ យាយសួន បានបំពេញតួនាទីជា ម្តាយ ជាម្តាយក្មេក
និងជាជីដូនដ៏ល្អសម្រាប់ពួកគេ។ បន្ទាប់មក ក្រោយពីចៅប្រុសរបស់ គាត់ បានជាសះស្បើយហើយ
យាយសួន ក៏លាកូនប្រុស កូនប្រសារ និងចៅត្រឡប់ទៅស្រុកកំណើតវិញ។ បីខែក្រោយមក
កូនប្រុសច្បងរបស់យាយសួន ឈ្មោះលោកសេរី ក៏ធ្វើដំណើរ មកលេងស្រុកខ្មែរ តែលោកសេរី
មិនបានមកស្នាក់នៅជាមួយយាយសួនទេ ព្រោះគេមិនចេះរស់នៅទីជនបទ ដែលងងឹតគ្មានអគ្គិសនី
គ្មានម៉ាស៊ីនត្រជាក់។ លោកសេរី បានជួលរថយន្តឈ្នួលបែបទំនើបមួយគ្រឿង
ឲ្យមកដឹកយាយសួនយកទៅភ្នំពេញ។ លោកសេរី ជួលសណ្ឋាគារលំដាប់ផ្កាយប្រាំ
សម្រាប់ស្នាក់នៅម្នាក់ឯង។ យាយសួន ពេលទទួលដំណឹងនេះ នឹកអរក្នុងចិត្តព្រួចថា
កូនប្រុសច្បងនេះ នឹងមិនធ្វើឲ្យមាត់របស់គាត់គ្មានសំណាងទៀតទេ។ យាយសួន បានរៀបចំខ្លួន
ធ្វើដំណើរមកភ្នំពេញយ៉ាងប្រញាប់។ ពេលឡើងដល់សណ្ឋាគារ យាយសួន ត្រូវបានលោកសេរី ជូនទៅបន្ទប់មួយ
ដាច់ដោយឡែកទៀត និងបានជម្រាបយាយសួន ឲ្យងូតទឹក រៀបចំខ្លួន
ដើម្បីចេញទៅទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានដ៏ទំនើប មួយ កន្លែងនៅព្រែកលាភ។
មិនយូរប៉ុន្មាន តាមមធ្យោបាយរថយន្តតាក់ស៊ី លោកសេរី ក៏នាំយាយសួនមកដល់ភោជនីយដ្ឋាន
ដែលគាត់កុម្ម៉ង់ទុក។ ក្នុងភោជនីយដ្ឋាន ដែលពាក់កណ្តាលអឺរ៉ុប ពាក់កណ្តាលអាស៊ី
យាយសួនអង្គុយយ៉ាងស្ងប់ស្ងាត់នៅតុ ដែលលម្អដោយដើមផ្កាចម្រុះពណ៌
រួមទាំងមាននារីក្មេងៗ ស្លៀកពាក់ស្អាតៗ ឈររហង់រង់ចាំបម្រើផងដែរ។ ឃើញយាយសួននៅស្ងៀម
លោកសេរី ប្រាប់យាយសួនថា ម៉ែ ...សូមចាំបន្តិច ម្ហូប កូនកុម្មម៉ង់រួចហើយ បន្ហតិចទៀត
គេលើកមកជូនម៉ែពិសារហើយ។ យាយសួនក៏តបវិញ មិនអីទេកូន ម៉ែ មិនទាន់ឃ្លានប៉ុន្មានទេ។ ភ្លាមនោះ
ម្ហូបបីមុខ ក្តៅហុយៗបានចេញមកព្រមគ្នា។ ដោយសារ ភ្នែកមើលមិនសូវច្បាស់ យាយសួន
បានសួរទៅកូនប្រុសថា កូនអានេះ ម្ហូបអីគេ ម៉ែដូចជាមើលមិនច្បាស់?។ លោកសេរី
តបទៅយាយសួនវិញយ៉ាងប្រញាប់ថា អូហ៍ម៉ែ...អានេះ គឺតុមយ៉ុំាខ្យង អានេះ ឆារក្តៅខ្យង ហើយអាមួយមុខនេះ គឺខ្យងចំហុយគ្រឿង។ ម្ហូបទំាងនេះ
ឆ្ងាញ់ណាស់ កូនទៅនៅស្រុកគេ កូនខានហូបវាយូរហើយម៉ែ។ កូនចង់ហូបវា។ ឃឹស...យាយសួន
ឈ្លក់ទឹកមាត់ ដោយនឹកអស់សំណើចផង ហួសចិត្ត និងមាត់គ្មានសំណាងរបស់ខ្លួនផង។
យាយសួនឆ្លើយទៅវិញ អូហូ...ម៉ែស្គាល់ហើយ។ ឆ្លើយហើយ យាយសួននឹកក្នុងចិត្តទៀត សង្ស័យ មាត់ម៉ែ
គ្មានសំណាងទេកូន។ យាយសួនទ្រាំលេបបាយលាយសម្ល ដែលស្ទើរ ពេញមួយជីវិតរបស់
គឺម្ហូបខ្យងស្ងោរនេះហើយ។ លុះក្រោយពេលបាយរួចហើយ លោកសេរី
បានហៅអ្នកលើកម្ហូបឲ្យមកក្បែរ រួចប្រាប់ថា យកបង្អែមជាតិឲ្យខ្ញុំ។ ឮថាបង្អែមជាតិ យាយ
សួនលួចញញឹម និងអរព្រួចក្នុងចិត្តម្នាក់ឯង។ ឯអ្នកលើកម្ហូប ក៏ដើរចេញទៅ។ បន្តិចក្រោយមក
ពួកគេក៏លើកបង្អែមពីរចានតូចៗចូលមក។ យាយសួន ធ្លាក់ទឹកមុខ ធ្វើមុខជូរហួញ ពេលឃើញបង្អែមក្នុងចានទាំងពីរមានចេកទុំ
និងមានឪឡឹក។ យាយសួននឹកក្នុងចិត្តថា បង្អែមទាំងនេះ ក៏ម៉ែ ហូបសឹងតែមិនលោះថ្ងៃទេ។
មានថ្ងៃខ្លះ ម៉ែហូបវាជំនួសបាយផង។ ចែំណែកលោកសេរី ដែលមិនបានដឹង
និងយល់ពីអារម្មណ៍យាយសួន ក៏គិតតែពីពមឃ្មមៗ រួចនិយាយអួតថា ម៉ែ...ចេកទុំ
និងឪឡឹកនៅអាមេរិច ថ្លៃណាស់ ហើយច្រើនតែជាផ្លែឈើក្លាសេទុកទៀត។
មិនមែនធម្មជាតិដូចនៅស្រុកយើងទេ។
យាយសួនងក់ក្បាលយល់ស្របតាមកូន។ ស្អែកឡើង ម៉ោងប្រមាណជា១០ ព្រឹក លោកសេរី បាននាំយាយសួនធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋាន
ជាយក្រុងភ្នំពេញ។ នៅតាមផ្លូវ រទេះរុញលក់លៀសហាលជាច្រើន បានធ្វើដំណើរបន្តកន្ទុយ
គ្នាពីចម្ងាយ។ ឃើញដូច្នេះ លោកសេរី សួរយាយសួនថា ម៉ែ នេះជាក្បួនអីទៅ?។ យាយសួន
អស់សំណើច ហើយប្រាប់ថានេះ ជាក្បួនរបស់អ្នកលក់លៀសហាលណាកូនប្រុស។ នៅស្រុក យើង មិនខ្វះទេ
រូបភាពប្លែកៗ មិនមែនមាននៅតែអាមេរិចទេ។ ឮម្តាយពោលដូច្នេះ លោកសេរី
ក៏ឲ្យអ្នកបើកតាក់ស៊ីអែបទៅក្បែរអ្នកលក់លៀសហាល
ហើយទិញលៀសហាលបីកំប៉ុងសម្រាប់ហូបជាមួយបាយ។ លោកសេរីអួតទៀតថា នៅអាមេរិច
គ្មានលៀសហាលទេម៉ែ ហើយបើទោះជាមានក៏ពិបាករកទិញដែរ ព្រោះត្រូវជិះរថយន្តរាប់គីឡូម៉ែត្រទើបដល់។
យាយ សួន លាន់មាត់បន្ទរ អូហ៍ អញ្ចឹងឬកូនប្រុសម៉ែ?។ នៅពេលទិញលៀសហាលហើយ ពួកគេក៏
បន្តដំណើរទៅមុខទៀត។ ពួកគេ បានចូលទៅកម្សាន្ត នៅរមណីយដ្ឋាមួយកន្លែង ហើយនៅទីនេះ
លោកសេរីបានកុម្ម៉ង់ ម្ហូបមានដូចជាកំពឹសលីងមួយចាន ខ្ចៅស្ងោរមួយចានធំ និងគ្រុំស្ងោរ
ជ្រលក់ទឹកប្រហុកមួយចាបដែរ។ ដោយអត់ទ្រាំនឹងមុខម្ហូបមិនបាន
យាយសួនក៏នឹកក្នុងចិត្តទៀតថា កូនអើយ ពេលនេះ មាត់ម៉ែ ពិតជាគ្មានសំណាងមែនហើយ
ដួលសន្លប់ រកកលដាច់ខ្យល់ស្លាប់។ ឃើញយាយសួនបែបនេះ លោកសេរី
ក៏ប្រញាប់នាំយាយសួនមកមន្ទីរពេទ្យ នៅភ្នំពេញ។ នៅក្នុងបន្ទប់ពេទ្យ លោកសេរី
និងលោកស័ក្តិធំ បានទិញផ្លែងឈើ ទឹកផ្លែឈើ និងរបស់របរម្ហូបអាហារឆ្ងាញ់ៗជាច្រើនទៀតមកឲ្យ។
យាយសួន ដែលដៃជាប់ស៊េរ៉ូម បាននិយាយខ្សឹបៗ ប្រាប់កូនប្រុសទំាងពីរថា
កូនអើយ...មាត់ម៉ែគ្មានសំណាងទេ។ និយាយហើយ យាយសួន ដ៏អស់ដង្ហើម បាត់សំឡេង
លែងកម្រើកទៅ។ ចំណែក លោកសេរី និងលោកស័ក្តិ ធំ បានទ្រហោរយំចំពោះមុខម្តាយ
ដែលបាត់បង់ជីវិតទៅដោយសោកស្តាយ។
(
ចប់ )
រឿងនេះ ដកស្រង់ពីគេខ្លះ ច្នៃថែមខ្លួនឯងខ្លះ។
No comments:
Post a Comment