Thursday, April 3, 2014

ស្មោះត្រង់ បង់ឋានៈ (វគ្គ១)



ស្មោះត្រង់ បង់ឋានៈ (វគ្គ១)

សារុន អាយុជាង៤០ឆ្នាំ ជាអភិបាលខណ្ឌថ្មី តែងរាជរដ្ឋាភិ បាលទើបនឹងបង្កើតថ្មី។ ដើម្បី​រៀប​​ចំខណ្ឌ​ឲ្យបានល្អ សារុនបានហៅមន្រ្តី​ពាក់​ព័ន្ធមក ប្រជុំជាប្រចាំក្នុងការរចនា ឬធ្វើគម្រោង ឬប្លង់​​​​សម្រាប់​ខណ្ឌ​ថ្មី​មួយនេះ។  បីខែ​ក្រោយ​មកសារុន ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើ​ពុក​​​រលួយ ពីបទប្រព្រឹត្ត​អំពើពុករលួយ។ នៅពេល​ចាប់ខ្លួនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះ​​​គេគិតថា លោកសារុនធ្វើ​អ្វីៗក៏ដើម្បីឲ្យខណ្ឌល្អដែរ តែដឹងអី​ពេលនេះ ប្រព្រឹត្តអំពើពុក​​រលួយ​​សោះ។ លោកសារុន ត្រូវបានគេ​ដក ហូតមុខតំណែងជាអភិបាលខណ្ឌភ្លាមៗ។
នៅចំពោះមុខចៅក្រមស៊ើបសួរ លោកសារុន បានបដិសេធថា លោកមិនបានធ្វើ​​អំពើថោក​ទាប ដូចការចោទ​ប្រកាន់ទេ ប៉ុន្តែ អ្វីដែលលោក ធ្វើ គឺដើម្បីឲ្យខណ្ឌរបស់លោក មានសណ្តាប់ធ្នាប់ មានរបៀប​រៀបរយ និង ស្អាតស្អំ​ជាង​គេប៉ុណ្ណោះ។ លោកសារុន ប្រាប់ចៅក្រមថា លោក​មិនបាន ដឹង ថា គេចាប់ខ្លួន​លោក​ដោយសារអ្វីទេ ហើយបាន​ស្នើសុំ ទៅចៅក្រមឲ្យលោកបាននៅក្រៅឃុំ តែ​លោក​​ចៅក្រម មិនអនុ​ញ្ញាត ហើយ​បានបញ្ជូន លោកសារុនទៅ​ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់​ចាំការ​​កាត់ទោស។ 
បីខែក្រោយមកទៀតនៅក្នុងសវនាការ ដែលមានអ្នក​កាសែត​​ចូល រួមផង លោកសារុន បាន​​ប្រាប់ទៅ​ចៅ​ក្រមជំនុំជម្រះថា លោកពិតជា មិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់​នោះ​ទេ។ លោក​ពិត​ជាស្អាតស្អំ ហើយបើលោកពិតជាបានប្រព្រឹត្តដូចគេ​ចោទប្រកាន់មែននោះ លោក ស្នើឲ្យតុលាការ ដាក់គុក​លោកអស់មួយជីវិត ហើយរឹបអូសទ្រព្យសម្បត្តិ លោកទាំងអស់ចុះ។ សាក្សី​​​ជានគរបាលខណ្ឌ អាវុធហត្ថ​ខណ្ឌ និងមន្រ្តី សាធារណៈខណ្ឌ ក៏លើកឡើង ដូចលោកសារុនដែរថា លោកសារុនស្អាតស្អំ។ចៅក្រមបាន​សូត្រពីកំហុសរបស់លោកសារុនចំពោះ​ការសុំបើកភោជនីយដ្ឋាន របស់ស្រ្តីម្នាក់ ដែលជាសាច់ញាតិរបស់​អ្នក​មានអំណាច កំពូលមួយរូប។  នៅពេលចៅក្រម​បង្ហើប​​​​ពីកំហុសនោះ ទើបលោកសារុនដឹងថា នោះ​ហើយ​​គឺជាកំហុសរបស់លោ ព្រោះលោកមិនព្រម​​ទទួល​​​យក​ការ​សូកប៉ាន់របស់គេ។ លោកសារុន​ពន្យល់ថា ស្រ្តីនោះបានមកសុំគាត់ដើម្បីបើក ភោជនីយដ្ឋាន​​មួយ។ គាត់ថា គាត់មិន​បានរារាំងទេ ព្រោះជាសិទ្ធិរបស់​ពលរដ្ឋ ក្នុងការធ្វើអាជីវកម្ម ប៉ុន្តែ លោកបានសួរទៅស្រ្តីវិញថា តើកន្លែង ចង់បើក​ភោជនីយដ្ឋាននោះ មានទី​តាំងសម្រាប់ចត​យាន​​​យន្តទេ? មានផាសុខភាពសម្រាប់អ្នកចូលហូបចុកទេ? ចំពោះអា​ហារ ដែលផ្តល់ឲ្យអតិថិជន នោះ ធានាថា មិនប៉ះពាល់ដល់សុខភាពអ្នកហូបទេ?។ និយាយឲ្យចំ តើម្ចាស់ភោជនីយ​ដ្ឋានមាន​ការទទួលខុសត្រូវប៉ុណ្ណាដែរ?។ ម្ចាស់ភោជនីយដ្ឋានបានប្រាប់ថា មិនបញ្ហាទេ ចំពោះសុវត្ថិភាព​​ចំណី​​​​អាហារ ប៉ុន្តែ ទីតាំងចតយានយន្តពិតជាគ្មានទូលំទូលាយទេ។ លោកសារុន ប្រាប់វិញថា បើ​​អញ្ចឹងមិន  អនុញ្ញាតឲ្យ​បើកទេ ព្រោះបច្ចុប្បន្នតាមដងផ្លូវត្រូវកកស្ទះចរាចរណ៍ គឺដោយសារ​​​ភោជនីយដ្ឋានមួយចំនួន បណ្តោយ​ឲ្យគេចតយាន​យន្ត​ផ្តេស​​ផ្តាស​ពាស​វាលពាសកាល គ្មាន​សណ្តាប់​​ធ្នាប់នេះហើយ។ លោកសារុនប្រាប់លោក​ចៅក្រមទៀតថា បន្ទាប់​មកស្រ្តីនេះបានយកស្រី​​​ក្មេងមកឲ្យលោក ដើម្បីជាថ្នូរបើកភោជនីយដ្ឋានេះដដែល តែលោកនៅតែមិនអនុញ្ញាត។ លោកថា ក្រោយទៀត ស្រ្តីនេះយកប្រាប់រាប់ម៉ឺនដុល្លារឲ្យលោក ក៏លោកនៅ​តែមិនព្រមហើយលោក​​​ស្នើទៅ​​ស្រ្តី​​នេះ​វិញ តែមួយគត់ គឺត្រូវមានទីកន្លែងចតយានយន្តឲ្យបានត្រឹមត្រូវ ហើយធានាចំពោះមុខ​​ច្បាប់​​ថា ភោជនីយដ្ឋាន​មួយ​នេះ នឹង​មិនធ្វើឲ្យកកស្ទះចរាចរ ដល់អ្នកធ្វើដំណើរឆ្លង​កាត់ទីនេះនោះទេ។ សំណើនេះ ធ្វើឲ្យស្រ្តីនេះខឹង ហើយក៏​ចាកចេញទៅ រំលេងបានប៉ុន្មានថ្ងៃលោកក៏ត្រូវ​គេ​ចាប់ខ្លួន​ទៅ។ លោកសារុន ពន្យល់ថា អ្នកណាក៏គេស្គាល់​ស្រ្តី​នេះ​ដែរ ថាជាអ្នកណា?។
ក្រោយពីពិចារណាយ៉ាងម៉ត់ចត់ តុលាការ ក៏បានសម្រេច ដោះ​លែង​លោកសារុនឲ្យរួចខ្លួន ប៉ុន្តែ លោក​​សារុន បានបាត់បង់ការងាររបស់លោក។ ចំណែកចៅក្រមរូបនេះ ក្រោយពីកាត់ក្តីឲ្យ​​លោក​​​សារុនរួច​ខ្លួន និងសម្រេច​ឲ្យ​រដ្ឋសងជំងឺចិត្តលោកសារុនរួចមក លោកក៏ត្រូវបានគេ ដកហូត​​​តំណែង ពីចៅក្រម​សាលា​ដំបូងភ្នំពេញទៅ ជាចៅ​ក្រមសាលាដំបូងខេត្តវិញដែរ។

No comments:

Post a Comment

ខ្មែរទន្លេតូច