Thursday, April 3, 2014

(ប្រាក់៥០០០រៀល)



(ប្រាក់៥០០០រៀល)
ប្រាក់៥០០០រៀលជារឿងរ៉ាវរបស់ប៉ាខ្ញុំ។ ប៉ាខ្ញុំជាមន្រ្តីនគរបាលចរាចរណ៍​ជើងគោក ក្នុងរាជធានីភ្នំពេញ។ ឯខ្ញុំជា​កូនស្រីទីពីរ បន្ទាប់ពីបងស្រីម្នាក់ទៀតក្នុងត្រកូលរបស់ប៉ា ដែលមានកូន៥នាក់។ ឆ្នាំនេះ ខ្ញុំមានអាយុ ១៦ឆ្នាំ​ហើយ ទោះបីខ្ញុំមិនមានចំណេះដឹងជ្រៅជ្រះ តែខ្ញុំអាចយល់ដឹងខ្លះៗ ពីអំពើល្អ ឬមិនល្អ។ ខ្ញុំមិន​ដែលសប្បាយចិត្តទេ ចាប់ពីខ្ញុំចូលរៀនថ្នាក់ទី១១មក។ មិត្តភក្តិក្នុងថ្នាក់ តែងតែដើរគេចពីខ្ញុំ នៅពេល​ពួកគេដឹងថា ប៉ារបស់ខ្ញុំជានគរបាលចរាចរណ៍ ជើងគោក។ ពួកគេគិតថា ប៉ា ជាមនុស្សអាក្រក់ តែខ្ញុំមិន​យល់​ដូចពួកគេទេ ព្រោះប៉ាជាមនុស្សល្អ ជាមនុស្សស្រលាញ់គ្រួសារ។ ប៉ាមិនមែនជាមនុស្ស​ឃោរ​ឃៅណាស់ណាទេ។ តែសកម្មភាព របស់មន្រ្តី នគរបាលមួយចំនួន និងប៉ា ធ្វើឲ្យមនុស្សទូទាំង​ប្រទេស​ស្អប់ និងខឹងសម្បារចំពោះនគរបាលចរាចរណ៍ជើងគោក។ ខ្ញុំដឹងថា ពេលខ្លះប៉ាទៅចាប់ផាកម៉ូតូ ប្រ​តាយប្រតប់ជាមួយ គេយកប្រាក់ ជួនកាល៣០០០រៀល ពេលខ្លះបាន៥០០០រៀល គឺធ្វើដោយបង្ខំ​ចិត្តទេ។ ប៉ាគ្មានបំណងធ្វើដូចនេះឡើយ។
ពេលខ្លះ ខ្ញុំនិងម៉ាក់ អង្វរប៉ាដែរ ថាកុំឲ្យប៉ាធ្វើដូច្នេះទៀត តែប៉ាប្រាប់ថា បើមិនធ្វើ ថ្នាក់លើ ឬមេរបស់​ប៉ាមិនសប្បាយចិត្តទេ ដូច្នេះ ទោះចង់មិនចង់ ប៉ាត្រូវតែបង្ខំចិត្តធ្វើ។ ការពិតរឿងនេះ ខ្ញុំបានដឹងយ៉ាង​ច្បាស់​ថា ប៉ា ប្រឹងប្រែង គឺដើម្បីយកប្រាក់មួយផ្នែកទៅបង់ឲ្យថ្នាក់ ឬមេ មួយផ្នែកយកមកចែកគ្នា ដែលជា​មន្រ្តីនគរបាលដូចគ្នា ហើយផ្នែកទាំងនេះ ប៉ាយកមកសម្រាប់ផ្គត់ផ្គង់ទ្រទ្រង់ជីវភាពគ្រួសារ ក្នុងនោះ សម្រាប់បង់ឲ្យគ្រូពេលខ្ញុំនិងបងប្អូនខ្ញុំទាំងអស់ និងមួយចំនួនទៀត សម្រាប់ម៉ាក់ ទិញម្ហូប ឬប៉ាទុកចាយ​ខ្លួន​ឯងខ្លះ។
ខ្ញុំមិនចង់និយាយរឿងនេះទេ។ ខ្ញុំនឹកឃើញថ្ងៃមួយ ដើម្បីបានប្រាក់ចំនួនឲ្យថ្នាក់លើ ឬមេរបស់ប៉ា បាន​ទៅ​ញុំាគុយទាវព្រឹក ប៉ានស្ទុះ យ៉ាងប្រញាប់ទៅឃាត់ចាប់ម៉ូតូធុនធំមួយ ដែលមិនពាក់មួកសុវត្ថិភាព និងបើកបរដោយបុរសចំណាស់វ័យក្មេងជាងប៉ាបន្តិច។ ដោយសារល្បឿន និងកម្លាំងម៉ូតូ ម៉ូតូបានបុក​ជើង​ប៉ាពេញទំហឹងដោយអចេតនា ធ្វើឲ្យប៉ាដួល បោកក្បាលជង្គង់ និងក្បាល ទៅលើថ្នល់ ដែលមាន​មនុស្សដ៏ច្រើនកុះករ កំពុងធ្វើដំណើរ។ អ្នកដំណើរខ្លះ នាំគ្នាសើច និងដាក់បណ្តាសារប៉ាថា ងាប់ឲ្យ​ស្រឡះ​ទៅ ពួកអាថោកទាបថោកទាបណាស់ឃើញ ម៉ូតូអត់កញ្ចក់ ម៉ូតូអត់មួកមិនបាន ដូចឃើញ​សាច់ជ្រូកបីជាន់ ដូចឃើញសាច់គោជាប់ខ្លាញ់។ ពួកគេ មិនបាននាំគ្នាមកគ្រាប៉ាដែលដួលទេ តែបាន​ម្ចាស់​ម៉ូតូធំ ដែលប៉ាហៅ ស្ទុះចុះពីលើម៉ូតូមកជួយលើក។
គ្រោះថ្នាក់នេះ បានធ្វើឲ្យក្បាលជង្ងគង់ប៉ាបែក ហើយវាក៏ធ្វើឲ្យពិការអស់មួយជីវិតដែរ។ ការពិតប៉ា មិន​មែន​ជាមនុស្ស ឬមន្រ្តីនគរបាលថោកទាប ដូចពួកគេនិយាយ និងដាក់បណ្តាសារទេ។ ប៉ា ពិតជា​មនុស្សល្អណាស់។ ប៉ាជាមនុស្សស្រលាញ់គ្រួសារ ស្រលាញ់ប្រពន្ធកូន។ ប៉ាមិនដែលវាយធ្វើបាប ឬស្តី​បន្ទោសប្រពន្ធពេលពួកយើងធ្វើខុសទេ ហើយប៉ាក៏មិនមែនជាមនុស្សដើលេង ផឹកស៊ីយប់ព្រលប់ដែរ។ ពួកគេមិនយល់ពីការងារកិច្ចការសង្គមទេ។ ខ្ញុំជឿថា ប្រសិនបើពួកគេ ជាប៉ា ក៏ពួកគេធ្វើដូចប៉ា ឬអាច​ប្រ​ព្រឹត្តខុសច្រើនជាងប៉ាផងក៏ថាបាន។ ឥឡូវនេះ ប៉ាក្លាយជាជនពិការ សម្រាកនៅមន្ទីរពេទ្យហើយ គ្រួសារ មិនដឹងថា តើគួរតែធ្វើបែបណាទៀតទេ ដើម្បីបានរៀនចប់ និងរកការងារផ្សេងធ្វើ កុំឲ្យជាប់ងារ​អាក្រក់​ដូចប៉ាទៀត។
ដោយសារតែប្រាក់៥០០០រៀល បានត្រូវពិការអស់មួយជីវិត គ្រួសារ ជួបការលំបាកកាន់តែខ្លាំង។ តែ​ទោះ​យ៉ាងណា ក្នុងនាមជាកូនមន្រ្តីនគរបាល និងជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមឲ្យបងប្អូនប្រជាពល​រដ្ឋកុំ​ខឹងនឹងមន្រ្តីនគរបាល ដែលបានធ្វើទង្វើមិនគប្បីមក លើបងប្អូនអី ព្រោះពេលខ្លះពួកគាត់ធ្វើទាំងបង្ខំចិត្ត ឬធ្វើដោយមិនដឹងខ្លួនទេ។ តែសំណូមពរនេះ ក៏មិនមែនខ្ញុំមានចេតនា ជំរុញឲ្យពូៗនគរបាលប្រព្រឹត្ត​ខុស​កាន់តែច្រើនទៀតដែរ។ បើពូៗ ដឹងថា សកម្មភាពរបស់ខ្លួនជ្រុលហួសទៅហើយនោះ ពូៗ គួរតែបញ្ឈប់ ឬកាត់បន្ថយទៅ។ យើងជាខ្មែរដូចគ្នា គួរយល់យោគអធ្យាស្រ័យគ្នា ពិភាក្សាគ្នា ដោយក្តីគោរពគ្នា​ទៅវិញ​ទៅមក ដោយគ្មានគំនិតកេងចំណេញ ប្រមាថ និងចងអាឃាដ។ អ្នខុសគួរទទួលយកការណែនាំ អ្នកត្រូវ គួរណែនាំ អប់រំគេដោយទឹកចិត្តស្រលាញ់ ដោយក្តីមេត្តាករុណា និងដោយស្នាមញញឹម។ តាមរយៈ​ការ​រៀបរាប់នេះ ខ្ញុំសង្ឃឹមថា សំណូមពរនេះ នឹងបានទៅដល់មនុស្សគ្រប់គ្នា នៅប្រទេសកម្ពុជា។
 រឿងនេះ ដកស្រង់ចេញពីហ្វេសប៊ុករបស់អ្នកនិពន្ធសំរែ ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៣

No comments:

Post a Comment

ខ្មែរទន្លេតូច