រឿងស្មោះត្រង់
បង់ឋានៈ (វគ្គ២)
បន្ទាប់ពីត្រូវដកហូតតំណែងជាអភិបាលខណ្ឌច្បាអំពៅរួចមក
សារុនបានទៅសម្ងំរស់នៅជាមួយភរិយារបស់គាត់នៅឯជាយក្រុង។ លោកសារុន វ័យ៤៣ឆ្នាំ
ត្រូវរស់នៅក្រោមការ ចំណាយថវិការបស់ភរិយារបស់គាត់
តែគាត់មិនដែលអស់សង្ឃឹមក្នុងជីវិតម្តងណាឡើយ ក្នុងការតស៊ូរស់នៅប្រចាំថ្ងៃ។ សារុន
តែងតែទៅហូបការហ្វេ មើលកម្វិធីប្រដាល់ ឬបាល់ទាត់ ជាមួយអ្នកភូមិជាយក្រុងយ៉ាងស្ងប់ស្ងាត់
ប្រៀបបានជាមនុស្សសាមញ្ញម្នាក់។ ពេលខ្លះ សារុន អង្គុយស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះការវិភាគនយោបាយ
និងមតិរិះគន់របស់អ្នកភូមិ។ ពេលខ្លះលោកសារុនងក់ក្បាលហាក់បង្ហាញពីការយល់ស្របចំពោះការលើកឡើងរបស់អ្នកភូមិ។
លោកសារុន មិនដែលជំទាស់ ឬប្រមាថរាល់ការលើកឡើងនេះទេ ប៉ុន្តែជាទូទៅលោកសារុន
តែងតែលើកយកគំនិតអ្នកភូមិទាំងនេះ មកពិចារណា និងពិភាក្សាជាមួយភរិយា
ដ៏មានសម្រស់របស់លោក។ ភរិយារបស់លោកសារុន ក៏តែងតែគំាទ្រ និងលើកទឹកចិត្តលោកសារុនផងដែរ
ព្រោះខ្លាចលោកសារុនបាក់ទឹកចិត្ត ក្រោយពីធ្លាក់តំណែង
ធ្វើឲ្យលោកសារុនរីករាយជានិច្ចទោះបីជាគ្មានអំណាចក្តី។
ព្រឹកថ្ងៃមួយ
ខណៈពេលលោកសារុនកំពុងអង្គុយទទួលទានគុយទាវ កាហ្វេ ជាមួយ អ្នកភូមិដូចរាល់ដង
ស្រាប់តែក្រុមនគរបាលព្រហ្មទណ្ឌមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ
រួមជាមួយព្រះរាជអាជ្ញាផងបានមកដល់ ហើយចាប់ខ្លួនលោកសារុនម្តងទៀត។ លោកព្រះរាជអាជ្ញាបានប្រាប់លោកសារុនថា
លោកសារុនត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ កាលពីកំពុងមានអំណាច
ហើយការចាប់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
ដែលទទួលពាក្យបណ្តឹងតពីស្រ្តីអ្នកជំនួញ ដែលមានខ្នងក្រាសម្នាក់។ លោកសារុន
ត្រូវបានស្រ្តី វ័យជា៣០ឆ្នាំម្នាក់ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ
ពីបទជម្រិតទារប្រាក់មិនបានសម្រេច កាលពីឆ្នាំមុន នៅពេលស្រ្តីរូបនេះ
ធ្វើលិខិតសុំសាងសង់លំនៅដ្ឋានលក្ខណៈជាភូមិគ្រឹះ នៅជាប់មាត់ច្រាំង និងដងផ្លូវ។
លោកសារុន ពុំបានតមាត់ ឬសួរនាំអ្វីទេ ព្រោះលោកជឿជាក់លើខ្លួនលោកថា លោកពុំបានធ្វើអ្វីខុស
ម្យ៉ាងលោកមិនចង់និយាយអ្វីវែងឆ្ងាយ និងត្រូវទុកតួនាទីនេះឲ្យទៅមេធាវីរបស់លោក។
ឯក្រុមកងនគរបាល និងព្រះអាជ្ញា បាននាំខ្លួនលោកមកកាន់តុលាការ និងប្រគល់ភារកិច្ចនេះ
ឲ្យទៅចៅក្រមស៊ើបសួរ សួរនាំលោកសារុនបន្ត។ នៅចំពោះមុខចៅក្រមស៊ើបសួរ លោកសារុនបាននិយាយដដែលៗថា
លោកមិនបានធ្វ់អ្វីខុសទេ។ លោកជឿជាក់លើខ្លួនឯង ព្រោះការឡើងកាន់អំណាចរបស់លោក
គឺមិនមែនកើតឡើងដោយសារការសូកប៉ាន់នោះទេ។ លោកសារុន បានទាមទារឲ្យលោកចៅក្រមដោះលែងខ្លួនជាបណ្តោះអាសន្ន
និងរង់ចាំមេធាវីរបស់លោកមកឆ្លើយសំណួររបស់ចៅក្រម។ លោកចៅ ក្រមស៊ើសួរ
មិនបានយល់ស្របតាមការលើកឡើងរបស់លោកសារុនឡើយ ហើយលោកចៅក្រម
បានសម្រេចចិត្តឃុំខ្លួនលោកសារុននៅពន្ធនាគារជាបណ្តោះអាសន្ន។
បន្ទាប់ពីចៅក្រមស៊ើបសួរ ប្រាកាសឃុំខ្លួន លោកសារុន
គ្មានតក់ស្លុតបន្តិចឡើយ ព្រោះលោកមិនបានធ្វើអ្វី តាមការចោទប្រកាន់នេះទេ។ លោកសារុន
បែរជាអស់សំណើចចំពោះការចោទប្រកាន់របស់លោកចៅក្រមទៅវិញ ប៉ុន្តែ លោកនៅតែជឿជាក់ថា
នៅពេលមេធាវីលោកមកដល់ លោកនឹងត្រូវបានធានាឲ្យនៅក្រៅឃុំបាន។ មិនយូរប៉ុន្មាន មេធាវីរបស់លោកបានមក
ដល់ហើយបានដាក់ពាក្យសុំធានាលោកសារុនឲ្យនៅក្រៅឃុំ ព្រោះសារុនពុំបានប្រព្រឹត្តអំពើ
ពុករលួយ ដូចក្នុងពាក្យបណ្តឹងនោះឡើយ។ លោកមេធាវីលើកឡើងថា ការប្តឹងលោកសារុន ធ្វើឡើង
គឺដោយសារគំនុំគុំគួន និងឈ្នានីសប៉ុណ្ណោះ ពុំមែនជារឿងពិតឡើយ។ មេធាវីលោកសារុន
បានអះអាងទៀតថា លោកសារុន ជាមនុស្សស្អាតស្អំ និងស្មោះត្រង់ម្នាក់។ បើសិនជា លោកសារុន
ពិតជាបានប្រព្រឹត្តកំហុស ដូចការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
ឬដូចការចោទប្រកាន់របស់ចៅក្រមមែន ម្ល៉េះ លោកសារុនមិននៅសម្ងំឲ្យគេមកចាប់ខ្លួន
ដោយស្រួលនោះទេ។
ទោះបីយ៉ាងនេះក្តី ក៏លោកចៅក្រម
នៅតែមិនអនុញ្ញាតឲ្យលោកសារុននៅក្រៅឃុំដែរ
ហើយបានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមជំនុំជម្រះ ដើម្បីជំនុំជម្រះ។
មិនយូរប៉ុន្មាន ថ្ងៃជំនុំជម្រះបានមកដល់។
ដោយឈរនៅក្នុងរង្វង់ក្រចកសេះ ក្នុងសាលជំនុំជម្រះ ដែលគ្មានម៉ាស៊ីនត្រជាក់
និងអវត្តមានដើមបណ្តឹង លោកសារុន បានប្រាប់ទៅចៅក្រមជំនុំជម្រះទាំងបីនាក់
ដោយគ្មានតក់ស្លុតថា ខ្ញុំសូមជម្រាបលោកតុលាការថា អ្វីដែលគេចោទ ប្រកាន់នេះ
គឺជាការមួយបង្កាច់បង្ខូចឈ្មោះខ្ញុំទេ។ ខ្ញុំមិនបានធ្វើទង្វើគ្មានសីលធម៌ស្មើនឹងទោសក្បត់ជាតិនេះទេ
ប៉ុន្តែអ្វី ដែលខ្ញុំធ្វើ គឺដោយសារខ្ញុំស្រលាញ់ជាតិរបស់ខ្ញុំ
ស្មោះត្រង់ចំពោះជាតិរបស់ខ្ញុំ
ជាពិសេសខ្ញុំត្រូវការឲ្យខណ្ឌរបស់ក្លាយជាខណ្ឌគម្រូ ក្នុងការអភិវឌ្ឍ
ប្រកបដោយបរិស្ថាន និងផាសុខភាព។ ខ្ញុំមិនត្រូវការឲ្យខណ្ឌរបស់ខ្ញុំ ដូចខណ្ឌនានា
ដែលគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរបប ក្នុងការរស់នៅទេ។
ស្តាប់ការពន្យល់របស់លោកសារុនហើយ
ប្រធានចៅក្រមជំនុំជម្រះ បានសួរលោកសារុនបន្ត ថា លោកថា លោកជាមនុស្សស្មោះត្រង់
និងស្រលាញ់ប្រជាជន ស្រលាញ់ការអភិវឌ្ឍ ចុះហេតុអ្វី បានជាប្រជាពលរដ្ឋ
គ្រាន់តែសុំសង់លំនៅដ្ឋាន លោកបែរជាមិនអនុញ្ញាត
ហើយបែរជាទាមទារឲ្យគេបង់ប្រាក់ឲ្យខ្លួនចំនួនបីម៉ឺនដុល្លារបន្ថែមទៀត។ ចំពោះរឿងនេះ តើលោកដោះសារយ៉ាងម៉េចដែរ?។
លោកសារុន ដែលមើលទៅនៅតែរឹងប៉ឹង
បានបញ្ចេញស្នាមញញឹមបន្តិច រួចងាកមកមើលភរិយា និងមេធាវីរបស់លោក
ដែលកំពុងអង្គុយនៅក្នុងសវនាការ មុននឹងឆ្លើយទៅកាន់ចៅក្រម។លោកសារុនពោលថា
រឿងនេះហើយ ដែលខ្ញុំកំពុងតែចង់សួរទៅលោកចៅក្រមវិញថា តើលោកមានឯកសារច្បាស់ទេថា
ខ្ញុំបានជម្រិតទារប្រាក់ពីពលរដ្ឋដ៏កម្សត់របស់ខ្ញុំ?។ តើលោកជឿទេថា
គ្រាន់តែសាងសង់លំនៅដ្ឋាន ត្រូវតែបង់ប្រាក់រហូតបីម៉ឺនដុល្លារ?។
លោកសារុនិយាយដល់ត្រឹមនេះ ចៅក្រមមើលមុខគ្នា
ឯលោកសារុនបន្តចម្លើយ។ ខ្ញុំសូម ជម្រាបលោកចៅក្រមទាំងបីថា
មូលហេតុដែលខ្ញុំមិនអនុញ្ញាតឲ្យម្ចាស់លំនៅដ្ឋាននោះសាងសង់នៅទីកន្លែងនោះគឺដោយសារ ម្ចាស់លំនៅដ្ឋាន មិនបានបំពេញតាមតម្រូវការ
ដែលខាងខណ្ឌទាមទារដូចជា ខាងមុខលំនៅដ្ឋាន ត្រូវតែមានឃឿន ឬចិញ្ចើមផ្លូវ
យ៉ាងតិចពីរម៉ែត្រកន្លះ ទៅបីម៉ែត្រ ទីពីរ មិនត្រូវសាងសង់ខ្ពស់ជាងគេហួសហេតុ និងទីបី
ត្រូវសាងសង់ ដោយទុកចំ ណីទន្លេ យ៉ាងតិចដប់ម៉ែត្រដែរ។ ប៉ុន្តែសំនើខាងយើង
ត្រូវបានម្ចាស់លំនៅដ្ឋាច្រានចោល និងនៅតែទាមទារសាងសង់ចូលមកលើចិញ្ចើមថ្នាល់ថែមទៀត។
ចំណុចនេះ ខ្ញុំសុំឲ្យលោក ចៅក្រមពិចារណា ប្រសិនបើលោកចៅក្រមជាខ្ញុំ
តើលោកចៅក្រមយល់យ៉ាងណា?។ គេអាង មានបងប្អូនជាមន្រ្តីធំ គេគំរាមខ្ញុំ
ថាគេត្រូវតែសង់លំនៅដ្ឋាននេះឲ្យបាន ហើយខ្ញុំនៅតែហាមជាដាច់ខាតថា មិនអនុញ្ញាត។
ដូច្នេះ តម្រូវការរបស់ខណ្ឌខ្ញុំ គឺត្រូវគាត់រំខាន។ ខ្ញុំមិនបានខ្លាច
អំណាចមន្រ្តីណាម្នាក់ ដែលប្រព្រឹត្តខុសតួនាទីទេ។ ដូចខ្ញុំបាននិយាយតាំងពីថ្ងៃឃាត់ខ្លួនមក
ម៉្លេះថា ខ្ញុំត្រូវការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងខណ្ឌរបស់ខ្ញុំ។
ខ្ញុំមិនត្រូវការឲ្យខណ្ឌរបស់ខ្ញុំ នៅរញ៉េរញ៉ៃទៀតទេ។ តែបំណងល្អរបស់ខ្ញុំ
ទីបំផុត គឺបែបនេះ។
ស្តាប់ការរៀបរាប់ដ៏ក្បោះក្បាយ
និងម៉ឺងម៉ាត់របស់លោកសារុន ចៅក្រមទាំងបី ក៏ប្រកាសបិទ សវនាការ និងសុំលើកពេលទៅប្រកាសសាលក្រមនៅមួយសប្តាហ៍ក្រោយទៀត។
ដោយ
សំរែ (នៅមានត)
No comments:
Post a Comment