Thursday, April 3, 2014

យុត្តិធម៌សម្រាប់ប៉ាខ្ញុំ?



យុត្តិធម៌សម្រាប់ប៉ាខ្ញុំ?
សុខា និងចន្ថា ជាមិត្តភក្តិនឹងគ្នា។ពួកគេរៀនជាមួយគ្នាតាំងពីថ្នាក់ទីមួយមកម៉្លេះ រហូតមក​ដល់ថ្នាក់ទី៦ ក៏គេរៀនតែរៀនជាមួយគ្នាដែរ។ឆ្នាំនេះ ពួកគេមានអាយុ១២ ឆ្នាំដូច​គ្នា។​ពួកគេស្រលាញ់គ្នាដូច​បងប្អូន​បង្កើត ដើរទៅណាក៏តែពីរនាក់ ទោះបីបានអ្វី ឬមានអ្វី​បន្តិច​បន្តួចក៏ចែកគ្នាញុំាដែរ។​ពួកគេ​ចេះឈឺ​ឆ្អាលគ្នា ពេលមានរឿងអ្វីមួយកើតឡើង។ពួក​គេ​តែង​តែជិះកង់ទៅរៀនជាមួយគ្នា ដោយជួនកាល សុខាជាអ្នកឌុប ជួនកាលចន្ថាជាអ្នក​ឌុប។ប៉ុន្តែ ថ្ងៃមួយ ត្រូវវេនចន្ថាទៅឌុបសុខា ចន្ថាមិន បានទៅដូចរាល់ដងទេ គឺ​នាងជិះកង់​ទៅ​​រៀនតែ​ម្នាក់​ឯង ហើយទឹកមុខរស់នាង ហាក់មាន​កំហឹងជាមយយអ្នកណា ម្នាក់ និងមិន​សូវ​សប្បាយ​​ចិត្ត​ទាល់តែសោះ។ឯសុខា ខំរង់ចាំនាងនៅផ្ទះរហូត ស្ទើតែផុតម៉ោងចូលរៀន ទាល់តែប៉ា​របស់​នាង​ជូននាងមក។
ពេលមកដល់សាលា នាងយកកង់ទៅទុក ហើយដើរចូលទៅក្នុងថ្នាក់យ៉ាងលឿន និង មិន និយាយស្តីរក​អ្នក​ណាមួយម៉ាត់ សូម្បីតែពេលគោរពទង់ជាតិ ក៏នាងនៅតែមាន​ទឹកមុខ​មានកំហឹងដដែលដែរ  និងសូម្បី​តែសុខាសួរ ក៏នាងមិនព្រមនិយាយដែរ រហូតពេល​ចេញលេងដោយមានការតាមជជីកសួរពីសុខា ទើបចន្ថាប្រាប់ថា ខ្ញុំស្អប់ឯង ខ្ញុំប៉ារបស់ឯង (ប៉ារបស់សុខា ឈ្មោះសង្ឃឹម និង ជានគរបាលចរាចរ​ប្រចាំ​ក្រុងភ្នំពេញ)។
ឮពាក្យរបស់ចន្ថា ធ្វើឲ្យសុខាមានចម្ងល់យ៉ាងខ្លាំង ហើយតាមជជីកសួរទៀត ហេតុ អីឯងខឹងខ្ញុំ ខឹងប៉ា​របស់ខ្ញុំ?ប៉ាខ្ញុំ ឬខ្ញុំធ្វើអីឲ្យឯងអន់ចិត្តមែនទេ។សំណួរនេះ មិនបានធ្វើឲ្យ ចន្ថាឆ្លើយភ្លាមៗទេ។តែបន្តិច​ក្រោយមកទើបនាងឆ្លើយទាំងកំហឹងថា ប៉ារបស់ឯងចិត្ត​មនុស្សធម៌ទេ។ប៉ារបស់ឯង ជាមនុស្សចិត្តអាក្រក់ គ្មានយោគយល់អ្នកម្នាក់ទេ។ប៉ាខ្ញុំធ្វើអី​ឯង​មែន​ទេ?​(សុខាសួរទៅវិញ)គ្មានទេ (ចន្ថាឆ្លើយដោយ​កំបុត​កំបុយ)បើអីចឹងម៉េចក៏ឯង​ខឹង​គាត់ ហើយខឹងទាំងខ្ញុំទៀត?(សុខាសួរបន្ត)។​ មកពីគាត់គ្មានចិត្ត​ជា​មនុស្ស។​
គ្មានចិត្តជា ​មនុស្សយ៉ាងម៉េច?ឯងឮខ្ញុំសួរទេ?ម៉េចក៏ឯងមិនឆ្លើយជាមួយខ្ញុំ?
ដោយទប់នឹងការមិនឆ្លើយមិនបាន ចន្ថាក៏បានប្រាប់ទាំងកំហឹងទៅសុខាថា មកពីប៉ា ឯងហ្នឹងផាក​ប៉ាខ្ញុំ​ប៉ាខ្ញុំហើយថា គាត់ជាគ្រូបង្រៀន គ្មានលុយទេ មានតែបីពាន់។តែប៉ា ឯងនៅតែមិនព្រមយក​លុយបីពាន់​នោះទេ គឺទាមទារឲ្យប៉ាខ្ញុំបង់ឲ្យគ្រប់ប្រាំពាន់រៀល ទោះ បីប៉ាខ្ញុំអង្វរយ៉ាងណាក៏ដោយ រហូតប៉ាខ្ញុំទូរស័ព្ទ​ឲ្យម៉ាក់ខ្ញុំយកលុយពីផ្ទះពីរពាន់រៀលទៅ បង្រ្គប់ទើបប៉ាឯងព្រម។ឯងកិតមើល តើប៉ាឯងយ៉ាងម៉េចដែរ?
ចម្លើយនេះ ធ្វើសុខា ដែលរាងស្គមស្តើងសម្បុលស្រអែមនោះ នៅទ្រឹង និងមានទឹក មុខស្រងូតស្រងាត់​បន្តិច។បន្ទាប់មក នាងក៏តបទៅចន្ថាវិញ ដោយសំឡេងតិចៗ និង បង្ហាញពីការលួងលោមកុំឲ្យ​ចន្ថាខឹង​ថា ឯងខឹងប៉ាខ្ញុំត្រូវហើយ តែឯគួរតែកុំខឹងនឹងប៉ាខ្ញុំអី ប៉ាខ្ញុំធ្វើអីចឹង មិនមែនគាត់ចង់ធ្វើប៉ុន្មានទេឯង​ដឹង​ទេ?។ទីមួយ គាត់ត្រូវយកលុយ ដែលផាក ពិន័យពីគេបានទាំងនោះទៅបង់ឲ្យមេរបស់​គាត់មួយភាគ​ប្រហែល​សែសិបភាគរយហើយ នៅសល់ហុកសិបភាគរយ ពួកគាត់យកមកចែកគ្នា ហើយចែកគ្នា​ហើយ គាត់យកលុយ​ទាំងនោះមកចាយវាយក្នុងផ្ទះ និង ឲ្យខ្ញុំយកមករៀនខ្លះ​។ឯងគិតទៅមើល បើប៉ាខ្ញុំមិនធ្វើ ដូច្នេះ តើគាត់អាចឈរជើងកន្លែងហ្នឹង ឬអាចរកប្រាក់មកចិញ្ចឹមខ្ញុំ ឲ្យខ្ញុំមករៀនបានទេ?
ចន្ថានៅតែមិនទាន់ទទួលយកចម្លើយនេះនៅឡើយ ហើយបន្តបន្ទោសសុខាទៀត ថា គ្មានទេ ឯងការពារ​ប៉ា ដែលចិត្តអាក្រក់របស់ឯងដដែល។សុខា ឮពាក្យនេះ ក៏លែងប្រ កែក ហើយនិយាយថា មិនអីទេ បើ​ឯង​ខឹង ក៏ខឹងទៅចុះ ខ្ញុំមិនថាអីទេ តែឯងកុំខឹងខ្ញុំអី ខ្ញុំមិន បានធ្វើអីខុសទេ។ភា្លមនោះ ទឹកភ្នែករបស់សុខា បានហូរ ហើយនាងបាននិយាយដោយ​រអាក់រអួលថា ឯងដឹងទេ ប្រាក់​ដែលខ្ញុំបង់ឲ្យប៉ាឯង បង់ឲ្យគ្រូដទៃ​ទៀតរាល់ថ្ងៃនេះ គឺជា​លុយ ដែលប៉ាខ្ញុំហៅម៉ូតូគេ ឡានគេ ទោះបីជាគេជរ គេត្មេះគាត់យ៉ាងណាក៏​ដោយ។​ប៉ាខ្ញុំ មិនមែនគាត់មិនដឹងទេថា ការធ្វើអីចឹងវាអាក្រក់មើល វាត្រូវគេជេរ តែតើឲ្យគាត់ធ្វ់យ៉ាង​ម៉េច? គាត់ធ្លាប់និយាយថាគាត់មិនចង់ធ្វើបែបនេះទេ តែបើមិនធ្វើតើគ្រួសារខ្ញុំរំពឹងលើអី ។ប្រាក់ខែ គាត់​មិនបានគេចាក់សាំងឡានម្តងផង។ឯងគិតមើល ឯណាទៅយុត្តិធម៌ សម្រាប់ប៉ាខ្ញុំ?
ស្តាបការអធិប្បាយរបស់សុខា ធ្វើឲ្យចន្ថា ភ្ញាក់ខ្លួនខ្លះ។នាងនៅស្ងៀម មើលមុខ​សុខា ដោយកែវភ្នែកស្រ​ទន់ ហាក់ចង់ហូរទឹកភ្នែកជាមួយសុខាដែរ តែនាងនៅតែពង្រឹង​ស្មារតី ហើយបន្តការស្តីបន្ទោសទៀត គ្មានទេ ប៉ាខ្ញុំយកលុយពីឯង គឺជារឿងត្រឹមត្រូវ គឺជា រឿងល្អ។គាត់មិនបានកៀបសង្កត់​គេឲ្យបង់លុយ​ទេ។គឺគាត់យកតែថ្លៃមេរៀនប៉ុណ្ណោះ ហើយអ្វី ដែលគាត់ធ្វើគឺដើម្បីយកលុយទាំងនេះមកចិញ្ចឹមគ្រួសារ និង ឲ្យខ្ញុំទៅរៀន ដើម្បី​បង់ឲ្យគ្រូផ្សេងទៀតខ្លះ។ឯងកុំស្មានថា ខ្ញុំជាកូនគ្រូបង្រៀន រៀនអត់បង់លុយ​ឲ្យគ្រូឲ្យសោះ កូនគ្រូ ក៏បង់​លុយដែរ។ខ្ញុំក៏ចង់រកយុត្តិធម៌ឲ្យប៉ាខ្ញុំដែរ។ ឯណាទៅយុត្តិធម៌សម្រាប់ប៉ាខ្ញុំ?
ភ្លាមនោះ មិនបង្អង់យូរ សុខា ក៏ឆ្លើយតបមកភ្លាមៗថា ហ្នឹងហើយ ប៉ាខ្ញុំផាកគេ ផាក ប៉ាឯង ដើម្បីយ​ក​លុយ​មកឲ្យកូនបង់ឲ្យគ្រូបង្រៀន ឯគ្រូបង្រៀនដូចប៉ាឯង យកលុយពីខ្ញុំ ទៅឲ្យឯង យកទៅបង់​ឲ្យគ្រូ​បង្រៀន​ផ្សេងទៀត ហើយផ្សេងទៀតទាំងនោះ ក៏ត្រូវការយក លុយទាំងនោះទៅឲ្យកូន បង់ឲ្យគ្រូ​ផ្សេង​ទៀតដែរ។អីចឹង ទាំងប៉ាឯង និង ប៉ាខ្ញុំ សុទ្ធតែ​ទទួលនូងភាពអយុត្តិធម៌ដូចតែគ្នាទេ។ឈប់ខឹងប៉ាខ្ញុំទៅ។
ក្រោយពីស្តាប់ការពន្យល់របស់សុខា ចន្ថា នៅទ្រឹងបន្តិច ហើយបានស្រាយទឹកមុខ ពីខឹងមកជា​ញញឹម​តិចៗ រួចស្ទុះមកឧិបសុខា និង និយាយថា ការពិតប៉ារបស់ពួកយើង ធ្វើ អ្វីៗដើម្បីពួកយើង ប៉ាឯងផាក​ប៉ាខ្ញុំ យកលុយមកឲ្យឯងបង់ឲ្យគ្រូ ឯគ្រូដូចប៉ាខ្ញុំ ខំរកលុយ មកឲ្យខ្ញុំបង់ទៅឲ្យគ្រូដទៃទៀត ឯគ្រូ​ដទៃ​ទៀតក៏រកលុយឲ្យកូនបង់ឲ្យគ្រូដូចគ្នាដែរ។គិតទៅ អយុត្តិធម៌ដល់ប៉ាយើងដល់ហើយណ៎ស?
សុខាបានបន្តប្រយោគពីចន្ថាថា ហ្នឹងហើយ ចឹងចាប់ពីពេលហ្នឹងទៅឯងឈប់ខឹងខ្ញុំ ខឹងប៉ាខ្ញុំទៅណា៕​ចន្ថាទទួលយល់ព្រម ហើយឆ្លើយបន្ត ហ្នឹងហើយ ឯងក៏មិនត្រូវខឹងគ្រូ  ដូចជាប៉ាខ្ញុំដែរ។ប៉ារបស់ពួកយើង និង ពួកយើង គឺសុទ្ធតែជាជនរងគ្រោះដូចគ្នាទេ
បន្ទាប់មកពួកគេ ក៏ឧិបគ្នាម្តងទៀត ដោយសេចក្តីស្មោះត្រង់ និង លែងប្រកាន់ខឹង គ្នារហូតទៅ

1 comment:

ខ្មែរទន្លេតូច