Friday, April 18, 2014

រឿងខ្លី ( កែទម្រង់ស៊ីជម្រៅ )






កាលពីឆ្នាំ២០១០ ក្រោយពីមិត្តបង្រៀនខ្ញុំឲ្យចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដំបូង ខ្ញុំបានសាក​​ល្បងសរសេរអត្ថបទខ្លីមួយ ដោយលើកឡើងថា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល គួរតែផ្តោតការយកចិត្ត និងពង្រឹងលើវិស័យពីរជាចម្បង គឺវិស័យអប់រំ និងវិស័យសុខាភិបាល ជាជាងផ្តោតតែលើការសង់ស្បាន ផ្លូវថ្នល់ជាដើម។
បន្ទាប់ពីខ្ញុំផុសលើវ៉ល បានប្រមាណ១៥នាទី ស្រាប់តែ មានប្រូហ្វាលហ្វេសប៊ុកមួយ បានចូល មកខុមិន ដោយនិយាយថា អាចម៍ អាអាចម៍ ក្បាលអាអាចម៍ឯងគិតស្អី ប្រឡាក់ស្អីខ្លះ បានជា ចង់មកឲ្យយោបល់អីដល់រាជរដ្ឋាភិបាល? រាជរដ្ឋាភិបាល គេបានគិតគូររួចហើយ អំពីជំហាន​​ដែលគេត្រូវដើរ។ គេមានទីប្រឹក្សារាប់សិប ចាំឲ្យយោបល់ មិនចាំបាច់អីអាក្អូនឯងមាន​​យោបល់ទេ។ ទោះអ្ហែងរៀនដល់ណា ឬមានសុខភាពល្អយ៉ាងណា ក៏មិនអាចអភិវឌ្ឍន៍ប្រទេសដែរ បើសិនជាគ្មានស្បាន ផ្លូវថ្នល់ ព្រោះវាជាមធ្យោបាយ។ អញខ្ពើមពួកអ្ហែងណាស់អហ្អាស។ ខ្ញុំក៏បានតបទៅវិញថា ហ៊ឹម យោបល់របស់បងពិតជាត្រឹមត្រូវហើយ ព្រោះប្រហែលបងជាមន្រ្តី ឬជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំគិតថា ការមានតែផ្លូវថ្នល់ ឬស្ពានថ្មីៗ ឯប្រជាពលគ្មានចំណេះដឹង គឺប្រៀបបាននឹងខិតខំធ្វើស្ពាន ថ្នល់ សម្រាប់ ឲ្យគោ ក្របី និងជ្រូកដើរអញ្ចឹង ព្រោះ ពួកគេបានតែត្រឹមដើរ តែពួកគេមិនអាចដឹង ឬយល់ពីវិធីស្វែងរកស្មៅទេ។ ពួកគេ នៅតែខ្វះអាហារ ពួកគេនៅតែប្រឈមនឹងការឆ្លងជំងឺ ឬកើតជំងឺមិនឆ្លងផ្សេងៗដដែល ហើយបើពួកគេ នៅតែគ្មានចំណេះដឹង គ្មានសុខភាពមាំមួនទេ ពួកគេចង់ធ្វើអ្វីក៏មិនកើត ពួកគេមិនស្គាល់ពីតម្លៃ នៃផ្លូវថ្នល់ទំានោះផងទេ និងទីបំផុត បន្ទុកដ៏ធ្ងន់ធ្ងរនេះ នឹងធ្លាក់មករាជរដ្ឋាភិបាលវិញជាមិនខាន។ ប៉ុន្តែ ប្រសិនបើពួកគេមានចំណេះដឹង មាន​​សុខភាពល្អ យ៉ាងហោចណាស់ ក៏ពួកគេអាចយល់ពីវិធី ស្វែងរកស្មៅ ចេះពីវិធីការពារកុំឆ្លង ឬកើត​​ជំងឺផ្សេងៗដែរ។ នៅពេលពួកគេ មានអាហារហូបចុកគ្រប់គ្រាន់ និងគ្មានការឆ្លង ឬកើត​​ជំងឺទេ ការចំណាយទៅលើសេវាសុខភាព របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក៏កាត់បន្ថយតាមនេះ​​ដែរ ឯរាជរដ្ឋាភិបាល ក៏មិនសូវខ្វល់អំពីរឿងនេះទៀត។ ពិភពលោក គេក៏នឹងសរសើរ​​រាជរដ្ឋាភិ​​បាល​​ថា ចេះអប់រំប្រជាជនឲ្យស្គាល់ពីតម្លៃជីវិត និងការរស់នៅប្រកបដោយ​​ភាពសុខដុម។ នេះគ្រាន់​​តែជាយោបល់របស់ខ្ញុំ ជាប្រជាពលរដ្ឋក្រីក្រ គ្មានឋានៈប៉ុណ្ណោះ លោកមិនគួរ​​ចាប់​​អារម្មណ៍​​ឡើយ។
ក្រោយពីខ្ញុំតប យ៉ាងវែងនេះមក ក៏លែងឃើញអ្នកខុមិននេះ ឡើងមកតទៀតដែរ ប្រហែលគាត់​​​ជ្រិញខ្ញុំពេកហើយមើលទៅ? ឬអាចគិតម្យ៉ាងទៀតថា គាត់គ្រាន់តែចង់ប្រាប់ថា កិច្ចការប្រទេស​​​​ជាតិ មនុស្សធម្មតា មិនអាចចេះតែនិយាយៗទេ។ មុននឹងនិយាយ ត្រូវតែមើលឲ្យគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។  ប៉ុន្តែ នៅឆ្នាំ២០១៤នេះ ឃើញរាជរដ្ឋាភិបាល ហាក់យកចិត្តទុក​​ដាក់ខ្លាំងលើប្រ​​សិទ្ធ​​ភាព និងគុណភាពទំាងវិស័យអប់រំ និងសុខាភិបាល។ ខ្ញុំសង្ស័យ ថាយោ​​បល់ខ្ញុំកាលនោះ គឺជាពេលវេលា ដែលមិនទាន់ដំណាក់កាលសម្រាប់កែទម្រង់ស៊ីជម្រៅ របស់​​រាជរដ្ឋាភិបាលក៏មិន​​ដឹង។ ហ៊ឹម គួរឲ្យខ្មាសណាស់….និយាយលេងសោះ គេហៅឯងសុទ្ធតែ​​អាខួរក្បាលប្រឡាក់អាចម៍
( ចប់ )

No comments:

Post a Comment

ខ្មែរទន្លេតូច