Friday, April 18, 2014

ជីវិតនាងអានីតា



ជីវិតនាងអានីតា

           ពេលដែលអ្នកឃើញស្នាមញញឹម ដែលនាងបានបញ្ចោញនាពេល​នេះ អ្នកពិតជាយល់ថា ជាស្នាមញញឹម ដែលពោរពេញទៅដោយភាព​រីករាយ គ្មានទុក្ខព្រួយ បង្កើននូវក្តីត្រេកត្រអាលគួរឱ្យស្រលាញ់។ តែ មិនដូច​ជាការគិតរបស់អ្នកនោះទេ វាជាស្នាមញញឹម ដែលបង្កប់ទៅដោយក្តីឈឺចាប់ និង ទុក្ខសោកបំផុត។                                            ម្ចាស់នៃស្នាមញញឹមនេះឈ្មោះអានីតា ជាឈ្មោះ ដែលខ្ញុំបាន​ដាក់ឱ្យ នាង ជំនួសឈ្មោះសុជាតា ដែលម្តាយរបស់បានដាក់ឱ្យកាល​ពីគាត់​នៅ​មាន​ជីវិត។ ឆ្នាំនេះនាងមាន អាយុ១៨ឆ្នាំ។ នាងបាន​បញ្ចប់ការសិក្សា កាល​​ពីបីឆ្នាំ​មុន បន្ទាប់ពីម្តាយរបស់នាងស្លាប់ ដោយសារការឈឺចិត្ត និងជំងឺប្រចាំ​កាយ និង​ដែលនាងអះអាងថា បណ្តាលមកពីការ ក្បត់ចិត្តរបស់​ឪពុក​នាងទៅ​​មាន​​ស្រីថ្មី។         ឆ្លៀតពេលទំនេរ ក្រុមការងារខ្ញុំ ក៏ជួបសំណេះសំណាលជាមួយម្ចាស់​កសិដ្ឋាន និងអ្នកធ្វើការនៅទីនេះ។                                                       ខ្ញុំបានជួបនាង នៅពេលក្រុមការងារក្រសួងរបស់ខ្ញុំ ត្រូវចុះទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅបាត់ដំបង។  មើលទៅទឹកមុខ​នាង ហាក់មិនសូវមាន​ភាពក កក់ក្តៅ អានីតា បញ្ជាក់ ដោយការអួលដើម-ក រលីងរលោង​ទឹក​ភ្នែក​ម្តងម្កាលថា នាងបានលះបង់​​ចោលការរៀន​​សូត្រទាំង​​សោកស្តាយ អាឡោះ​អាល័យបំផុត តែនាងមិនអាចរកមធ្យោបាយ ឬវិធីណា​​ឱ្យល្អជាង​នេះ​បាន។​​នាង​និយាយថា នាងមានការសាកស្តាយ​​ខ្លាំង​​ណាស់ ចំពោះ​ការរៀន​​សូត្រ​​នេះ។នាងបន្តទៀតថា ការឈប់ពីការសិក្សានេះ គឺដើម​ហេតុមក​ពីគ្មាន​​អ្នក​មើលថែរក ប្រាក់ចិញ្ចឹមជីដូន និងប្អូនតូចៗ​​របស់​​នាង ក្រោយ​ពីម្តាយរបស់​​ស្លាប់​ទៅ។ នាងថា កាលពីនៅរៀន នាងរៀនបាន​ចំណាត់​ថ្នាក់ល្អបង្គួរដែរ មិនចាញ់សិស្សពូកែដទៃទៀតឡើយ។ នាងបន្ត​​ទៀតថា ក្រៅពីក្លាយជា​កម្មករ នៅកសិដ្ឋានចិញ្ចឹមមាន់ ដែលទទួលបាន​ប្រាក់​ប្រចាំខែ៥០ដុល្លារ សម្រាប់​​ផ្គត់ផ្គ​​ង់ឱ្យប្អូនៗបានទៅរៀន និងទ្រទ្រង់​ជីវភាព​គ្រួសារ ដែលមា​​នជីដូនជរា ហើយ​​ម្ចាស់ចម្ការជាមនុស្សស្និទ្ធ ស្នាល​ជាមួយ​ម្តាយនាង និងមានចិត្ត​​សប្បុរស​​ដែរនោះ នាងគ្មានរំពឹងទៅលើអ្វី​ផ្សេងទៀត​ទេ ទោះបីជាកន្លងមក​នាងធ្លាប់ ប៉ុនប៉ងធ្វើចំណាកស្រុកតាមប​ងប្អូនជីដូន​មួយថានឹងទៅធ្វើ​​ការ​​នៅឯកាស៊ីណូប៉ោយប៉ែយក្រុង ជាទីដែលអ្នកផ្តល់​ប្រឹក្សា​ឱ្យនាងនិយាយថា ជាកន្លែង ដែលនាងងាយនឹងរង​គ្រោះដោយសារ​ការជួញដូរកម្លាំង ពលកម្ម និង ផ្លូវភេទក៏ដោយ។                                                   ជាមួយនឹងស្នាមញញឹម ដែលនៅតែបង្កប់នូវក្តីសោកសៅដដែល អានីតា ដែលសព្វថ្ងៃដើរតួជាចៅជាបង និងមើលទៅហាក់កំពុងក្លាយ​ជា​​ម្តាយដ៏ក្មេងខ្ចីរបស់ប្អូនទាំងពីរនេះផង ក៏បានបន្តឱ្យដឹងទៀតថា ទោះ បីជា​​ម្តាយនាងស្លាប់ទៅហើយក្តី ក៏ពួកនាងនៅតែមិនបានទទួលនូវភាពកក់ក្តៅ ឬការទទួលខុសត្រូវពីឪពុក ដែលឈ្លក់ងប់ងុលតែរឿងស្រីនេះ​ជាដដែលទេ។​នាងនិយាយថា គាត់មិនដែលបានមកអើតមើលពួកនាងទេ លើក​លែងតែ​​ស្រីកំណាន់របស់គាត់ ដែលនាងពណ៌នាថា ជាមេរោគធ្វើឱ្យ​​ម្តាយ​នាងធ្លាក់​​ខ្លួន ហើយស្លាប់នាពេលបន្ទាប់មកតែប៉ុណ្ណោះដែលពេលខ្លះ​​មកលួចកើប​​អង្ករពីផ្ទះរបស់នាង ដែលនាងបម្រុងទុកសម្រាប់ មនុស្សបួន​​នាក់​ក្នុងបន្ទុក​​គ្រួសារដ៏ធ្ងន់ធ្ងរ។                                                            ក្រៅពីទុក្ខព្រួយផ្នែកផ្លូវកាយ ដែលនាងត្រូវប្រឈម និងទ្រាំទ្រ​​លើ​កំណាត់ផ្លូវដ៏វែងឆ្ងាយទៅមុខទៀតនោះ នាងក៏ត្រូវរំខានដោយសារអសន្តិ​​សុខផ្លូវចិត្តផងដែរ។ នាងនិយាយថា ពេលខ្លះនាងក៏មានការបារម្ភ អំពីសុវត្ថិ​​ភាពផ្ទាល់ខ្លួនខ្លាំងក្លាណាស់ដែរ ដោយសារក្នុងតំបន់ ដែលនាងរស់នៅសព្វ​​ថ្ងៃ​កាន់តែសម្បូរទៅដោយ ជនពាល ជនប្រើប្រាស់គ្រឿងញៀន។ នាងនិ​យាយ​ថា ផ្ទះនាងតូចជញ្ជាំងធ្លុះធ្លាយមិនសូវមាំទាំ នាងសែនខ្លាចចំពោះ​សុវត្ថិ​ភាពពេលយប់។នាងបន្តទៀតថា ពេលខ្លះដោយសារតែផ្ទះនាងគ្មាន​​បន្ទប់ទឹកត្រឹមត្រូវនាងស្ទើរតែមិនហ៊ានចុះទៅងូតទឹកនៅ​អណ្តូងក្បែរផ្ទះរបស់​នាង ព្រោះរាងកាយនាងនឹងត្រូវបានគេមើលឃើញនៅ ពេលនោះ ឬពេល​​នាងផ្លាស់សម្លៀកបំពាក់ ឬចោមពុងសារុង ហើយគេនឹងមានបំណងអាក្រក់ ធ្វើអ្វីផ្តេសផ្តាស មកលើនាងក៏អាចថាបាន។ នាងនិយាយថា នាងខ្លាច និង ព្រួយ​​​បារម្ភ​​​ខ្លាំងណាស់អំពីរឿងនេះ។នាងថា ការ មាក់ងាយ ដែលអាចកើត​ឡើង​ដោយចៃដន្យ ប្រហែលនឹងអាចធ្វើឱ្យនាងរងគ្រោះក្នុងពេលណាមួយ។ នាងថា នាងចង់បានភាពកក់ក្តៅពីមនុស្សបុរស ដែលមានការទទួលខុសត្រូវ និង ថ្លៃថ្នូរម្នាក់ ជាជាងរស់នៅជាមួយ ឪពុក ដែលប្រព្រឹត្តល្មើស​​នឹងច្បាប់​​ឯកពន្ធភាព និងដែលមិនដែលស្វែងយល់អំពីសុខទុក្ខ ​​ឬក្តីវេទនារបស់ គ្រួសារ​នេះ។                                                                                                  អានីតា និយាយទៀតថា ក្រៅពីជាដើម​ហេតុ ធ្វើឱ្យគ្រួសារ​នេះ​ព្រាត់​ប្រាសគ្នា ស្រីកំណាន់របស់ឪពុកនាងនេះ ក៏តែងតែមកលួចដួសបាយ​ពីឆ្នាំង ដែលនាងដាំមិនទាន់ហូបយកទៅអស់ៗដែរ។​ នាងបញ្ជាក់ដោយទឹកមុខស្ងួត​ថា  ស្ត្រីជាប្រពន្ធចុងនេះ ក៏ជាមនុស្សខ្ជិលច្រអូសក្នុង​ការ​ប្រកបការងារ​ចិញ្ចឹម​ជីវិតផងដែរ។ នាងថា នាងមិយល់ថា ហេតុអ្វីបានជាឪពុករបស់នាង​គិតតែពី​រឿង​សប្បាយ មិនគិតពី​អនាគត​កូន​ចៅ​ បែរជាទុកឱ្យកូនចៅរស់តាមយថា​កម្មបែប​នេះទេ។ ស្តាប់ការពន្យល់របស់អានីតា ធ្វើឲ្យខ្ញុំនឹកអាណិត​នាង​ជាខ្លាំង។ ខ្ញុំមានបំណងទៅជួបឪពុកនាង ដើម្បីសួរនាំគាត់ខ្លះៗពីបញ្ហានេះ ប៉ុន្តែលេខទូរសព្ទ ដែលអានីតា ផ្តល់ឲ្យមកខ្ញុំ ខ្ញុំមិន​អាច ទាក់ទងបាន។ ខ្ញុំក៏​នៅមិនទាន់ដឹងថា ​តើការលើកឡើងរបស់អានីតា ជារឿងពិត ឬមិន​ប្រឌិត​​ ដើម្បី​បង្ខូចគេឈ្មោះឪពុកនាង ឬយ៉ាងណាទេ។                 ក្រោយពីសំណេះសំណាល និងស្តាប់រឿង ដ៏គួរឲ្យចាប់អារម្មណ៍​របស់នាងមក ខ្ញុំ និងក្រុមការងារបានលានាង និងម្ចាស់កសិដ្ឋានត្រឡប់មក​វិញ។ គ្រាន់តែឮថា ពួកយើងឡើងមកសម្រាកនៅខេត្តវិញ នាងចាប់ផ្តើម​រលីងរលោងទឹកភ្នែក         ហាក់មិនចង់ឲ្យពួកយើងចាកចេញទេ។  ប៉ុន្តែ ទឹកចិត្ត​​របស់នាង មិនអាចឃាត់ឃាំង ដំណើរបេសកកម្មរបស់ពួកខ្ញុំបានឡើយ។               នៅយប់នោះ នាងបានជិះម៉ូតូឌុប ឡើងមកខេត្ត សម្រាកនៅក្នុង​បន្ទប់​ផ្ទះសំនាក់ជាមួយខ្ញុំ។ ប៉ុន្តែពួកយើងមិនបានធ្វើអ្វីគ្នានោះទេ។ ស្ទើរពេញមួយ​យប់​​អានីតា គិតតែពីយំ។ នាងកើយដៃខ្ញុំ ឱបខ្ញុំ ទឹកភ្នែករបស់នាង​ស្រក់លើ​ទ្រូងខ្ញុំ ហើយនិយាយថា នាងចង់មកភ្នំពេញជាមួយខ្ញុំដែរ។  ខ្ញុំបានពន្យល់ នាងថា មិនអាចធ្វើដូច្នេះបានទេ នាងជាស្រ្តីខ្មែរ ឯខ្ញុំទោះបី​មិន​ទាន់មាន​ភរិយា តែខ្ញុំមានការងារសមរម្យ ហើយគ្រួសារខ្ញុំក៏ជាគ្រួ​សារដ៏ពិបាកមួយដែរ ព្រោះឪពុកម្តាយរបស់ខ្ញុំ សុទ្ធតែជាអ្នកអភិរក្ស​និយដែរ។ ពួកគាត់តឹងតែ​ខ្លាំង​រឿងបញ្ហាទំនៀមទម្លាប់ និងប្រពៃណីខ្មែរ។ ពួកគាត់នឹងជំទាស់ដាច់អហង្ការ ឬជេរប្រមាថ ខ្ញុំនិងនាង ប្រសិនបើខ្ញុំ យកនាងទៅដល់ផ្ទះ ឬក៏ទោះបីខ្ញុំព្យា​យាម​ពន្យល់ពីហេតុផលយ៉ាងណាក្តី។ ប៉ុន្តែ ខ្ញុំសន្យាថា ពេលដែល មក​ដល់​ភ្នំពេញ ខ្ញុំនឹងជួយរកការងារធ្វើឲ្យនាង ហើយនឹងជួយឧបត្ថម្ភ​នាង​៣០ដុល្លារ​ក្នុងមួយខែបន្ថែមទៀត។ អានីតា នៅតែយំខ្សឹកខ្សួលរហូត ហើយ ដៃរបស់​នាងកាន់តែឱបខ្ញុំខ្លាំងទៅៗ។  ខ្ញុំគ្មានអារម្មណ៍គិតថា នាងចង់​ឲ្យខ្ញុំ​រួមភេទជា​មួយនាងទេ ប៉ុន្តែ នាងហាក់មានអារម្មណ៍ខ្លាចអ្វីមួយ ឬខ្លាចអ្នក​ណាធ្វើបាប​នាង នៅពេលខ្ញុំមកភ្នំពេញបាត់។ ខ្ញុំបានសួរនាងថា ប្រសិន​​បើនាងមក​ភ្នំពេញ​ជាមួយខ្ញុំ តើប្អូនៗ ជាពិសេសជីដូនជរារបស់នាង បានអ្នក​​ណាមើល​ថែ? ហើយចុះយប់នេះ អ្នកណានៅមើលពួកគេ?។  សំណួរ​នេះធ្វើ​​ឲ្យអានីតា យំម្តងទៀត។ នាងយកច្រមុះនាងមកត្រដុសដើម​ទ្រូងខ្ញុំ ហើយ​​បញ្ចេញ​សំឡេងឈឺតឆតៗ ហើយនិយាយថា មិនចាំបាច់គិតទេ ព្រោះបើគិត ក៏គ្មាន​មធ្យោបាយដោះស្រាយដែរ។ មិនយូរមិនឆាប់ ពួកនាង​នឹងស្លាប់ទាំង​​អស់។ នាងនិយាយដោយអួលដើម.ក ថា បើសិនជាខ្ញុំ ដាច់ចិត្ត​មកភ្នំពេញ​​ចោល​នាង ឲ្យខ្ញុំសម្លាប់នាងចោលទៅប្រសើរជាង។ ប៉ុន្តែ ដោយសារការ​​និយាយ​លួងលោមរបស់ខ្ញុំស្ទើរពេញមួយយប់នោះទើបនាងព្រម។ ព្រឹក​​ព្រលឹម មុខ​នាងឡើងស្លក់ បបូរមាត់ឡើងស្លេក ភ្នែកឡើងរូង ដូចរន្ធបាយ​​ខុម។ មុន​ពេលខ្ញុំចាកចេញពីបន្ទប់ផ្ទះសំណាក់ ខ្ញុំបានផ្តល់ប្រាក់​ឲ្យ​នាង​​ហាសិប​ដុល្លារ។ នាងគ្មានការរំភើបចំពោះប្រាក់នេះទេ ប៉ុន្តែនាងទ​ទួល​យក​ពីខ្ញុំ ក៏​ដោយសារ ដើម្បីជួយគ្រួសារនាងបានមួយគ្រា។                                             ពេលទទួលប្រាក់ពីខ្ញុំ អានីតា ហាក់មិនដាច់ចិត្តចេញពី​​បន្ទប់ផ្ទះ​​សំណាក់  ហើយព្យាយាម ដោះអាវរបស់នាង ដើម្បីឲ្យខ្ញុំបានឃើញរាង​​កាយ​នាង និងរួមភេទជាមួយនាង ជាការសងគុណ។                           ទោះបីស្ថិត ក្នុងបន្ទប់តែ​ពីរ​នាក់ក្តី ខ្ញុំមិនបានគិតថានាងចង់លេង​ល្បិច​នោះទេ ហើយអារម្មណ៍ផ្លូវភេទ​របស់ខ្ញុំ ទោះខ្ញុំ ខានរួមភេទយូរក្តី ក៏ខ្ញុំមិនអាច បណ្តោយឲ្យអារម្មណ៍របស់ខ្ញុំ ធ្វើផ្តេស​ផ្តាសលើនាងបានទេ។ ខ្ញុំ គ្រាន់តែថើប​ថ្ងាស ដ៏ក្រអូបរបស់នាង ដើម្បីកុំឲ្យ​នាង​អាក់​អន់ចិត្ត បន្ទាប់មក ខ្ញុំទាញ​អាវ​បិទ រាងកាយនាងវិញ រួចបបួលនាង​ចុះមកក្រោម។ មុនពេលខ្ញុំឡើង​រថយន្ត​ចាក​ចេញពីនាងមកភ្នំពេញវិញ អានីតា បានស្ទុះមកឱបខ្ញុំ និងថើបខ្ញុំនៅ​ចំពោះមុខមនុស្សរាប់សិបនាក់ នៅ​មុខផ្ទះសំណាក់ភ្នំខៀវ។  នាងបានស្រក់​ទឹកភ្នែក​​ម្តងទៀត ឯមនុស្សម្នារ ដែលនៅឈរព្រោងព្រាតនោះ បាននាំគ្នា​មើល​មក​ខ្ញុំ និងនាងឡើងស្រឡាំងកាំង។                       មួយសប្តាហ៍ក្រោយមកទៀត ពេលខ្ញុំឡើងមកបាត់ដំបងម្តងទៀត ដើម្បីយករបាយការណ៍លម្អិតអំពីកសិដ្ឋាន និងឆ្លៀតយក​ប្រាក់មកឧបត្ថម្ភឲ្យ​នាងផង ប៉ុន្តែ ខ្ញុំពុំបានជួបនាងទេ។                                              ស្រ្តីវ័យជាង៣០ឆ្នាំ ជា ភរិយាម្ចាស់កសិដ្ឋានបាននិយាយប្រាប់ខ្ញុំថា អានីតា បានលួចយកប្រាក់របស់គាត់ ជាងបីពាន់ដុល្លាររត់ទៅតាម​យុវជន​ម្នាក់នៅប៉ោយប៉ែតបាត់ទៅហើយ។                                                      ការរ៉ាយរ៉ាប់របស់ស្រ្តីនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យចាស់ ដែល​និយាយ​ទេថា កុំឲ្យជឿលើពាក្យអង្វរ កុំជឿលើរូបភាពលត់ជង្គង់លើក​ដៃ​សំពះអង្វរ និងកុំជឿលើតំណក់ទឹកភ្នែក។ ស្រ្តីនេះ បានដៀលនាងថា នាងគឺ​ជា​មនុស្ស​ថោកទាប ឲ្យមកធ្វើការរកលុយចិញ្ចឹមគ្រួសារហើយ នៅឆ្លៀតរត់​តាម​​ប្រុស​ចោលប្អូន ចោលជីដូនចាស់ជារទៀត។                                  តាមទឹកមុខ និងសម្តីរបស់​ស្រ្តីនេះ ខ្ញុំ​ហាក់មិនទាន់ជឿនៅឡើយទេ ព្រោះខ្ញុំនៅចាំសម្តីរបស់ស្រ្តីនេះថា គាត់មិន​ហ៊ានទៅណាឆ្ងាយពីកសិដ្ឋានទេ ព្រោះ​ខ្លាចគេលួចប្តីគាត់។ គាត់​លួច​ត្រឹម​ទ្រព្យ​សម្បត្តិគឺមិនខ្វល់ឡើយ ឯរឿង​ពិ​បាកបំផុត គឺរឿងលួចប្តី។  ខ្ញុំ​គិតថា ស្រ្តីនេះអាចប្រឌិតរឿងអាក្រក់ ដើម្បី​រឿងអាថ៌កំបាំងអ្វីមួយ។                                                 ការនិយាយបែបនេះរបស់ខ្ញុំ  គឺខ្ញុំចង់​សំដៅ​លើ​​អានីតា ដែលតែង​តែធ្វើការ​តែពីរនាក់​របស់គាត់ នៅកន្លែងស្ងាត់កំបាំង ហើយខ្ញុំគិតថា ការធ្វើ​បែប​នេះ អានីតា ប្រឈម​នឹង​ការចាប់រំលោភ​ពីបុរស​នេះខ្លាំងណាស់។  ប៉ុន្តែ ខ្ញុំមិនអាចនិយាយប្រាប់ នាងឲ្យចាកចេញបាន ព្រោះសំអាងថា ស្រ្តីនេះ ជា​មិត្ត​ភក្តិម្តាយនាង។ មិន​អស់​ចិត្ត ខ្ញុំក៏បានសាកល្បងជិះរថយន្តឈ្នួល​ទៅ​ប៉ោយ​ប៉ែតតាមរកនាង។                                                                                          ពេលទៅដល់ប៉ោយប៉ែត ខ្ញុំមិនអាចរកនាងឃើញទេ ព្រោះទីក្រុង​ប៉ោយ​ប៉ែត​គួរសម និងមានមនុស្សចេញចូលទៅមកពីថៃច្រើនស្អេកស្កះ។ អាជ្ញាធរដែនដី គ្មានទិន្នន័យចំនួនមនុស្សស្នាក់នៅច្បាស់លាស់។ ខ្ញុំបាន​ទៅ​អង្គុយរង់ចាំច្រកចេញទៅថៃ អង្គុយចាំនៅកន្លែងកាស៊ីណូ ក្រែងនាងទៅធ្វើ​ការនៅទីនោះ។ មួយថ្ងៃ ពីរថ្ងៃ ខ្ញុំនៅតែមិនអាចរកអានីតា ឃើញ ខ្ញុំនឹកក្នុង​ចិត្ត អាក់អន់ចិត្តចំពោះខ្លួនឯងហាក់ស្តាយក្រោយ។ ល្ងាចខ្លះ ខ្ញុំចូលទៅ​កន្លែង​​កម្សាន្តមាត់អូរជ្រៅ ដើម្បីរកមើលនាងបន្តទៀត ប៉ុន្តែ នៅតែគ្មាន​ប្រយោជន៍។ ដោយសារដើរកនាងច្រើនថ្ងៃហើយនៅតែមិនឃើញ និងដោយ​សាររកកលចង់គ្រុនផង ខ្ញុំក៏ចូលទៅកន្លែងម៉ាស្សា ដ៏តូចចង្អៀត គ្មានផាសុខ​ភាពមួយ នៅផ្សារអគ្គ។ ខ្ញុំបាន​ជួបនាង នៅក្នុងហាងម៉ាស្សា ដ៏តូចចង្អៀត និង​មិនទំនើបមួយនេះ។  នាងគឺជាសរីម៉ាស្សា ឲ្យខ្ញុំដោយផ្ទាល់ដៃ។ ខ្ញុំបាន​សួរ​នាង ពីរឿងនេះ នាងប្រាប់ខ្ញុំថា នាងត្រូវបុរស​ម្ចាស់កសិដ្ឋាន​ចាប់​រំលោភ​បាន​ពីរដង ហើយក្រោយមក​ប្រពន្ធ​របស់បុរស​នេះ ខ្លាចបែកការដល់អ្នកដទៃ និង​ខ្លាចបុរសនេះងប់​ស្រលាញ់​នាងជាង ប្រពន្ធបុរសនេះ ក៏ធ្វើជាចោទ​ប្រកាន់ថា នាងលួចលុយ ហើយ​បណ្តេញនាងចេញពីកសិដ្ឋាន។ នាងនិយាយ​ទាំងយំ​ទៀតថា ការពិតស្រ្តី​រូប​នេះ យល់ព្រមឲ្យនាងមកធ្វើការជាមួយ ក៏ព្រោះតែ​ចង់ឲ្យប្តី​នេះរំលោភ​នាង​ដែរ។ គឺគេចង់ឲ្យប្តីគេអាចរួមភេទជាមួយក្មេងស្រ្តី ដែលនៅហ្សីន ជាជាងឲ្យ​ប្តីទៅរកស្រីខាងក្រៅ នៅតាមហាង ឬក្លិបកម្សាន្ត ដែលប្រឈមនឹងការ​ឆ្លង​រោគ។  នាងថា ពេលខ្លះស្រ្តីរូបនេះ ហាក់ផ្តល់​ឱកាស​​ឲ្យនាងនៅតែពីរនាក់ប្តី ដើម្បីឲ្យប្តីនេះ បានរំលោភនាងផងដែរ។ នាង ក៏បាន​​រ៉ាយរ៉ាប់ប្រាប់ខ្ញុំផងដែរថា នាងមកដល់ទីនេះ ទើបតែបានប្រំា​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នាងបានរួមភេទជាមួយបុរសៗ បានប្រេមាណជាងម្ភៃនាក់។ នាងថា ក្នុងមួយថ្ងៃ នាងត្រូវតែរួមភេទ ទាំងដោយបង្ខំ និងមិនបង្ខំ​ជាមួយ​បុរស ដែល​នាងមិនបានស្រលាញ់ឬពេញចិត្ត យ៉ាងហោចពីបី ទៅ៧នាក់ដែរ​ហើយ​ក្នុង​​ម្នាក់ នាងត្រូវចំណាយពេលពីម្ភៃទៅសាមសិបនាទី ជាថ្នូរនឹងប្រាក់​ពីរ​រយ​បាតទៅបីរយបាត ឬស្មើនឹងពីពីរទៅបីម៉ឺនរៀល ឬប្រំាដុល្លារ។ នាងថា បុរសៗ​នៅប៉ោយប៉ែត មិនសូវមានមនោសញ្ចេតនាទេ មើលទៅច្រើនតែអ្នក​ប្រើ​ប្រាស់ថ្នាំញៀន ហើយមករកនាងនៅពេលពួកគេស្រវឹង។                  ឮសម្តីរបស់នាង ខ្ញុំនិយាយអ្វីក៏លែងចេញ បានត្រឹមតែមើលមុខនាង ទាំងសោកស្តាយ ដែលមិនបានជួយនាង។ ក្រោយពីម៉ាស្សារួច ខ្ញុំក៏បបួលនាង ទៅទទួលអាហារនៅព្រំដែន។ ខ្ញុំសាកល្បងព្យាយាមនិយាយជា​មួយពីនេះ​ពីនោះ ដើម្បីឲ្យនាងបំភ្លេចរឿងរ៉ាវនៃការឈឺចាប់ទាំងឡាយ តែនាងហាក់​មិនអាចបំភ្លេចបាន។ ខ្ញុំក៏ចង់ប្រាប់នាងដែរថា ខ្ញុំនឹងជម្នះ​យកនាងមកនៅភ្នំ​
ពេញជាមួយគ្រួសារខ្ញុំ និងបន្ទាប់មក ខ្ញុំនឹងសុំរៀបការជាមួយនាង ប៉ុន្តែ ពេលនេះ បានផ្លាស់ប្តូរអស់។ នាងនិយាយហាក់មិនចាប់អារម្មណ៍និងសម្តី របស់ខ្ញុំ ។ អារម្មណ៍របស់នាង លែងបង្ហាញពីការស្និទ្ធស្នាលជាមួយខ្ញុំ។ នាង ហាក់ព្រងើយកន្តើយ ហើយនិយាយថា នាងចង់រៀបការ និងរស់នៅបម្រើ​មនុស្សម្នាក់ តែនាងហាក់គ្មានសំណាង និងមានសិទ្ធិនឹងស្រលាញ់គេបាន។ ស្តាប់ទៅ ខ្ញុំហាក់ដឹងថា នាងកំពុងនិយាយសំដៅលើខ្ញុំ តែមិនហ៊ានរំខាននាង ខ្ញុំនៅតែព្យាយាមនិយាយពង្វាង ធ្វើយ៉ាងណា ឲ្យនាងយល់ពីការស្តាយ​របស់​ខ្ញុំ និងយល់ពីបំណងល្អរបស់ខ្ញុំ។                                                                               នៅក្នុងបន្ទប់ផ្ទះម៉ាស្សា ដ៏មានក្លិនផ្តុស និងឆ្អេះ អានីតា បានបបួល ឲ្យខ្ញុំរួមភេទជាមួយនាង ដើម្បីឲ្យនាង អាចបានកម្រៃបន្ថែមពីលើថ្លៃម៉ាស្សា បន្ថែមទៀត។ នាងថា តម្លៃម៉ាស្សា បានត្រឹមតែ១៨០បាត ឬស្មើនឹងមួយ​ម៉ឺន​ប្រាំបីពាន់រៀលនេះ មិនអាចធ្វើឲ្យនាងផ្ញើទៅប្អូន និងជីដូននាងបានទេ ព្រោះ ម្ចាស់ផ្ទះម៉ស្សា គេបានដកយកអស់ មួយម៉ឺនរៀលទៅហើយ។ ខ្ញុំមានបំណង ថា នឹងផ្តល់ឲ្យនាងចំនួនម្ភៃ ទៅសាមសិបដុល្លារ ដោយមិនបាច់រួមភេទជា មួយនាង ប៉ុន្តែ ពេលខ្ញុំនិយាយជាមួយនាង នាងបានបដិសេធ។ នាងថា នាង​មិនយកប្រាក់ ឬទ្រព្យសម្បត្តិរបស់គេ ដោយមិនបានធ្វើអ្វីជាប្រយោជន៍​ដល់​គេនោះទេ។  ឮសម្តីនាងបែបនេះ ខ្ញុំក៏នៅស្ងៀម ហើយគិតថា នឹងរកមធ្យោ បាយរំដោះនាងចេញពីពិភពដ៏អាប់អួរនេះ ឬអាចខ្ញុំនឹងរៀបការជាមួយ នៅ ពេលណាមួយ ដែលនាងយល់ព្រមរៀបការជាមួយខ្ញុំ។

No comments:

Post a Comment

ខ្មែរទន្លេតូច