Sunday, October 25, 2015

ចម្លើយសារភាព របស់លោក ហូ នឹម នៅគុកទួលស្លែង


គោរពជូនបក្សកុម្មុយនីស្ត កម្ពុជា លើសពីជីវិតរបស់ខ្ញុំ។ គោរពជូនបងប៉ុល បងនួន បងវ៉ាន់ បងវន សមមិត្តខៀវ សមមិត្តហែម ជាទីគរពស្នេហា។
ថ្ងៃនេះ ១០ មេសា ឆ្នាំ​១៩៧៧ ដែលខ្ញុំកំពុងតែមមាញឹក រៀបចំកម្មវិធីផ្សាយវិទ្យុ ទទួលអំណរបុណ្យខួបទី២ នៃមហាជ័យជម្នះ ១៧ មេសា ១៩៧៥ តាមទូរស័ព្ទ សមមិត្ត ប៉ង់ បានហៅខ្ញុំ មកធ្វើការជាមួយអង្គការ។ ពេលមិត្តយុទ្ធជនចាប់ខ្ញុំ ខ្ញុំភ្ញាក់ក្រញាង មិនស្មានថាយ៉ាងនេះសោះ ហើយដំបូងក៏ពុំស្មានថា ក្រុមសមមិតុ្តប៉ង់ទេ ព្រោះខ្ញុំគ្មានខ្លួនទេ។ ខ្ញុំឥតមានក្បត់បក្សទេ ខ្ញុំស្មោះត្រង់ ។ ខ្ញុំសង្ស័យដែរថា អាចមានខ្មាំងណាវាឆ្លើយដាក់ ។ ដល់មកដល់កន្លែងឃុំឃំាង សមមិត្តទទួលខុសត្រូវ ខាងនគរបាល ក៏បានសួរខ្ញុំថា ស្គាល់កុយ ធួន ភោគ ឆាយ តូច ភឿនទេ?។ ខ្ញុំចាប់អារម្មណ៍ភ្លាម នឹកក្នុងចិត្តថា ច្បាស់ជាមានពួកក្បត់ វាឆ្លើយដាក់ ដើម្បី កម្ទេចខ្ញុំ ដែលស្មោះត្រង់នឹងបក្ស ហើយប្តូរផ្តាច់ការពារមាគ៌ាបក្សស្មើនឹងជីវិត។
មានសមមិត្តទទួលខុសត្រូវខាងនគរបាលម្នាក់ទៀត បានចោទសួរខ្ញុំពីរឿងថា (បង្កើតបក្ស ថ្មី) ខ្ញុំនឹកឃើញពេលថ្មីៗនេះ កាលឆ្លងជីវទស្សន៍បដិវត្តន៍ នៅសាលាបក្សបុរីកីឡា ខែ១១ ១៩៧៦ ឮសមមិត្តឆយ លើកពីភោគ ឆាយ ហើយនិយាយពីរឿងបង្កើតបក្ស។ ខ្ញុំនឹកថា ខ្មាំងដើរឧបាយកលខ្មៅងងឹតយ៉ាងនេះ ខ្ញុំខំពាក់ព័ន្ធជូនអង្គការដោយស្មោះត្រង់ ដើម្បីអង្គ ជួយវិនិច្ឆ័យដោយយុត្តិធម៌។
ខ្ញុំសូមជម្រាបជួនបក្សជាដាច់ខាតថា ខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារសេអ៊ីអា ឬភ្នាក់ងារពួកយួន ពួកអាស៊ឺង ង៉ុកថាន់ ឬពួកសើររើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយបំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ ក៏ខ្ញុំនៅតែឆ្លើយនិងមានជំហរ ដាច់ខាតយ៉ាងនេះ។
ជាដំបូងនេះ សូមបក្សអនុគ្រោះ ខ្ញុំមិនរត់ទៅណាទេ។ បក្សឃុំឃំាងខ្ញុំ ក៏ឃុំឃំាងចុះ តែសូម បក្សអនុគ្រោះ កុំបាច់ចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ ហើយសម្រាកពុំបាន។ ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវ មានកម្លាំងទេ។ សូមបក្សពិនិត្យ និងមេត្តាដោយអនុគ្រោះ។ ខ្ញុំមិនរត់ទៅណាទេ បើខ្ញុំរត់ បក្សបាញ់សម្លាប់ខ្ញុំចុះ។
ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រាដង្ហើមចុងក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធ ពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យបានពឹស្តារ។ ដោយខ្ញុំអង្គុយមិនបានយូរ ខ្ញុំសូមរាយការណ៍ជូនបក្ស ជាបឋមដូចតទៅ…
១.ចំណុចពាក់ព័ន្ធខ្លះ ដែលខ្ញុំពាក់ព័ន្ធសូមជូនដូចខាងក្រោមនេះ។
ខ្ញុំធ្លាប់លើក ក្នុងជីវទស្សន៍បដិវត្តន៍ ពិសេសកាលពីខែ៩ ឆ្នាំ១៩៧០ ជាមួយបងប៉ុល បងនួន សមមិត្តហែម នៅមន្ទីរ៨៧០ ជិតស្ទឹងជីនិត ពេលធ្វើបុណ្យខួបបក្ស ហើយដែលពេលនោះ បងប៉ុល ឧទ្ទេសនាមប្រវត្តិបក្ស។
ខ្ញុំបានរាយការណ៍ហើយ កាលខ្ញុំនៅជាកូនសិស្ស(១៩៥១. ១៩៥២) ខ្ញុំមានជំហរស្នេហាជាតិ ខ្ញុំប្រឆាំងអាណានិគមន៍បារាំង ។ កាលនោះ នៅសាលា យុវជន និងសិស្ ព្រមទាំង មហាជន មានការភ័ន្តច្រឡំនឹងពួកអា សឺង ង៉ុកថាន់ ក្បត់ជាតិ ស្មានថាវាស្នេហាជាតិ។ នៅវិទ្យាល័យស៊ីសុវត្ថិ អាសឈង ង៉ុកថាន់ មកភ្នំពេញ សិស្សក៏មានហែរក្បួនទទួលវា។ ខ្ញុំ ក៏ភ័ន្តច្រឡំដូចសិស្សឯទៀតដែរ។
នៅឆ្នាំ១៩៥២ នៅសាលាស៊ីសុវត្ថិ មានចលនាសិស្ស ដែលមាននិន្នាការអាសឺង ង៉ុកថាន់ ។ ពេលនោះមានឈ្មោះអា អ៊ុង ស៊ីម ជាមេ។ (ខ្ញុំបានឆ្លងជីវទស្សន៍ និងរាយការណ៍ជូនអង្គការរួចហើយ) ថា អា អ៊ុង ស៊ីម នេះវាបានបបួលសិស្សមួយចំនួន ឲ្យចូលព្រៃជាមួយវា។ ក្នុងនោះ វាបបួលខ្ញុំដែរ ខ្ញុំបានប្រកែកមិនព្រមទៅជាមួយវា ហើយខ្ញុំបានទៅការប្រពន្ធ គឺ ដណ្តឹងគ្រួសារ គឺសមមិត្ត (យាត) នៅទន្លេបិទ ហើយខ្ញុំបន្តការសិក្សានៅភ្នំពេញ។ ដើម្បី ចិញ្ចឹមគ្រួសារផង ខ្ញុំបង្រៀនសាលាឈ្នួល កាលណោះ សាលាកម្ពុជបុត្រ។ បន្ទាប់មក ខ្ញុំបានសុំការងារជាអ្នក(តែងសេចក្តី) ធ្វើការនៅក្រសួងផែនការ។
ឆ្នាំ១៩៥៥ ក្រោយហ្សឺណែវ(សន្ធិសញ្ញាហ្សឺណែវ)ហើយ ក៏មានការបោះឆ្នោត។ ខ្ញុំបានរាយ ការណ៍ជូនអង្គការហើយ ពេលនោះខ្ញុំចូលរួមឃោសនាបោះឆ្នោត ក្នុងគណបក្សប្រជាធិបតេយ្យ តាមទស្សនៈ (ការពារនយោបាយអព្យាក្រិត និងប្រឆាំងចក្រព័ត្តអាមេរិក)។
ពីដើមឡើយ ខ្ញុំមានសមានចិត្តមែន ជាមួយពួកអាសឺង ង៉ុកថាន់ តែក្រោយមក ខ្ញុំដឹងថាវា ក្បត់ជាតិ ជាពួកអាខ្មែរសេរី អាប្រជាចលនា ខ្ញុំក៏ប្រឆាំងវា។ ភស្តុតាងក្នុងសារព័ត៌មាន ក៏ខ្ញុំ បានសរសេរវាយប្រហារវាដែរ។
ក្រោយពេលបោះឆ្នោត ខ្មាំងរកចាប់ខ្ញុំដែរ។ ខ្ញុំបានអាហារូបករណ៍ ខ្ញុំបានចេញទៅរៀននៅប្រទេសបារាំង (សាលាគយ និងសាលាច្បាប់) ។ ពេលនោះ ខ្ញុំបានជួបហ៊ូ យន់ និងឃៀង ខាអុន ដេរ តែជជែកមិនទាន់ចុះសម្រុងគ្នា ដោយខ្ញុំប្រឆាំងយួន។ ខ្ញុំមិនយល់ ស្របឲ្យបក្សកុម្មុយនីស្តកម្ពុជា ក្រោមអំណាចយួន ឬបរទេសណាទេ។ សូមជម្រាប់ថា ពេលឆ្នាំ១៩៥៥ .១៩៥៧ ខ្ញុំក៏ពុំទាន់មានសមានចិត្ត ចំពោះក្រុមប្រជាជនដែរ ព្រោះខ្ញុំឮថា ឋិតក្រោមអំណាចយួន ឬបក្សកុម្មុយនីស្តឥណ្ឌូចិន។
ឆ្នាំ១៩៥៧ ខ្ញុំត្រឡប់មកកម្ពុជាវិញ ខ្ញុំធ្វើតំណាងរាស្រ្តរហូត។ ខ្ញុំរួមសកម្មភាពនយោបាយជា
យ មិត្តអ៊ុច វ៉ែន ហ៊ូ យន់ និងខៀវ សំផន។ សកម្មភាពខ្ញុំដូចបក្ស និងមហាជនជ្រាបហើយ។ ខ្ញុំបានចូលរួម គណៈប្រតិភូព័ត៌មាន …
 (ពេលនោះ ខ្ញុំសរសេរកាសែត ប្រជាសេរី ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ ពេលនោះ ធ្វើជាមួយ អាស៊ឹម វ៉ា គ្មានសេអ៊ីអា ណាចាត់តាំងខ្ញុំទេ)។ នៅឆ្នាំ១៩៥៨ ខ្ញុំទៅទស្សនកិច្ចនៅអឺរ៉ុបខាងកើត។ ឆ្នាំ១៩៦១ រដ្ឋសភា ចាត់តាំងខ្ញុំ ឲ្យធ្វើជាសមាជិកទៅចូលរួម សន្និសីទ ប៊ែលក្រាត (ប្រទេសមិនចូលបក្សសម្ព័ន្ធលើកទី១) រួចហើយបន្តទៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅគណៈកម្មការទី៤ ខ្ញុំប្រឆាំងចក្រព័ត្តនិយម និងការពារបដិវត្តន៍អាហ្វ្រិក។ ពេលត្រឡប់មកដល់ភ្នំពេញវិញ សីហនុជេរខ្ញុំ។ ឈ្មោះខ្ញុំ និងយោបល់ខ្ញុំ មានកត់ត្រា ក្នុងសារបានអង្គការសហប្រជាជាតិស្រាប់។ ពេលនៅសហរដ្ឋអាមេរិក គ្មានភ្នាក់ងារ សេអ៊ីអា ណាមកទាក់ទងខ្ញុំ និងចាត់តាំងខ្ញុំ ឲ្យបម្រើវាទេ។
ឆ្នាំ១៩៦៣ ពេលខ្ញុំសតរសេរសារព័ត៌មាន អ្នកជាតិនិយម ខ្ញុំត្រូវបានប្រទេសចិន ប្រជាមា និត អញ្ជើញទៅធ្វើទស្សនកិច្ច និងរួចបន្តទៅកូរ៉េខាងជើង ដែលខ្ញុំចាប់អារម្មណ៍ជាខ្លាំង ចំពោះការលូតលាស់ របស់ប្រទេសទំាងពីរ។ រួចខ្ញុំ មកធ្វើទស្សនកិច្ចនៅហាណូយ ។ ហូ ជីមិញ បានទទួលខ្ញុំ និងគ្រួសារខ្ញុំ ។ ពេលនោះ យួន គ្មាននិយាយពីនយិបាយ ឬចាត់តាំងខ្ញុំ ឲ្យធ្វើភ្នាក់ងារវាទេ។ តាំងពីដើមមក ដូចអង្គការតែងជ្រាប ខ្ញុំប្រឆាំងយួន ព្រោះវារំលោភលើប្រទេសយើងជានិច្ច។ ខ្ញុំធ្លាប់ពាក់ព័ន្ធជីវទស្សន៍ ជាមួយសមមិត្តហែម អំពីបញ្ហានេះ ដែរ។ ខ្ញុំមានសមានចិត្តចំពោះចិន និងកូរ៉េ ប្រជាមានិត។ ខ្ញុំ១៩៦៥ ចិនអញ្ជើញខ្ញុំម្តងទៀត ពេលនោះ ខ្ញុំក្នុងឋានៈ ជាប្រធានគណៈប្រតិភូខ្មែរ .ចិន។
២.អំពីសកម្មភាពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៧ នៅក្នុងប្រទេស គឺមុនខ្ញុំ ដកខ្លួនមកចូលព្រៃ បក្សក៏បានជ្រាបជាបន្តបន្ទាប់។
ខ្ញុំសូមជម្រាបជូនបក្សថែម។ ខ្ញុំធ្លាប់ដឹកនាំមិត្តភាពខ្មែរចិន ។ ឯសមាសភាព ខ្ញុំក្តាប់មិនបានអស់ទេ។ ខាងចំរើន គឺមិត្តអ៊ុច វ៉ែន អ្នកឲ្យបញ្ជីទៅខ្ញុំពេលបោះឆ្នោតម្តងៗ។
នៅសភា ដូចខ្ញុំបានជម្រាប ខ្ញុំច្រើនរួមជាមួយមិត្តខៀវ សំផន ហ៊ូ យន់។ មិត្តខៀវ សំផន ច្រើន ជួយណែនាំខ្ញុំ ឲ្យតស៊ូ និងយកជំហរ រឹងប៉ឹង នូវគ្រប់បញ្ហា ក្នុងការតស៊ូ ប្រឆាំងចក្រព័ត្តអាមេរិក និងវណ្ណៈជិះជាន់។ ពីឆ្នាំ១៩៥៧ មក១៩៦២ យើងឧស្សាហ៍ជួបជុំគ្នា ពិភាក្សាពីទស្សនៈសភាពការណ៍ ពិសេសនៅក្នុងប្រទេស ឬនៅបរទេស(ច្បាប់ដើមសរសេរថា ពិសេសនៅប្រទេសខ្ញុំ)។ មិត្តយើងបានយកឯកសារឡេ នីន (រដ្ឋ និងការបដិវត្តន៍ អាន ) ពេលទៅប្រទេសចិន និងមកវិញ ខ្ញុំចាប់អានបទនិពន្ធរបស់ម៉ៅ សេទុង ច្រើន។ ខ្ញុំបានទាំងបកប្រែជាភា សាខ្មែរ នូវបទនិពន្ធនេះទៀត។ ខ្ញុំពុំដែលបានអានឯកសារបក្សទេ ហើយលក្ខ ន្តិកៈបក្ស ក៏ខ្ញុំពុំដែលស្គាល់។ នរណាដឹកនាំ ក៏ខ្ញុំមិនដឹង។ ពេលនោះ ខ្ញុំប៉ាន់ប្រមាណថា អ៊ុច វ៉ែន ហ៊ូ យន់ ខៀវ សំផន។
ចាប់ពីឆ្នាំ១៩៦៣ អ៊ុច វ៉ែន ហ៊ូ យន់ និងខ្ញុំ ច្រើនមានទំនាស់ ពីបញ្ហាសើររើនិយម ។ ខ្ញុំប្រឆាំងសើររើនិយម សូវៀត ហើយគំាទ្រចិន ឯមិត្តទំាងពីរគំាទ្រសូវៀត។ ដូច្នេះហើយ ចេះតែ មានទំនាស់គ្នាជាប់។
នៅឆ្នាំ១៩៦៥ ឬ១៩៦៦ ខ្ញុំមិនចាំច្បាស់ ខ្ញុំមាននិយាយមែន ក្នុងពេលជិះឡាន ជាមួយប៉ុក ឌឺសកុមារ ភោគ ឆាយ ថា (យី បើអ៊ុច វ៉ែន ហ៊ូ យន់ សើររើនិយមអ៊ីចឹង យើងបង្កើតបក្ស មួយទៀតទៅ) ពេលនោះខ្ញុំបាននិយាយ ព្រោះបានឮពីឈ្មោះ វ៉ាន់ ទិព្វសុវណ្ណ និយាយ យ៉ាងនេះដែរ។ តាំងពីពេលនោះមកខ្ញុំភ្លេចរហូត។ ខ្ញុំពុំបាននឹកនា ដល់រឿងនេះទេ ហើយខ្ញុំ ពុំដែលបានលើកក្នុងជីវទស្សន៍ ព្រោះការនេះ និយាយលេង មិនស្មានថា មាននរណារាយការណ៍ និងចោទខ្ញុំយ៉ាងណាសោះ។ ទើបតែកាលពីខែ១១ ឆ្នាំ១៩៧៦ នេះ ខ្ញុំភ្ញាក់ព្រើត ពេលឆ្លងជីវទស្សន៍នៅសាលាបក្ស ក្នុងក្រុម ដែលសមមិត្តអាត .ទូច (ភោគ ឆាយ) ចូលរួម និងសមមិត្តឆយ គាត់លើកសំណួរទៅភោគឆាយ អំពីការដែលថា នៅភ្នំពេញ ជឿតែថ្នាក់ លើ គឺបញ្ញាជន មិនជឿលើមហាជនខាងក្រោមថា ដែលពេលនោះ ខ្ញុំបម្រុងបង្កើតបក្សមួយ។ ឮយ៉ាងនេះ ខ្ញុំភ្ញាក់ព្រើត ខ្ញុំនឹកគិតថា ពេលនោះ ខ្ញុំនិយាយលេងសោះ ម៉េចបានជានរណារាយការណ៍អង្គការថា ខ្ញុំបង្កើតបក្ស?។ ខ្ញុំដឹងថា មានតែភោគ ឆាយទេ។ តើភោគ ឆាយ រាយការណ៍យ៉ាងម៉េច ខ្ញុំមិនដឹងទេ។ តើភោគ ឆាយ បានបង្កើតដល់ទៅលក្ខន្តិកៈ បក្សយ៉ាងណា ហើយអ្នកណាបង្គាប់ឲ្យធ្វើ ខ្ញុំឥតដឹងដែរ។ ឯចំពោះខ្ញុំ ខ្ញុំនិយាយតែប៉ុណ្ណោះ ចប់រហូត។ ខ្ញុំមិនដែលទៅចាត់តាំងនរណា ឲ្យប្រមូលសមាជិកបក្សស្អីទេ ហើយក៏មិន ដែលបង្កើតលក្ខន្តិកៈស្អីដែរ។ ចក្រព័ត្តអាមេរិក សើររើនិយម ឬបរទេសណា ក៏ឥតទាក់ទងខ្ញុំឲ្យបង្កើតដែរ។
ពេលខ្ញុំចេញពីភ្នំពេញផុត ខែតុលា ឆ្នាំ១៩៦៧ ភោគ ឆាយ មិនដាច់ខាត ត្រូវខ្មាំងចាប់បាន ហើយជាប់គុក។ តើពេលនោះ ភោគ ឆាយ យ៉ាងណា ខ្ញុំក៏អត់ដឹងដែរ ព្រោះខ្ញុំនៅព្រៃ។ ខ្ញុំ ជួបភោគ ឆាយ ពេលដែលអង្គការហៅឲ្យមកធ្វើការជាមួយ។ រឿងនេះ បើភោគ ឆាយ ឆ្លើយដាក់ខ្ញុំបែបនេះ គឺពិតជាឧបាយកលខ្មាំង ព្រោះខ្ញុំ ពុំដែលធ្វើសកម្មភាពបង្កើតបក្ស ប្រឆាំងបក្សទេ។
បើបុគ្គលមាន អ៊ុច វ៉ែន ហ៊ូ យន់ ខ្ញុំមានទំនាស់ជាប់។ អង្គការក៏បានជ្រាបដែរ។
ពេលខ្ញុំមកដល់ព្រៃ ខ្ញុំរស់នៅជាមួយតាម៉ុក និងខ្មោចបងញឹម ដែលជាកម្មាភិបាល ភាគនីរតីដ៏សំខាន់ ហើយក្នុងព្រៃធំ ក្នុងពេលតស៊ូ អាវុធរួមនយោបាយ ខ្ញុំនៅជាមួយតាចាន់ និងសមមិត្តសៅ។ សូមអង្គការសួរចុះ ថាតើខ្ញុំមានធ្វើសកម្មភាពអី ប្រឆាំងបក្សទេ?។ ផ្ទុយ ទៅវិញ ខ្ញុំរីករាយ រំភើបណាស់ ដោយបានឃើញលក្ខន្តិកៈបក្ស ហើយបានចូលបក្ស នៅឆ្នាំ១៩៦៨ នៅភ្នំដំរី។ លក្ខន្តិកៈ បានចែងច្បាស់ គឺប្រឆាំងសើររើនិយម គំនិតនិយម (ប្រហែលគំនិតសួនតួ និយម?)។ ឯទំនាស់ ដែលខ្ញុំមានជាមួយហ៊ូ យន់ គឺមកតែពីទស្សនៈ មិនឯកភាពគ្នានេះឯង។ ខ្ញុំប្រឆាំងហ៊ូ យន់ រហូតមក បក្សក៏ជ្រាបដែរ។
ពេលឆ្នាំ១៩៦៨ .១៩៦៩ នៅនិរតី ជំហរវណ្ណៈអធន ខ្ញុំពុំទាន់រឹងប៉ឹង ហេតុនេះ ខ្ញុំមានការប៉ះទង្គេចខាងសតិអារម្មណ៍ខ្លះ ជាមួយបងម៉ុក ដែលក្រោយមកខ្ញុំភ្ញាក់រលឹក ខ្ញុំស្តាយជាពន់ពេក។

ខ្ញុំសូមជម្រាបថា ខ្ញុំស្គាល់ស្រេង តាមរយៈមិត្តសឹម ហាក់ ហៅសី ប្រធានពេទ្យ១៧មេសា។បច្ចុប្បន្ន ជាគ្រួសារ(ប្រពន្ធ)មិត្ត ទីវ អុល ដែលធ្លាក់ទាក់ទងខ្ញុំ កាលនៅភ្នំពេញ។ ទន្ទឹមនឹងនេះ ពេលបោះឆ្នោត ឆ្នាំ១៩៦៦ ស្រេងក៏បានបំផុតឲ្យមហាជន គំាទ្រខ្ញុំ។ ខ្ញុំដឹងថា បក្សគំាទ្រខ្ញុំ បានខ្ញុំជាប់ឆ្នោត។ ពេលជួបឃួន ខ្ញុំបានសួរឃួនពីមាគ៌ាបក្ស ។ ក្រៅពីមាគ៌ាបក្ស ពេលនោះឃួនគ្មាននិយាយពីបញ្ហាអ្វីទៀតទេ។ ក្រោយមក ការទាក់ទងជា មួយឃួននៅភ្នំពេញនេះ ធម្មតា ដែលអង្គការបានជ្រាបអស់ហើយ។
ឃួនបានបង្កើតបញ្ហាជាច្រើននាំឲ្យស្មុគស្មាញដល់ក្រសួងក៣៣ ក្រសួងបានជ្រាបហើយ ព្រោះគាត់លូកដៃកកូរកកាយមកក្នុងនេះ។ គាត់គ្រប់គ្រងគ្នាគាត់តមកទៀត។
មហាជនឧត្តរ ស្តាប់តែគាត់ ។គាត់បញ្ចុកបន្សីសព្វគ្រប់ រហូតខូចសីលធម៌ជាមួយ នារី( ម៉ៃ ) ដែលអង្គការជ្រាបហើយ។
បងនួន បានចុះទៅដកពិសោធន៍ជាមួយយើងខ្ញុំ ពេលនោះជំហររបស់យើងខ្ញុំក៏ពុំរឹងដែរ។ តែយើងខ្ញុំស្មោះត្រង់នឹងបក្ស គ្មានអ្វីស៊ុំគ្រលំជាមួយឃួនទេ។ ភស្តុតាង ខ្ញុំបានជួបបង ប៉ុល ផ្ទាល់ ហើយបានរាយការណ៍បានពិស្តារផ្ទាល់។ យើងខ្ញុំបានអប់រំបដិវត្តន៍ ពិសេសពួក ឧត្រឲ្យដាច់ពីឃួន ដើម្បីមានជំនឿលើបក្ស។ ឃួនមានឧបាយកលក្បត់ និងមានសកម្មភាព ឧក្រិដ្ឋយ៉ាងណា ខ្ញុំអត់ដឹងទេ ហើយឃួនមិនដែលនិយាយអីចំពោះខ្ញុំដែរ។
មានចំណុចមួយ ដែលខ្ញុំមានការខ្វះខាត គឺពេលពួកឃួន ម៉ម កែវរុន មករាយការណ៍ ពី សមមិត្តសោម ខូចសីលធម៌ជាមួយនារីនៅក.៣៣ ខ្ញុំជឿ ហើយខ្ញុំសួរនារីៗ ក៏ឆ្លើយ ខ្ញុំរាយ ការណ៍ជូនអង្គការ។ អង្គការមានសំណូមពរដាក់សមមិត្តសោមមកវិញ ខ្ញុំពុំព្រម នេះខ្ញុំទទួលខុស សូមអង្គការអធ្យាស្រ័យ។ តែក្នុងនេះ ខ្ញុំគ្មានឧបាយកលក្បត់អីទេ។
ក្រោយពេលដែលអង្គការដកសមមិត្តសោមហើយ ឃួនបានដំណាលប្រាប់ខ្ញុំ ចង់ដាក់ ឈឿនគ្នាគាត់មកក.៣៣។ ខ្ញុំពុំបានឆ្លើយយល់ព្រមទេ។ ពេលនោះ អ្នកផង ព្រមទាំងអង្គការ យើង ពុំដឹងរឿងរ៉ាវរបស់ឃួន ហើយតំណាងពាណិជ្ជកម្មដែរ។ ខ្ញុំខុសដែរ ត្រង់ពុំបានរាយការណ៍ជូនអង្គការ។
ខ្សែឃួន ខ្សែឌឿន ក្បត់យ៉ាងណា ខ្ញុំអត់ដឹងទេ ។ បក្សសម្លាប់ខ្ញុំ ក៏ខ្ញុំនៅតែពុំដឹង ហើយ ខ្ញុំគ្មានចូលដៃជាមួយទេ។ ពេលបក្ស ចាប់ពួកឧត្តរនេះទៀត ក៏ខ្ញុំមិនដឹងដែរ។ ទើបក្រោយមក បានដឹងខ្លះៗ។
បងនួន បានកសាងខ្ញុំ ឲ្យពង្រឹងជំហរស្នេហាជាតិ ខ្ញុំបានពង្រឹង ហើយបានបំពាក់ដល់បក្ស និងមហាជនជាប់។ ខ្ញុំបំពេញភារកិច្ចទំាងយប់ទំាងថ្ងៃ ទោះកម្លាំងខ្សោយដោយរោគថ្លើមក៏ដោយ។ បក្សក.៣៣ ដឹងទំាងអស់ មហាជនដឹងទំាងអស់។ សមមិត្តកូយ ដែលជាប្អូនថ្លៃ បងនួន ជាសមាជិក គណបក្ស ក.៣៣ ក៏ជ្រាប។ ថ្មីៗនេះខាងសាខាសមមិត្តកូយ សមមិត្តជួន បានស្នើឲ្យយើងខ្ញុំ ស្នើអង្គការរកគ្រួសារឲ្យសមមិត្តបក្ខជនម្នាក់ឈ្មោះហឹម នារីដែលស្នើនោះ គឺកូនតាឡេង។នេះគឺខាងសមមិត្តកូយស្នើ។ ដោយក្រោយមកសមមិត្តកូយប្រាប់ខ្ញុំថា នារីនោះត្រូវអង្គការចាប់ខ្លួនទៅហើយ ព្រោះក្បត់ ឪពុកក៏ក្បត់។
មានមហាជនមួយចំនួន ដែលនៅជាមួយតូចភឿន ស.៨ ខ្ញុំធ្លាប់ស្គាល់ធម្មតាខ្លះ ធ្លាប់នៅ ក.៣០០ចាស់ ខ្លះ ប.៩ ដែលអង្គការចាត់តាំងឲ្យខ្ញុំទៅអប់រំ។ មានខ្លះស្គាល់ពីមុន តែស្គាល់ ធម្មតា មិនដែលមានគំនិតឧបាយកលអ្វី ស៊ីរូងក្បត់ទេ។
ក្រៅពីនោះ មានអាក្បត់ឈ្មោះមាន ពីមុនប្រធានកងពល ខ្ញុំទើបស្គាល់ក្រោយរំដោះទេ។ មាន ទៅរកដីច្បារអំពៅ និងសួររឿងលួចមងនៅច្បារអំពៅ តែមិនដែលនិយាយអីប្រឆាំងនឹងបក្សទេ ហើយខ្ញុំគ្មានគំនិតអីទេ។ ពេលចាប់ហើយ និងឧទ្ទេសនាមនៅសាលាបក្សបានដឹងរឿង។
ខ្ញុំរៀបរាប់ពុំទាន់ពឹស្តា អាចភ្លេចភ្លាំង ឬខ្វះចន្លោះ។ តំណាងអង្គការសួរខ្ញុំទៀតចុះ។ ហេតុនេះ សូមអង្គការជ្រាបជាបវរ។ សូមអង្គការជួយវិភាគ និងតាមដានចុះ។ចំពោះខ្ញុំ ចង់ថ្លា ថ្លែង សេចក្តីស្មោះត្រង់​របស់ខ្ញុំចំពោះបក្ស ចំពោះអង្គការ ចំពោះបងៗជាទីគោរពស្នេហា ដោយអស់ពីដួងចិត្តខ្ញុំ។ តែរកសេចក្តីអីមកថ្លាថ្លែង លើសពីនេះពុំបានទេ។
ខ្ញុំសូមជម្រាប់អង្គការ ហើយជម្រាបទៀតថា ខ្ញុំស្រលាញ់ទឹកដីកម្ពុជា ស្រលាញ់បក្ស កុម្មុនីស្តិ៍កម្ពុជា ស្រលាញ់បងប៉ុល ស្រលាញ់បងវ៉ាន់ សមមិត្តខៀវ សមមិត្តហែម បងភឹម បងម៉ុក។ល។ ដែលខ្ញុំគោរពរៀនសូត្រជានិច្ច ហើយស្រលាញ់ប្រពន្ធកូន គ្រួសារខ្ញុំ។ តាំងពីដើមរៀងមក ចង់ឃើញប្រទេសបានរំដោះ ក្រោមទង់បក្ស ហើយប្រជាជនយើងរីករាយ កសាងប្រ ទេសមហារុងរឿង ក្រោមទង់បក្សជារៀងរហូត។ ខ្ញុំគ្មានចិត្តគំនិតអី ក្បត់បក្សទេ ហើយក៏គ្មាន ខ្មាំងសេអ៊ីអាណា ចក្រព័ត្រសើរើនិយមណា ឬពួកយួនណា ឬពួកអាសឹងង៉ុកថាន់ណា មកចាត់តាំងខ្ញុំឲ្យបង្កប់ក្នុងបក្សយើងបំផ្លាញបក្សយើងដែរ។ បើបក្សសម្លាប់ខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយយ៉ាងនេះ រហូតដល់ដង្ហើមចុងបំផុត។
សូមបក្សជួយវិនិច្ឆ័យដោយអនុគ្រោះ ឲ្យខ្ញុំបានចូលរួមបុណ្យខួបទី២ នៃ១៧មេសាផង ។ ខ្ញុំបម្រើបក្សមួយជីវិត ស្លាប់ក្រោមទង់បក្ស។
ជូនពរបងៗ សូមមានសុខភាពបរិបូរ និងជ័យជម្នះ ។
គារវកិច្ចបដិវត្តន៍ យ៉ាងជ្រាលជ្រៅ។
«ភាស់»
១០. ០៤. ៧៧
ថ្ងៃទី១០ មេសា ១៩៧៧នេះ ខ្ញុំមិននឹកស្មានសោះថា ក្រុមនគរបាលរបស់អង្គការចាប់ខ្ញុំឃុំឃំាង ព្រោះក្នុងខ្លួនខ្ញុំ ខ្ញុំដឹងថា ខ្ញុំអត់ដែលបែបកបែរពីបក្សម្តងណាឡើយ។
ឯប្រវត្តិរូវ និងជីវទស្សន៍របស់ខ្ញុំ ក៏បក្សក្តាប់បានជាហូរហែរ។ ដោយសមមិត្តខាងនគរបាល លើកបញ្ហាមួយចំនួន ពិសេសទាក់ទងនឹងឈ្មោះភោគ ឆាយ កុយធួន តូចភឿន។

          (នៅមានត?)

ចម្លើយសារភាព របស់ភោគឆាយ នៅគុកទួលស្លែង


សេចក្តីរាយការណ៍ ជូនអង្គការ បក្ស ជូនក្រសួង និងជូនបងៗ។
សូមគោរពអង្គការ បក្ស ជាទីគោរព ស្មោះជីវិត។
សូមគោរពបងៗ ជាទីគោរព ស្នេហា ស្មើជីវិត។
ខ្ញុំរន្ធត់ញាប់ញ័រក្រៃលែង រកថ្លែងពុំបាន។ កាន់ស្លាបប៉ាកកាសរសេរសេចក្តីរាយការណ៍ជូនអង្គ ការ ជូនក្រសួង ស្ទើរពុំបាន។ខ្ញុំមានការតក់ស្លុតពន់ប្រមាណ មិននឹកស្មានថា ត្រូវធ្លាក់ខ្លួនយ៉ាងនេះសោះ។ ឥឡូវខ្លួនខ្ញុំ ប្រឿបបាននឹងគ្រួសមួយដុំតូច ដែលរមៀលធ្លាក់ទៅក្នុងជ្រោះ ដ៏ សែនជ្រៅ ងងឹត គ្មានឃើញបាត កោះត្រើយឡើយ។ ខ្ញុំមានសង្ឃឹមតែម្យ៉ាង គឺសង្ឃឹមលើពន្លឺមាគ៌ាបដិវត្តន៍ ដ៏ចិញ្ចាចចិញ្ចែង របស់បក្សកុម្មុយនីស្តិ៍កម្ពុជា តែមួយគត់ ដែលអាចជួយស្រោចស្រង់ខ្លួនឲ្យរស់រានមានជីវិតតទៅទៀរ។ ហេតុនេះ ខ្ញុំសូមអង្វរ ក ចំពោះអង្គការ ចំពោះបក្ស ចំពោះក្រសួង ចំពោះបងៗ ជាទីគោរពស្នេហា សូមមេត្តាសណ្តោសប្រោសប្រណី អនុគ្រោះជាលើកចុងក្រោយបំផុត ឲ្យខ្ញុំធ្វើសេចក្តីរាយការណ៍ ជូនអំពីប្រវត្តិ និងសកម្មភាពរបស់ខ្លួន បន្ថែម។
តាមពិត អង្គការ បក្ស ក្តាប់បានប្រវត្តិរបស់ខ្ញុំរួចហើយ ក្តាប់ចំនុចខ្សោយរបស់ខ្ញុំរួចហើយ ក្តាប់ ការខ្វះខាត របស់ខ្ញុំរួចហើយ។ ប៉ុន្តែ ខ្ញុំសូមសម្តែងការស្មោះត្រង់ របស់ខ្ញុំម្តងទៀត ការល្ងិត ល្ងង់ខ្លៅរបស់ខ្ញុំម្តងទៀត ដើម្បីសូមសេចក្តីសណ្តោស ប្រោសប្រណីពីអង្គការ បក្ស ពីក្រសួង និងបងៗ។
កន្លងមក បក្សបានអប់រំ បំពាក់បំប៉នខ្ញុំ មិនដែលលោះពេលណាឡើយ ពិសេសបងៗតែងអនុគ្រោះ ឲ្យរស់នៅជាមួយ ទុកដូចជាប្អូន ជាកូន ជាសាច់ ជាឈាមដូច្នេះដែរ។ ខ្ញុំមានការឈឺចាប់ និងសោកស្តាយខ្លាំងណាស់ រកអ្វីមកប្រៀបពុំបានឡើយ។ នេះអាស្រ័យមកពីទស្សនៈ និងគោលជំហររបស់ខ្លួន មិនបដិវត្តន៍ ។ វាទាញឲ្យដាច់ពីមហាចលនា សង្គមនិយម។
ខ្ញុំសូមស្មោះត្រង់ចំពោះបក្ស ចំពោះក្រសួង ចំពោះបងៗ ដែលទាក់ទងនឹងជីវិតខ្ញុំ ទំាងនៅ សម័យមុន ចូលរួមធ្វើបដិវត្តន៍ ទំាងក្នុងសម័យធ្វើបដិវត្តន៍។
អំពីប្រវត្តិដើម
១. ជីវភាពរស់នៅភ្នំពេញ ដល់ឆ្នាំ១៩៦២
បក្សបានជ្រាប់ហើយ ឪពុកម្តាយខ្ញុំក្រីក្រណាស់។ឯខ្លួនខ្ញុំតាំងពីតូចមក លំបាកតោកយ៉ាក ណាស់ រស់នៅតែនឹងជាមួយវត្តលោក។ខ្ញុំ បានមករស់នៅភ្នំពេញ ដើម្បីបន្តការរៀនសូត្រ ដោយគ្មានសាច់ញាតិ បងប្អូនឯណា សម្រាប់ជួយឧបត្ថម្ភឬពឹងពាក់ឡើយ។
ចាប់តាំងពីឆ្នាំ១៩៥៦មក ដើម្បីបានរៀន សូត្រតទៅទៀត ហើយ បានប្រាក់ចិញ្ចឹមជីវិតផង ខ្ញុំ
បានទៅ ដើរសុំសាលាឯកជនបង្រៀន។ ប៉ុន្តែពេលនោះខ្ញុំ មិនបានគិតគូរយកនយោបាយជា មូលដ្ឋានសោះ។ មិនបានជ្រើសរើសសាលាទេ ព្រោះសាលាធំៗ គេមិនទទួល។ ដូច្នេះ ខ្ញុំបាន បង្រៀននៅសាលាបី គឺសាលាចតុមុខ នៅឆ្នាំ១៩៥៩ ដល់៦០ សាលាប្រសើរសិក្សា និងខេមរា នៅឆ្នាំ១៩៦០ ដល់៦១។ ក្រោយមក ខ្ញុំបានជួបបងអ៊ូច វ៉ែន នៅសាលាច្បាប់ គាត់ហៅឲ្យខ្ញុំទៅចម្រើនវិជ្ជាវិញ ក្នុងឆ្នាំ១៩៦១ ៦២ ដោយប្រាប់ថា សាលាចម្រើនវិជ្ជា ជាសាលារបស់អាលន់ ណុន ប្អូនប្រសុអាលន់នល់ទេ។ ខ្ញុំក៏បានធ្វើតាមគាត់ ហើយបងវ៉ែន ក៏នាំខ្ញុំឲ្យចូលរួម សរសេរកាសែតបារាំង (ឡាយប៉េស)ផងដែរ។
ដូច្នេះ ចាប់ពីឆ្នាំ១៩៦១មក សកម្មភាពរបស់ខ្ញុំ គឺរៀននៅសាលាច្បាប់ផង បង្រៀននៅចម្រើនវិជ្ជាផង និងរួមសរសេរកាសែតផង។
ខ្ញុំស្រលាញ់បដិវត្តន៍ ចង់ធ្វើបដិវត្តន៍។ ស្គាល់បងអ៊ុច វ៉ែនដំបូង ក៏ចាត់ទុកគាត់ជាអ្នកបដិវត្តន៍គំ រូមួយរូប ហើយទាក់ទងមករហូត។ តែក៏មិនទាន់ច្បាស់ថាបងវ៉ែននៅក្នុងបក្សដែរ ឬក៏មានតួនាទីអ្វីដែរ។ គ្រាន់តែដឹងថា សាលាចម្រើនវិជ្ជា ជាសាលាចម្រើន ហើយមានរូបគាត់ជាប្រធាន។
នៅក្នុងសាលាច្បាប់ ខ្ញុំក៏បានចូលរួមបង្កើត សមាគមនិស្សិតសាលាច្បាប់ដែរ ហើយថ្ងៃក្រោយមក សមាគមនេះ ក៏ពង្រីកទៅជាសមាគមនិស្សិតទូទៅ ដោយមានបងវ៉ែន ដែលពេលនោះ គាត់ធ្វើជាលេខាធិការ បណ្ណាល័យ ជួយជាគមនិតស្ងាត់កំបាំងតែមិនចេញមុខ។
២. ក្រោយពេលបញ្ចប់ការសិក្សា នៅសាលាច្បាប់
ក្រោយពេលបញ្ចប់ការសិក្សា នៅឆ្នាំ១៩៦៣ ខ្ញុំបានទៅសុំការងារធ្វើ ឯក្រសួងការបរទេស ដោយមានប៉ុក ដឺសកុមារ និងសារិន្ទឆាក ជួយផង។ បងប៉ុក ដឺសកុមារ និងខ្លួនខ្ញុំ បានលាឈប់ទាំងពីរនាក់។មូលហេតុនៃការលាឈប់ទី១ គឺ ក្រសួងវាពុករលួយ វាជិះជាន់ខ្លាំងវាទាម ទារឲ្យសូកប៉ាន់វា ជាពិសេសអាហួត សម្បត្តិ។ ទី២ បងប៉ុក ដឺសកុមារ និយាយ ប្រាប់ខ្ញុំថា បើ ចង់ធ្វើបដិវត្តន៍បម្រើប្រជាជន ត្រូវនៅក្នុងប្រទេស រកការធ្វើនាយអាយ រួចរួមសកម្មភាពជាមួយប្រជាជននៅក្នុងប្រទេស។ ខ្ញុំយល់ស្របតាម ហើយក៏មកធ្វើការនៅធនាគារឥណទានជាតិផងសរសេរកាសែតផង។ ខ្ញុំចង់ឃើញបក្ស ចង់ជួបបក្ស តែពុំបានឃើញ ពុំបានជួប
សោះ។ មូលហេតុ មកពីខ្ញុំទាក់ទងតែបញ្ញាជនលើ ដាច់ឆ្ងាយពីមហាជន ពីពលករ។ ម្ល៉ោះ ហើយខ្ញុំទាក់ទងមនុស្សបានតែ ក្នុងរង្វង់តូច គឺបង អ៊ុច វ៉ែន បងប៉ុក ដឺសកុមារ បងរស់ជេដ្ឋា។ ដូច្នេះ ជួបតែបុគ្គលខ្លះៗ ក្រោយមកទើបស្គាល់បងហ៊ូនឹម និងបងខៀវ សំផនទៀត តាមរយៈ សមាគមមិត្តភាព ខ្មែរ ចិន។ ពេលនោះ ខ្ញុំពុំយល់ពីមាគ៌ាយុទ្ធសាស្រ្ត និងយុទ្ធវិធីរបស់បក្សទេ អំពីមាគ៌ា សកម្មភាព ពាក់កណ្តាលសម្ងាត់ ឬពាក់កណ្តាលចំហរទេ។ ខ្ញុំយល់ថា ដើម្បីតទល់ជាមួយសីហនុ ត្រូវប្រកាន់ជំហរកុំខ្លាច។ ខ្ញុំពុំបានសុំចូល ជាសមាជិកសង្រ្គមរាស្រ្តនិយមទេ ហើយខ្ញុំគ្មានគំនិត ឬធ្វើសកម្មភាពអ្វីឲ្យសេអ៊ីអា ក៏ទេដែរ។ អត្ថបទកាសែត គឺសរសេរប្រឆាំង ជំនួយរបស់អាមេរិក នៅកម្ពុជា ស្របតាមទិសរបស់អង្គការដែរ។ គឺយកគោលជំហរឯករាជ្យ អព្យាក្រិត្យ ប្រឆាំងសេអាតូ។
៣.បញ្ហាគ្រួសារ
ខ្ញុំបានរៀបចំគ្រួសារ នៅខែ៧ ឆ្នាំ១៩៦៣ ដោយមានមិត្តភក្តិជួយផ្ចុងផ្តើម ជាពិសេសបងវ៉ែន បងកុមារនិងបងជេដ្ឋា ក៏បានទៅចូលរួមការនោះដែរ។ ពេលនោះ ខ្ញុំមិនទាន់បានជ្រួតជ្រាប ច្បាស់ពីមាគ៌ាបដិវត្តន៍ ដូច្នេះលោកទស្សនៈរៀបចំគ្រួសារ ក៏មិនបដិវត្តន៍។ ខ្ញុំគ្រាន់តែមានចិត្តគំនិតមួយស្អប់ពួកអ្នកមាន ស្អប់ពួកសក្តិភូមិ អភិជន ប៉ុន្តែ ត្រង់ថាឲ្យលូកដៃជ្រៅ ចូលទៅដល់ មហាជនពលករក៏អត់។ ក្រោយពីរៀបចំគ្រួសារ នៅត្រពាំងជង (ខេត្តពោធិសាត់) រួចហើយ ទើបខ្ញុំដឹងថា គ្រួសារចេះចិន ហើយជាប់សាច់ញាតិនឹងទុយកានផង។ ទុយកាន ជានាយក ប្រតិកិរិយា ដែលជិដិតនឹងអាសិរីមតៈ។ ពេលការខ្ញុំ បងប្អូនវាអត់ទៅចូលរួមទេ ព្រោះវាខឹងនឹង ឪពុកក្មេកខ្ញុំ ថាការកូនឲ្យទៅខ្មែរក្រហម។ រឿងនេះ ខ្ញុំចាំមិនភ្លេចទេ ហើយក្រោយមកខ្ញុំមិន ដែលទៅទាក់ទងនឹងវាសោះទេ។
៤.មហាសន្និបាតនិស្សិត
សមាគមនិស្សិត កើតនៅឆ្នាំ១៩៦៤ ក្នុងពេលដែលមហាជន យុទ្ធជន ដែលអង្គការ បក្ស ដឹកនាំ មានសន្ទុះខ្លាំងក្លា។ការបង្កើតនេះ ក៏អាស្រ័យដោយបងអ៊ុច ជិន ជួយជាគំនិតដែរ។ ដំ បូងគឺបញ្ចូលនិស្សិតសាលាពេទ្យ និងសាលាច្បាប់ ក្រោយមកទៀត ទើបញ្ចូលសាលាគ្រូ និង បច្ចេកទេសសូវៀត។ ដូច្នេះ និស្សិតជាច្រើន ជាកូនអ្នកមាន និងមានជំហរប្រតិកិរិយាទៀត។ សមាជិកខ្លះ ក៏ជាភ្នាក់ងារខ្មាំងផង តែខ្ញុំណុំបានដឹង ព្រោះថាសមាគមចំហរ។ តាមពិតទៅ សមាគមនេះ មានតែឈ្មោះទេ មិនត្រូវមានសកម្មភាពទេ។ ឯសកម្មភាពជាក់ស្តែង គឺសិស្ស ចម្រើនវិជ្ជា សិស្សកម្ពុជាបុត្រនិងសិស្សវិទ្យាល័យតាខ្មៅ ជាអ្នកយកថ្នាក់សមាគមនិស្សិត ហើយដោយមានសមមិត្តទីវអុល និងកែ គឹមហួត ដឹកនាំថ្វើសកម្មភាព ដោយផ្ទាល់ផង។ ឯ រូប ខ្ញុំមាននាមជាប្រធាន គ្រាន់តែទៅចូលរួមឯនេះ ឯនោះ ម្តងម្កាលប៉ុណ្ណោះ។ខ្ញុំលើករឿងនេះ
ឡើង រាយការណ៍ជូនអង្គការដោយស្មោះថា ខ្ញុំគ្មានបំណងបង្កើតបក្សមួយទៀត ដោយផ្អែក លើសមាគមនិស្សិតនេះ ដើម្បីប្រឆាំង នឹងបក្សកុម្មុយនីស្តិ៍ កម្ពុជាយើងទេ។ខ្ញុំបានសុំលាឈប់ច្រើនដង ដើម្បីសុំធ្វើការសម្ងាត់វិញ តែមិត្តយើងថា ទុកសមាគមនិស្សិតទៅ ដើម្បីឲ្យសិស្ស ចម្រើនវិជ្ជា និងតាខ្មៅ មានរបាំងធ្វើសកម្មភាព ព្រោះសមាគមនិស្សិត ច្រើនតែជាកូនអ្នកមាន សីហនុ មិនសូវវាយ។ ពិសេសទៅទៀត ចាប់តាំងពី ឆ្នាំ៩៦៥មក ខ្ញុំដឹងថា មានបក្ស ពលករ កម្ពុជាយើងហើយ។ ខ្ញុំបាន សុំបងវ៉ែន ចូលបក្សច្រើនដងណាស់ តែគាត់ថាកុំអាលៗ។ ប៉ុន្តែ យូរៗ ម្តង គាត់យកព្រឹតិបត្រសំឡេងពលករ ឲ្យខ្ញុំអានម្តងៗដែរ។ ដូច្នេះ តាំងពីពេលនោះមក ខ្ញុំស្រលាញ់បក្ស និងគោរពបក្ស ហើយចង់ធ្វើបដិវត្តន៍។ តែមកអំពីគោលជំហររបស់ខ្លួនខ្សោយ លោកទស្សនៈ មិនទាន់បដិវត្តន៍ដោយមិនបានរៀនសូត្រ មាគ៌ានយោបាយរបស់បក្ស បានជាក្នុងការជាក់ស្តែង ធ្វើទៅម្តងស្តាំ ម្តងឆ្វេងនាំឲ្យសីហនុ និងពួកអាក្បត់វាយបានតាមចិត្ត ហើយនាំឲ្យខ្មាំងជាចក្រព័ត្តិអាមេរិកក្តី សូវៀតក្តី ឆ្លៀតជ្រៀតចូលទៀតផង។ ខ្ញុំនឹកឡើងតូច ចិត្ត និងឈឺចាប់ណាស់ ដោយដើរខុសពីមាគារបក្ស ។ ប៉ុន្តែជាគោលជំហរ របស់ខ្ញុំផ្ទាល់ គឺ មិនប្រឆាំងបក្ស ហើយមិនបម្រើចក្រពត្តិ បរទេសទាល់តែសោះ។ បើប្រឆាំងបក្ស មហាជនពេលនោះ ក៏ឃើញច្បាស់ហើយ ក៏មិនអាចគេចខ្លួនរួចដែរ។
៥.អំពីបញ្ហាមិត្តភាពខ្មែរ ចិន
ដោយឃើញក្នុងសមាគមនេះ មានបញ្ញាជនចម្រើនជាច្រើនចូលរួមផង ខ្ញុំក៏បានចូលរួមជា សមាជិកមួយរូបដែរ។ ប៉ុន្តែ ពេលនោះ ខ្ញុំក្តាប់គោលជំហរឯករាជ្យម្ចាស់ការរបស់បក្សមិនទាន់បាន ឃើញចិនធ្វើបដិវត្តន៍វប្បធម៌ខ្លំាង ក៏ចូលចិត្តចិន ហើយយកជំហរប្រឆាំងសូវៀត។ នេះ ក៏ ជាសកម្មភាពមួយផ្ទុយពីមាគ៌ារបស់បក្សដែរ។

ជាពិសេសនៅក្នុងសមាគមនេះ មានបងខៀវសំផន បងហ៊ូយន់ បងហ៊ូនឹម ចូលរួមដែរ។ ខ្ញុំក៏ ពេញចិត្តពេញថ្លើម រួមសកម្មភាព ព្រោះពេលនោះ ខ្ញុំមិនទាន់ស្គាល់បក្សច្បាស់លាស់ និងគោរពបុគ្គលទំាងបី រួចទុកដូចជាគំរូ នៃជនបដិវត្តន៍ ក្នុងគ្រានោះ។ នេះក៏ជាគោលជំហរមួយទៀត ដែលផ្អែកលើបុគ្គល មិនផ្អែកលើមាគ៌ាបក្ស ដែលជាការខុសស្រឡះ ពីគោលការណ៍របស់បក្ស ។ ដល់មកឆ្នាំ១៩៧៤ ទើបខ្ញុំបានយល់ច្បាស់ ពេលរៀនសូត្រ​ជាមួយបក្ស។ បក្សថា បើផ្អែកលើបុគ្គល ថ្ងៃណាមួយ នឹងភ្លាត់ពុំខាន ព្រោះបើបុគ្គលធ្វើខុស យើងក៏ដួលរលំទៅតាម នោះដែរ។ ខ្ញុំបានប្រកាន់គោលជំហរនេះ ទៅអនុវត្តន៍ជាក់ស្តែង ពិសេសក្នុងការកសាងគ្នា ហើយខ្ញុំក៏អនុវត្តន៍ខុសទៀត។ ឧទាហរណ៍ អនុវត្តន៍ទៅរកឆ្វេង ដោយវាយបុគ្គលខ្លាំងពេកទៅ
ទៅជាខ្វះយុទ្ធវិធី ប៉ះពាល់ដល់សាមគ្គីភាព។ នេះមកពីខ្ញុំក្តាប់ មាគ៌ាបក្សមិនបានណែន។ និ យាយធូរៗ និយាយរូៗ អត់បានការអី ខ្វះការពិចារណា ខ្វះការគិតមុខ គិតក្រោយ។ ខ្ញុំនឹកឃើញ ក៏និយាយចេញមកភ្លាម។ ខ្ញុំគ្មានទស្សនៈបំបាក់បំបែក តាមរបៀបជាខ្មាំងទេ។ បងៗ បានអប់រំខ្ញុំថា និយាយឲ្យតិច គិតឲ្យច្រើន ពិចារណាឲ្យច្រើន វិភាគឲ្យបានច្រើន ខ្ញុំនៅតែអនុវត្តន៍ពុំបានតាមសំណូមពររបស់បក្ស ធ្វើឲ្យគោលជំហររក្សាការសម្ងាត់របស់បក្ស ទៅជាធូរ រលុង។
៦.ខ្មាំងចាប់ដាកគុក
ពេលខ្មាំងចាប់ ខ្ញុំមានជំនឿជឿជាក់លើបក្ស លើបដិវត្តន៍ លើប្រជាជន។ ដូច្នេះ ខ្ញុំមិនបានអង្វរ ខ្មាំងទេ។ ក្រោយពេលកាត់ទោសប្រហារជីវិតហើយ នៅឯគុកធំ វាធ្វើបាបសម្បើម។ បងជ័យ សួនក៏បានជ្រាបច្បាស់។
មុនខ្មាំងចាប់ខ្ញុំ ខ្ញុំបានស្នើតាមរយៈបងអ៊ុច វ៉ែន ថាគេចខ្លួនទៅតំបន់រំដោះ។ ប៉ុន្តែបងអ៊ុច វ៉ែន និងបងប៉ុក ដឺសកុមារ ថាឲ្យរង់ចាំចុះ មិនអីទេកុំចុះញ៉មវា។ ពេលនៅក្នុងគុក ខ្មាំងពុំឲ្យខ្ញុំជួបគ្រួសារ ឬបងប្អូនទេ។ គ្រួសារខ្ញុំភ័យពេក បានទៅសំពះអង្វរម៉ែសីហនុ ទើបសីហនុ ប្រកាស លែងខ្ញុំនៅខែ១២ ឆ្នាំ១៩៦៩ (ពេលធ្វើសមាជ)។ តាំងពីនោះ ទើបវាឲ្យជួបគ្រួសារ។ ប៉ុន្តែដល់ខែ២ឆ្នាំ១៩៧០ ទើបខ្ញុំបានរួចចេញពីគុក ហើយក៏នៅមានគិញបីបួននាក់តាមជាប់ប្រកិត ទៀតផង។ ដូច្នេះ ខ្ញុំអត់បានទៅទាក់ទងអាសិរីមតៈ ដើម្បីឲ្យរួចខ្លួនទេ។
II រយៈរស់នៅភូមិភាគរតនគីរី
ចេញពីគុកមក ខ្ញុំដាច់ខ្សែទាក់ទង ព្រោះបងអ៊ុច វ៉ែន និងបងប៉ុក ដឺសកុមារ បានអង្គការនាំ ចូលព្រៃតាំងពីឆ្នាំ១៩៦៨ មក។ដូច្នេះ ខ្ញុំទៅទាក់ទងបងតូចភឿន ក្នុងខែ៤ ឆ្នាំ១៩៧០។ក្នុងពេលនោះបងតូចភឿន បាននិយាយប្រាប់ខ្ញុំថា អង្គការយើងត្រូវការលុយកាក់ណាស់ បើមាន ត្រូវយកទៅជូនអង្គការផង។ ខ្ញុំសន្សំប្រាក់បាន២០ម៉ឺន ក្នុងពេលធ្វើការនៅធនាគារ និងក្រុម ហ៊ុន សូណាព្រីម ជាងពីរឆ្នាំ។ ប្រាក់នេះ ខ្ញុំលាក់មិនឲ្យគ្រួសារខ្ញុំដឹងទេ ដូច្នេះ ខ្ញុំក៏ជ្រះថ្លាជូនទៅអង្គការ មិនមែនជាប្រាក់ទទួលបានពីនរណាទេ ព្រោះក្រុមហ៊ុនសូណាព្រីម និងឥណទានជាតិ បានប្រគល់ឲ្យខ្ញុំ ក្នុងមួយខែប្រាក់បៀវត្សរ៍៣៥០០០រៀល។ ខ្ញុំឲ្យទៅគ្រួសារខ្ញុំតែ១ម៉ឺន រៀលទេក្នុងមួយខែ។ ខ្ញុំសល់ជាង២ម៉ឺនរៀលជារៀងរាល់ខែ។ ខ្ញុំលើករឿងនេះ ល្អិតយ៉ាងនេះ គឺចង់ជម្រាបអង្គការថា ខ្ញុំស្មោះត្រង់នឹងអង្គការពិតមែន ឥតលាក់លៀមនឹងអង្គការទេ។
ក្នុងខែ៧ ឆ្នាំ១៩៧០ ខ្ញុំបានទៅ ខ្ញុំបានទៅដល់តំបន់រំដោះភាគនិរតី។ ដំបូងនៅជាមួយបងសែ ឯភ្នំពឹស។ ក្រោយមកអង្គការឲ្យខ្ញុំមកនៅមន្ទីរយោធាភូមិភាគ គឺក្នុងដើមឆ្នាំ១៩៧១ ដែលមាន អ្នកមកពីហាណូយទាំងអស់។ ប៉ុន្តែ នៅបានតែជាង៣ខែ បងលេខាភូមិភាគ គឺដកខ្ញុំយកទៅ
នៅជាមួយគាត់ ឯតំបន់ខាងត្បូង សមរភូមិផ្លូវជាតិលេខ៣មួយរយៈ រួចហើយនៅសមរភូមិ ផ្លូវជាតិលេខ៥រហូត។ ចាប់តាំងពីឆ្នាំ១៩៧២ រហូតមកដល់ចុងឆ្នាំ១៩៧៣ ខ្ញុំនៅជាប់ឯសមរភូមិ ផ្លូវជាតិលេខ៥។ ចំណែកព្រឹត្តិការណ៍ខ្មាំងចូលអមលាំង ខ្ញុំអត់ទំាងដឹងផង ព្រោះខ្ញុំនៅឯកំពង់ ឆ្នាំឯណោះ ខ្ញុំគ្មានទាក់ទងអ្វីសោះ។ មិត្តឌុច មានប្រសាសន៍ថា ខ្ញុំមាននាឡិការោទិ៍ ដែលសេអ៊ីអា ឲ្យទុកស៊ីញ៉ូ ឲ្យយន្តហោះទម្លាក់គ្រាប់បែក ខ្ញុំអត់ដែលស្គាល់នាឡិការោទិ៍អ្វីនោះសោះ។ តាមពិត ខ្ញុំមាននាឡិកាមួយពណ៌រាងក្រម៉ៅបន្តិច ប្រើបានតែមួយឆ្នាំ១៩៧០ ១៩៧១វាក៏ខូចទៅ។ ឥឡូវនេះ ខ្ញុំរក្សាទុកក្នុងប្រអប់ដែកមួយ នៅក្នុងបន្ទប់ខ្ញុំសម្រាកឯ ក.៣។
និយាយរួម ពេវេលាភាគច្រើន គឺខ្ញុំនៅជាមួយបងម៉ុក ឯសមរភូមិ ក្តាប់សភាពការណ៍ និងរាយ ការណ៍ដំណឹងយោធាជូនអង្គការរហូតដើមឆ្នាំ១៩៧៤ អង្គការហៅខ្ញុំ ឲ្យមកនៅជាមួយអង្គការ តែម្តង។
III រយៈកាលរស់នៅជាមួយអង្គការ ខែ៤ ឆ្នាំ១៩៧៤ ដល់ ខែ១ ឆ្នាំ១៩៧៧
១.រយៈកាលមុនរំដោះ(១៩៧៤ ១៩៧៥)
ក្នុងរយៈកាលនេះ អង្គការបានអប់រំ បំពាក់បំប៉នខ្ញុំណាស់ ជាពិសេសបងប៉ុល ជាទីគោរពស្នេហា ស្មើដោយជីវិត ពេលណាក៏បងបានរំលឹក ដាស់តឿនខ្ញុំជានិច្ច។ ដូច្នេះ ចំនុចខ្លាំង ចំណុចខ្សោយអង្គការបានស្គាល់ច្បាស់ ឯសកម្មភាពទៀតសោត ក៏អង្គការតាមដានជាប់ដែរ។ ខ្ញុំមានសេចក្តីសោកស្តាយតែម្យ៉ាង ហើយសោកស្តាយអស់មួយជីវិត គឺខ្ញុំពុំបានកសាងខ្លួន ឲ្យទៅជាជនកុម្មុយនីស្តមួយរូប ជាជនបដិវត្តន៍មួយរូប តាមគំរូរបស់បក្ស ដោយរក្សាទុកនូវ កម្មសិទ្ធិឯកជននៅក្រាស់នៅឡើយ។
២.រយៈកាលនៅពោធិចិនតុង(ខែ៤ ១៩៧៥ ដល់ ខែ៨ ១៩៧៥)
បើខ្ញុំនៅកម្មសិទ្ធិមុខមាត់និយម បុគ្គលនិយម កម្ចាត់មិនទាន់អស់ នៅក្នុងពេលនោះក៏បណ្តាល ឲ្យប៉ះពាល់ដល់សាមគ្គីភាព ជាមួយសមមិត្តម៉េតខ្លះដែរ។ តែក្រោយមក បក្សបានអប់រំ តម្រែ តម្រង់មក ខ្ញុំក៏បានរក្សាការជិតស្និទ្ធ និងប្រាស្រ័យទាក់ទងជាមួយសមមិត្តម៉េត បានល្អឡើងវិញ។
៣.រយៈកាលនៅជាមួយអង្គការអចិន្រ្តៃយ៍ (ខែ៨ ១៩៧៥ ដល់ខែ១ ១៩៧៧)
ក្នុងរយៈកាលជាមួយឆ្នាំនេះ បងៗបានអប់រំ បំពាក់បំប៉នខ្ញុំជាប់ ហើយខ្ញុំក៏បានរៀនសូត្រជាបន្តបន្ទាប់ មានការភ្ញាក់រលឹកមួយកម្រិតទៀត។ អង្គការបានជ្រាបសព្វគ្រប់អស់ហើយ ប៉ុន្តែ បញ្ហា ដែលខ្ញុំស្តាយ រកអ្វីប្រៀបពុំបាន គឺជម្រៅចិត្តបងៗ ហើយនៅតែរៀនសូត្រពីបងៗមិនបាន នៅតែមានការខ្វះខាត នាំឲ្យល្អក់ពណ៌ដល់ភារកិច្ចរបស់បក្ស ក៏ដូចជាអនាគតរបស់ខ្លួន។
ឧទាហរណ៍ ខ្ញុំនៅភ្លើតភ្លើន មិនទាន់រាបសារបដិវត្តន៍ នៅនិយាយច្រើន មានមតិច្រើន ដូចជា
នៅពេលប្រជុំនីមួយៗក្តី។ ទីពីរ គោលជំហររក្សាការសម្ងាត់របស់បក្ស ក៏នៅមិនទាន់រឹងនាំឲ្យ ថ្លោះធ្លោយ។ ខ្ញុំនៅចាំថា កាលពីឆ្នាំ១៩៧៦ បងមានប្រសាសន៍ថា ឲ្យខ្ញុំសរសេរផែនការឲ្យហើយក្នុងរយៈ ពេលពីរថ្ងៃ។ លុះខ្ញុំសរសេររួចហើយ ខ្ញុំក៏យកគម្រោងផែនការនេះ ទៅជូនអង្គការនៅឯក.១ ព្រោះនៅមន្ទីរក៏គ្មាន អ្នកប្រចាំការ។ ខ្ញុំមិនដឹងថា ពេលនោះ ជាពេលប្រជុំធំសោះ។ ដូច្នេះទាល់តែពីគ្រោះសាកសួរបងប្អូន ទៅទើបដឹងច្បាស់នាំឲ្យប៉ះពាល់ដល់ទឹកចិត្តបងប្អូនដែរ។
ឃើញថាខ្ញុំក្តាប់មាគ៌ាចាត់តាំងរបស់បក្សមិនទាន់បាន ដែលស្តែងចេញពីធាតុមិនរាបសារបដិ វត្តន៍ ធាតុប្រញាប់ប្រញាល់ ចង់រហ័ស ចង់ឆាប់ពេក។
IV រយៈនៅក្នុងក្រុមនិពន្ធកាសែត
ចំពោះភារកិច្ចថ្មីដែលបក្សប្រគល់ឲ្យ កាលពីខែ១ ឆ្នាំ១៩៧៧ ខ្ញុំក៏ពេញចិត្តពេញថ្លើមនិងបំ ពេញ ពិសេសខាង
១.សរសេរ
២.បង្រៀនវិជ្ជាអក្សរកាត់ ដល់បងប្អូន ហើយក៏បានរួមប្រឡូកក្នុងចលនាពលកម្មសង្គមនិយមផង។ ប្រៀបធៀបនឹងបងប្អូន ខ្លួនខ្ញុំនៅខ្វះខាតច្រើនលើគ្រប់ផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ដូច្នេះ ខ្ញុំខិតខំប្រយុទ្ធ កសាងខ្លួននិងរៀនសូត្រពីបងប្អូន ដោយសោមនស្សរីករាយ។
ថ្ងៃទី១៥ ខែមីនា ១៩៧៧
(ទូច)

ការសន្ទនា របស់ជូអេនឡាយ និងផាម វ៉ាន់ដុង អំពីកម្ពុជា





(ប៉េកាំង ម៉ោង ១១ព្រឹក ថ្ងៃទី ១១ ខែមេសា ឆ្នាំ១៩៦៧)
ជូអេនឡាយៈ ឥឡូវនេះ ឈានចូលទៅបញ្ហាទីពីរ។ លោកបានឮអំពីឧប្បទ្ទហេតុថ្មីនៅខេត្តបាត់ដំបងហើយ។ គេនិយាយថា រឿងនេះ ត្រូវបានបង្កឡើងដោយពួកក្រហមនៅក្នុងកងកម្លាំង ប្រដាប់អាវុធកម្ពុជា។ ផ្ទុយទៅវិញ រឿងនោះប្រហែលជា បណ្តាលមកពី កម្លាំងដែលគំាទ្រដោយសហរដ្ឋអាមេរិច ក្នុងគោលបំណងបំបែកនូវកម្លាំងរបស់យើង។
ផាមវ៉ាន់ដុងៈ ប្រហែដែរ។ តំបន់នេះ ស្ថិតនៅក្រោមឥទ្ធិពល របស់ក្រុមសឺង ង៉ុកថាញ់ ដែលមកពីប្រទេស ថៃ។
ចេនយី(Chen yu បន្ថែម)ៈ តំបន់នោះ មិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សណា របស់កម្ពុជាទេឬ?។
ផាមវ៉ាន់ដុងៈ ទាក់ទិនទៅនឹងគណបក្សកម្ពុជា យើងមិនអាចនិយាយថា តើពួកគេពាក់ព័ន្ធ ក្នុងឧប្បទ្ទហេតុនោះដែរឬអត់?។
ជូអេនឡាយៈ តើមានមន្ទិលសង្ស័យថាណាមួយទេថា អាវុធយុទ្ធភណ្ឌ ដែលយើងបញ្ជូនទៅឲ្យលោក តាមរយៈប្រទេសកម្ពុជា ត្រូវបានគេចែកឲ្យទៅជនជាតិចិន (រស់នៅប្រទេសកម្ពុជា) ដោយគណបក្សកម្ពុជាឬទេ។
ផាមវ៉ាន់ដុងៈ ទេ…ប្រហែលជាអាវុធទាំងអស់នោះវាចាស់អស់ហើយ។ ប៉ុន្តែ យើងមិនប្រាកដទេ។ ក្រោយពេលត្រឡប់ទៅហាណូយវិញ យើងនឹងសួរអំពីរឿងនេះ ហើយនឹងជូនព័ត៌មានឲ្យលោកជ្រាប។
ជូអេនឡាយៈ កាលពីថ្ងៃទី៣០ កញ្ញា លោកឌុក រ៉ាស៊ី ឧបនាយករដ្ឋមន្រ្តីកម្ពុជា និយាយថា លោកលន់ នល់ ប្រហែលជានឹងធ្វើការកែទម្រង់គណៈរដ្ឋមន្រ្តីរបស់គាត់។ មានពេលមួយនោះសម្តេចសីហនុមានបន្ទូលថា លោកលន់នល់ គួរតែអញ្ជើញពួកក្រហម ខ្លះ ឲ្យមកធ្វើការក្នុងជួរគណៈរដ្ឋមន្រ្តីរបស់គាត់ ដែលតាមរយៈនោះ លោកចៅ សេង នឹងត្រូវបានគេតែង តាំង ជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ ហើយលោកសូ ណែម នឹងទៅជំនួសលោកឌុក រ៉ាស៊ី និងក្លាយជារដ្ឋមន្រ្តីក្រសួងផែនការ។ ប្រហែលលោកសូ ណែម ជាជនឆ្វេងនិយមពិតមែនហើយ បានជាបេក្ខភាពរបស់គាត់ ត្រូវបានបដិសេធ។ លោកចៅសេងស្ថិតក្នុងក្រុមរបស់សម្តេចសីហនុ។ ប៉ុន្តែ គេនិយាមថា គាត់ជាជនឆ្វេងនិយមដែរ។លោកចៅសេងក៏និយាយផងដែរ គណៈរដ្ឋមន្រ្តីរបស់លោកលន់ នល់ គួរតែតហរូវទទួលកែទម្រង់ផងដែរ។ គាត់បានស្នើឡើងនូវបញ្ជីឈ្មោះបេក្ខជន ប៉ុន្តែលន់ នល់សម្តែងការមិនយល់ព្រមជាមួយ។ ដំណឹងនេះ ត្រូវបានលាតត្រដាងដោយលោកមេយើរ(Meyer)ថា បើសិនជាគណៈរដ្ឋមន្រ្តីរបស់លោកលន់ នល់ រំលំសម្តេចសីហនុ មែន គេនឹងអញ្ជើញលោក ប៉ែន នុត ដែលជាមនុស្សអព្យាក្រិត ឲ្យមកបង្កើតរដ្ឋាភិបាលមួយ។

ជូអេនឡាយៈ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៦៧ សភាជាតិកម្ពុជា បានកោះសម័យប្រជុំបន្ទាន់មួយ ។ សេចក្តីសម្រេចមួយ ដែលថ្វាយសម្តេចសីហនុ នូវអំណាចពិសេស ត្រូវបានគេអនុម័ត ក្រោយពីមានការជជែក ដេញដោលដ៏ក្តៅគគុក។ មនុស្សមួយចំនួន បាននាំគ្នាធ្វើបាតុកម្ម នៅមុខព្រះបរមរាជវាំង។ ពួកគេត្រូវបានអញ្ជើញឲ្យចូលក្នុងវាំង ហើយត្រូវបានទទួលស្វាគមន៍ដោយព្រះមហាក្សត្រយានី។ សម្តេចសីហនុ ប្រកាសសេចក្តីសម្រេចរបស់សភា ជាតិ ហើយមានព្រះបន្ទូលថា ព្រះអង្គប្តេជ្ញាព្រះទ័យថា នឹងរក្សានូវជំហរអព្យាក្រិត និងប្រឆាំងទាំងពួកស្តាំនិយម និងឆ្វេងនិយម។ ស្ថានទូតរបស់យើងនៅទិនោះ ធ្វើការសន្និដ្ឋានថា សំខាន់ ព្រះអង្គប្រឆាំងនឹងពួកឆ្វេងនិយម។ ប៉ុន្តែ ហេតុអ្វីបានជាគាត់តែងតាំងលោកប៉ែន នុត ឲ្យបង្កើតរដ្ឋាភិបាល? គឺមានប្រការផ្ទុយគ្នាមួយចំនួន។ បន្តិចក្រោយមកទៀត ព្រះមហាក្សត្រយានី អំពាវនាវឲ្យប្រជាជនរួបរួមគ្នាប្រឆាំងសត្រូវ។ នៅខេត្តកណ្តាល មានខិតប័ណ្ណ ត្រូវបានគេបាច ប្រឆាំងនឹងលោកខៀវ សំផន ដែលគេសង្ស័យថា ជាជនឆ្វេងនិយម។ នៅខេត្តកំពង់ចាម និងស្ទឹងត្រែង មានបាតុកម្មជាច្រើន គំាទ្រនយោបាយសម្តេចសីហនុ ប្រឆាំងនឹងពួកឆ្វេងនិយម។ និយាយឲ្យខ្លីទៅ ស្ថានការណ៍ នៅតែផ្លាស់ប្តូរនៅឡើយ ក្រោយពីមានហេតុការនៅបាត់ដំបង។ យើងត្រូវតែលៃលកដោះស្រាយជាមួយសត្រូវលើ សមរភូមិពីរ ទីមួយ គឺប្រឆាំងនឹងពួកខ្មែរសេរី និងទីពីរ ប្រឆាំងនឹងពួកក្រហម។ នាអតីតកាល រដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធតែជាមួយពួកចក្រព័ត្រនិយមអាមេរិកកាំងតែប៉ុណ្ណោះ តែបច្ចុប្បន្ន រដ្ឋាភិបាលនេះ ក៏ប្រយុទ្ធប្រឆាំងនឹងពួកចក្រព័ត្រកុម្មុយនីស និយមផងដែរ។ ឥ រិយាបថរបស់យើង ទៅកាន់ពួកកុម្មុយនីស គឺត្រឹមត្រូវជានិច្ច។ តែហេតុអ្វី បានជាពួកវាវាយ ប្រហារយើងទៅវិញ? ហេតុអ្វី បានជាប្រទេសកម្ពុជា ប្រកាន់យកឥរិយាបថបែបនេះ ចំពោះ រណសិរ្ស រំដោះជាតិ(NLF) របស់វៀតណាមទៅវិញ?។ ហេតុផល ដូចដែលខ្ញុំមើលឃើញគឺមានច្រើន ដូចជារណសិរ្ស រំដោះជាតិវៀតណាម ព្យាយាមអូសទាញទាហានអាមេរិកទៅ កាន់ព្រំប្រទល់ដែនកម្ពុជា ដើម្បីឲ្យទាហានប្រទេសនោះបាញ់រះ មកលើទាហានអាមេរិក ហើយតាមរយៈនោះ នឹងធ្វើឲ្យប្រទេសកម្ពុជា ចូលប្រឡូកក្នុងសង្រ្គាមដែរ។ រណសិរ្សរំដោះជាតិ បានបញ្ជាដោយចេតនា ឲ្យប្រជាជនវៀតណាមជាង ២០០០នាក់ ចូលទៅប្រទេសកម្ពុជា ក្នុងឋានៈជាជនភៀសខ្លួន។ មានវេជ្ជបណ្ឌិត៧រូប ធ្វើការប្រតិបត្តិក្នុងចំណោមមនុស្សទំាងនោះ ដោយផ្តល់នូវការថែទាំសុខភាព និងធ្វើឲ្យមានឥទ្ធិពល លើប្រជាជនកម្ពុជា។ លោកលន់ នល់ ទទួលការទិតៀនពីសំណាក់ពួកឆ្វេងនិយម ហើយគាត់ ក៏មិនសប្បាយចិត្តដែរ។ គាត់និយាយថា ដោយសារតែស្ថានភាពមានការយ៉ាប់យ៉ឺន គាត់សម្រេចព្យួរការជួយឧបត្ថម្ភដល់រណសិរ្សរំដោះជាតិ។ តែគាត់មិនបាននិយាយអំពីអាវុធ យុទ្ធភណ្ឌ ដែលបានទៅដល់ប្រទេសកម្ពុជារួចហើយនោះទេ។ គាត់ក៏បានផ្អាកការដឹកជញ្ជូនអង្ករដែរ។ បន្ថែមលើនេះទៀតនោះ លោកលន់ នល់ បញ្ជាឲ្យមានការត្រួតពិនិត្យតឹងរ៉ឹង លើការរត់ពន្ធតាមព្រំដែន ដើម្បីគំរាមដល់រណសិរ្សរំដោះជាតិ។ ប៉ុន្តែ នោះគ្រាន់តែជាការសម្តែង ដែលគ្មានសារជាតិសំខាន់តែប៉ុណ្ណោះ។
វ៉ូ ង្វៀងយ៉ាប់ៈ មានករណីខ្លះ កើតឡើងថ្មីៗ ក្នុងតំបន់ព្រំដែន រវាងកម្ពុជា និងវៀតណាមខាងត្បូង។ ករណីទំាងនោះ មានការវាយប្រហារដោយកងវរៈសេនាតូចអាមេរិកឆ្លងព្រំដែន។ កម្លាំងពីទាហានរំដោះ បានជួយក្រុមទាហានតូចៗ របស់កម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការវាយប្រហាត្រឡប់ទៅវិញ។ ក្នុងអំឡុងយុទ្ធនាការរបស់អាមេរិកឈ្មោះ Junction city campaign ជនស៊ីវិលវៀតណាម និងទាហាននាំគ្នា ជម្លៀសទៅប្រទេសកម្ពុជា។
ផាមវ៉ាន់ដុងៈ វេជ្ជបណ្ឌិតវៀតណាមមួយចំនួនទៅទីនោះ ដើម្បីជួយព្យាបាលប្រជាជនកម្ពុជា ។ ទោះជាយ៉ាងណាក្តី ក៏យើងនៅតែមានការប្រុងប្រយ័ត្នដេរ ជាមួយកិច្ចការនេះ។
ជូអេនឡាយៈ ត្រូវហើយ…។ ព្រោះថាការយល់ច្រឡំមួយចំនួន បណ្តាលមកពីរឿងតូចតាច។ យោងតាមប្រភពរបស់យើង តំណាងរណសិរ្សរំដោះជាតិ ដោយទទួលសេចក្តីណែនាំពីរណសិរ្ស បានជួបជាមួយ តំណាងរបស់ក្រុមប្រជាជននៅកម្ពុជា។។ ខ្មែរ ក្រហម ដឹកនាំដោយប៉ុល ពត ហើយបានផ្លាស់ប្តូរយោបល់ ស្តីពីស្ថានការណ៍នៅកម្ពុជា។

ជូអេនឡាយៈ ការខ្វែងគំនិតភាគច្រើន គឺស្ថិតនៅលើគោលនយោបាយ ដែលត្ឬុវចាប់យកទៅលៃលកជាមួយលន់ នល់។ យើងចង់ដណ្តើមយកសន្តានចិត្តរបស់លន់ នល់ ប៉ុន្តែ ពួកគេជំទាស់នឹងគាត់។ ខណៈនោះ ជោគជ័យរបស់វៀតណាមជាអាទិភាពទីមួយ។ ប្រសិនបើតំបន់ព្រំដែនរវាងវៀតណាម និងកម្ពុជា ត្រូវបានបិទកងកម្លាំងប្រដាប់អាវុធនៅវៀតណាមខាងត្បូង នឹងប្រាកដជាជួបការលំបាកច្រើន ហើយកម្លាំងបដិវត្តរបស់កម្ពុជា ក៏នឹង មិនដំណើរការទៅមុខដែរ។ ការតស៊ូរបស់វៀតណាមស្ថិតក្នុងផលប្រយោជន៍រួមរបស់ប្រជា ជនឥណ្ឌូចិន និងអាស៊ីអគ្នេយ៍ ហើយចោគជ័យ នៃការតស៊ូនេះ មានចរិតផ្តាច់ព្រ័ត។ នៅក្នុងស្ថានការណ៍បែបនេះ ការតស៊ូនៅកម្ពុជា បើទោះជាមានចរិតប្រដាប់អាវុធក្តី ក៏គោលដៅរបស់វាមានព្រំដែនដែរ។ បើទោះបីជាក្នុងករណីដែលជ័យជម្នះ ត្រូវបានទទួលក៏ដោយ ក៏វានៅមានកម្រិត ហើយក៏មិនមានចរិតផ្តាច់ព្រ័ត ដែរ។ នោះមិនទាន់និយាយដល់ ការបាត់បង់ជ័យជម្នះទំាងនេះទៅវិញ ដោយងាយៗផង។ ទាក់ទិននឹងរឿងនេះ គេត្រូវដឹងថា តើត្រូវតម្កល់ប្រយោជន៍រួម លើប្រយោជន៍មានកម្រិតរបៀបម៉េច?។ តែវាជារឿងមួយ ផ្សេងទៅវិញ បើការតស៊ូនោះត្រូវបានផ្តួចផ្តើមដោយប្រជាជនខ្លួនឯង។ ក្នុងករណីនេះ ការ តស៊ូជាប្រការមិនអាចរារាំងបាន ព្រោះឆន្ទៈជាធម្មជាតិរបស់ប្រជាជន តែងតែរើបម្រះទល់ នឹងការគាបសង្កត់។ ប្រជាជននឹងឆ្លងកាត់ការបង្រ្កាប ប៉ុន្តែ គេក៏នឹងដកស្រង់បានមេរៀន ជាច្រើនតាមរយៈការតស៊ូនោះ។ កិច្ចការរបស់គណបក្ស បដិវត្តន៍ គឺដឹកនាំការតស៊ូ។ និយាយឲ្យខ្លី បើសិនជាការតស៊ូ របស់ប្រជាជនវៀតណាមខាងត្បូង បានសម្រេច វាក៏នឹង នូវក្តីសង្ឃឹមដល់ ការតស៊ូរបស់ប្រទេសកម្ពុជាដែរ។ ភាពឡូហ្សិកនេះ គួរតែត្រូវបានពន្យល់ឲ្យបានច្បាស់ដល់ ភាគីប្រជាជននៅកម្ពុជាផងដែរ។
ផាមវ៉ាន់ដុងៈ ជាញឹកញាប់យើងតែងតែព្យាយាមបញ្ចុះបញ្ចូលពួកគេ ហើយយើងត្រូវតែធ្វើដូច្នេះតទៅទៀត។
ជូអេនឡាយៈ ត្រូវហើយ ព្រោះថាបក្សនីមួយៗ មានឯករាជ្យរបស់ខ្លួន។
វ៉ូង្វៀងយ៉ាប់ៈ ប៉ុន្តែ កាលពីមុនពួកគេបានយល់ព្រមនឹងយើងហើយ។
ផាមវ៉ាន់ដុងៈ យើងនៅតែមិនទាន់ដឹងអស់ថា តើការតស៊ូនោះ ត្រូវបានរៀបចំបានកម្រិតណា ហើយតើត្រូវធ្វើឲ្យវាមានកំហឹងដល់កម្រិតណា?។
វ៉ូង្វៀងយ៉ាប់ៈ សមមិត្តរបស់យើងនៅវៀតណាមខាងត្បូង បានបញ្ជូនមនុស្សឲ្យទៅជជែកជា មួយក្រុមប្រជាជនហើយ។
ផាមវ៉ាន់ដុងៈ ព័ត៌មានដែលថា រណសិរ្សរំដោះ បានទាក់ទងជាមួយក្រុមប្រជាជន គឺត្រឹម ត្រូវហើយ ពីព្រោះយើងបានស្នើឲ្យ ដាក់ស្នាក់ការកណ្តាល សម្រាប់វៀតណាមខាងត្បូងឲ្យ ទៅទាក់ទងផ្ទាល់ជាមួយភាគីនោះ។
ជូអេនឡាយៈ សមមិត្តង្វៀនធឿង និយាយថា ជាការចាំបាច់ក្នុងការអភិវឌ្ឍន៍ឲ្យបាននូវទំ នាក់ទំនងល្អជាមួយកម្ពុជា។ ខ្ញុំមើលឃើញនូវលទ្ធភាពពីរ ទីមួយ គឺ សម្តេចសីហនុ ប្រើប្រាស់ស្ថានភាពនេះ ដើម្បីធ្វើការគាបសង្កត់លើកម្លាំងបដិវត្តន៍កម្ពុជាក្នុងទស្សនៈថា ធ្វើឲ្យ មានតុល្យភាពរវាងកម្ពុជា ពួកឆ្វេងនិយម និងស្តាំនិយម។ ទីពីរ គឺដើម្បីបង្ហាញ នូវនយោ បាយ អព្យាក្រិតភាព កម្លាំងទំាងអស់ត្រូវតែបានគ្រប់គ្រងដោយព្រះអង្គ មិនថាកម្លាំងទំាងនេះមានទំនោរទៅរកចិន វៀតណាម ឬសហរដ្ឋអាមេរិកឡើយ។ ជាទូទៅ ដូចដែលខ្ញុំបានប្រាប់លោកពីមុនមក យើងត្រូវតែដណ្តើមយកសន្តានចិត្តរបស់គាត់ ហើយព្រមពេលជាមួយគ្នានោះ ត្រៀមខ្លួនសម្រាប់បញ្ជូនឥវ៉ាន់ ឆ្លងកាត់ប្រទេសកម្ពុជា នៅពេលណាស្ថានការណ៍ ហុចឱកាសឲ្យ។ ការទាក់ទងជាប្រចាំរវាងអគ្គសេនាធិការ ចិនជាមួយ នឹងក្រសួងគមនាគមន៍ និងទូរគមនាគមន៍ គួរតែត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន។
(
ចប់វគ្គ១)

( ដកស្រង់ពីសៀវភៅ កម្ពុជា ក្នុងអន្លង់សង្រ្គាមត្រជាក់)។

ខ្មែរទន្លេតូច