Sunday, October 25, 2015

ចម្លើយសារភាព របស់លោក ហូ នឹម នៅគុកទួលស្លែង


គោរពជូនបក្សកុម្មុយនីស្ត កម្ពុជា លើសពីជីវិតរបស់ខ្ញុំ។ គោរពជូនបងប៉ុល បងនួន បងវ៉ាន់ បងវន សមមិត្តខៀវ សមមិត្តហែម ជាទីគរពស្នេហា។
ថ្ងៃនេះ ១០ មេសា ឆ្នាំ១៩៧៧ ដែលខ្ញុំកំពុងតែមមាញឹក រៀបចំកម្មវិធីផ្សាយវិទ្យុ ទទួលអំណរបុណ្យខួបទី២ នៃមហាជ័យជម្នះ ១៧ មេសា ១៩៧៥ តាមទូរស័ព្ទ សមមិត្ត ប៉ង់ បានហៅខ្ញុំ មកធ្វើការជាមួយអង្គការ។ ពេលមិត្តយុទ្ធជនចាប់ខ្ញុំ ខ្ញុំភ្ញាក់ក្រញាង មិនស្មានថាយ៉ាងនេះសោះ ហើយដំបូងក៏ពុំស្មានថា ក្រុមសមមិតុ្តប៉ង់ទេ ព្រោះខ្ញុំគ្មានខ្លួនទេ។ ខ្ញុំឥតមានក្បត់បក្សទេ ខ្ញុំស្មោះត្រង់ ។ ខ្ញុំសង្ស័យដែរថា អាចមានខ្មាំងណាវាឆ្លើយដាក់ ។ ដល់មកដល់កន្លែងឃុំឃំាង សមមិត្តទទួលខុសត្រូវ ខាងនគរបាល ក៏បានសួរខ្ញុំថា ស្គាល់កុយ ធួន ភោគ ឆាយ តូច ភឿនទេ?។ ខ្ញុំចាប់អារម្មណ៍ភ្លាម នឹកក្នុងចិត្តថា ច្បាស់ជាមានពួកក្បត់ វាឆ្លើយដាក់ ដើម្បី កម្ទេចខ្ញុំ ដែលស្មោះត្រង់នឹងបក្ស ហើយប្តូរផ្តាច់ការពារមាគ៌ាបក្សស្មើនឹងជីវិត។
មានសមមិត្តទទួលខុសត្រូវខាងនគរបាលម្នាក់ទៀត បានចោទសួរខ្ញុំពីរឿងថា (បង្កើតបក្ស ថ្មី) ខ្ញុំនឹកឃើញពេលថ្មីៗនេះ កាលឆ្លងជីវទស្សន៍បដិវត្តន៍ នៅសាលាបក្សបុរីកីឡា ខែ១១ ១៩៧៦ ឮសមមិត្តឆយ លើកពីភោគ ឆាយ ហើយនិយាយពីរឿងបង្កើតបក្ស។ ខ្ញុំនឹកថា ខ្មាំងដើរឧបាយកលខ្មៅងងឹតយ៉ាងនេះ ខ្ញុំខំពាក់ព័ន្ធជូនអង្គការដោយស្មោះត្រង់ ដើម្បីអង្គ ជួយវិនិច្ឆ័យដោយយុត្តិធម៌។
ខ្ញុំសូមជម្រាបជួនបក្សជាដាច់ខាតថា ខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារសេអ៊ីអា ឬភ្នាក់ងារពួកយួន ពួកអាស៊ឺង ង៉ុកថាន់ ឬពួកសើររើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយបំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ ក៏ខ្ញុំនៅតែឆ្លើយនិងមានជំហរ ដាច់ខាតយ៉ាងនេះ។
ជាដំបូងនេះ សូមបក្សអនុគ្រោះ ខ្ញុំមិនរត់ទៅណាទេ។ បក្សឃុំឃំាងខ្ញុំ ក៏ឃុំឃំាងចុះ តែសូម បក្សអនុគ្រោះ កុំបាច់ចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ ហើយសម្រាកពុំបាន។ ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវ មានកម្លាំងទេ។ សូមបក្សពិនិត្យ និងមេត្តាដោយអនុគ្រោះ។ ខ្ញុំមិនរត់ទៅណាទេ បើខ្ញុំរត់ បក្សបាញ់សម្លាប់ខ្ញុំចុះ។
ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រាដង្ហើមចុងក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធ ពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យបានពឹស្តារ។ ដោយខ្ញុំអង្គុយមិនបានយូរ ខ្ញុំសូមរាយការណ៍ជូនបក្ស ជាបឋមដូចតទៅ
១.ចំណុចពាក់ព័ន្ធខ្លះ ដែលខ្ញុំពាក់ព័ន្ធសូមជូនដូចខាងក្រោមនេះ។
ខ្ញុំធ្លាប់លើក ក្នុងជីវទស្សន៍បដិវត្តន៍ ពិសេសកាលពីខែ៩ ឆ្នាំ១៩៧០ ជាមួយបងប៉ុល បងនួន សមមិត្តហែម នៅមន្ទីរ៨៧០ ជិតស្ទឹងជីនិត ពេលធ្វើបុណ្យខួបបក្ស ហើយដែលពេលនោះ បងប៉ុល ឧទ្ទេសនាមប្រវត្តិបក្ស។
ខ្ញុំបានរាយការណ៍ហើយ កាលខ្ញុំនៅជាកូនសិស្ស(១៩៥១. ១៩៥២) ខ្ញុំមានជំហរស្នេហាជាតិ ខ្ញុំប្រឆាំងអាណានិគមន៍បារាំង ។ កាលនោះ នៅសាលា យុវជន និងសិស្ ព្រមទាំង មហាជន មានការភ័ន្តច្រឡំនឹងពួកអា សឺង ង៉ុកថាន់ ក្បត់ជាតិ ស្មានថាវាស្នេហាជាតិ។ នៅវិទ្យាល័យស៊ីសុវត្ថិ អាសឈង ង៉ុកថាន់ មកភ្នំពេញ សិស្សក៏មានហែរក្បួនទទួលវា។ ខ្ញុំ ក៏ភ័ន្តច្រឡំដូចសិស្សឯទៀតដែរ។
នៅឆ្នាំ១៩៥២ នៅសាលាស៊ីសុវត្ថិ មានចលនាសិស្ស ដែលមាននិន្នាការអាសឺង ង៉ុកថាន់ ។ ពេលនោះមានឈ្មោះអា អ៊ុង ស៊ីម ជាមេ។ (ខ្ញុំបានឆ្លងជីវទស្សន៍ និងរាយការណ៍ជូនអង្គការរួចហើយ) ថា អា អ៊ុង ស៊ីម នេះវាបានបបួលសិស្សមួយចំនួន ឲ្យចូលព្រៃជាមួយវា។ ក្នុងនោះ វាបបួលខ្ញុំដែរ ខ្ញុំបានប្រកែកមិនព្រមទៅជាមួយវា ហើយខ្ញុំបានទៅការប្រពន្ធ គឺ ដណ្តឹងគ្រួសារ គឺសមមិត្ត (យាត) នៅទន្លេបិទ ហើយខ្ញុំបន្តការសិក្សានៅភ្នំពេញ។ ដើម្បី ចិញ្ចឹមគ្រួសារផង ខ្ញុំបង្រៀនសាលាឈ្នួល កាលណោះ សាលាកម្ពុជបុត្រ។ បន្ទាប់មក ខ្ញុំបានសុំការងារជាអ្នក(តែងសេចក្តី) ធ្វើការនៅក្រសួងផែនការ។
ឆ្នាំ១៩៥៥ ក្រោយហ្សឺណែវ(សន្ធិសញ្ញាហ្សឺណែវ)ហើយ ក៏មានការបោះឆ្នោត។ ខ្ញុំបានរាយ ការណ៍ជូនអង្គការហើយ ពេលនោះខ្ញុំចូលរួមឃោសនាបោះឆ្នោត ក្នុងគណបក្សប្រជាធិបតេយ្យ តាមទស្សនៈ (ការពារនយោបាយអព្យាក្រិត និងប្រឆាំងចក្រព័ត្តអាមេរិក)។
ពីដើមឡើយ ខ្ញុំមានសមានចិត្តមែន ជាមួយពួកអាសឺង ង៉ុកថាន់ តែក្រោយមក ខ្ញុំដឹងថាវា ក្បត់ជាតិ ជាពួកអាខ្មែរសេរី អាប្រជាចលនា ខ្ញុំក៏ប្រឆាំងវា។ ភស្តុតាងក្នុងសារព័ត៌មាន ក៏ខ្ញុំ បានសរសេរវាយប្រហារវាដែរ។
ក្រោយពេលបោះឆ្នោត ខ្មាំងរកចាប់ខ្ញុំដែរ។ ខ្ញុំបានអាហារូបករណ៍ ខ្ញុំបានចេញទៅរៀននៅប្រទេសបារាំង (សាលាគយ និងសាលាច្បាប់) ។ ពេលនោះ ខ្ញុំបានជួបហ៊ូ យន់ និងឃៀង ខាអុន ដេរ តែជជែកមិនទាន់ចុះសម្រុងគ្នា ដោយខ្ញុំប្រឆាំងយួន។ ខ្ញុំមិនយល់ ស្របឲ្យបក្សកុម្មុយនីស្តកម្ពុជា ក្រោមអំណាចយួន ឬបរទេសណាទេ។ សូមជម្រាប់ថា ពេលឆ្នាំ១៩៥៥ .១៩៥៧ ខ្ញុំក៏ពុំទាន់មានសមានចិត្ត ចំពោះក្រុមប្រជាជនដែរ ព្រោះខ្ញុំឮថា ឋិតក្រោមអំណាចយួន ឬបក្សកុម្មុយនីស្តឥណ្ឌូចិន។
ឆ្នាំ១៩៥៧ ខ្ញុំត្រឡប់មកកម្ពុជាវិញ ខ្ញុំធ្វើតំណាងរាស្រ្តរហូត។ ខ្ញុំរួមសកម្មភាពនយោបាយជា
យ មិត្តអ៊ុច វ៉ែន ហ៊ូ យន់ និងខៀវ សំផន។ សកម្មភាពខ្ញុំដូចបក្ស និងមហាជនជ្រាបហើយ។ ខ្ញុំបានចូលរួម គណៈប្រតិភូព័ត៌មាន
 (ពេលនោះ ខ្ញុំសរសេរកាសែត ប្រជាសេរី ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ ពេលនោះ ធ្វើជាមួយ អាស៊ឹម វ៉ា គ្មានសេអ៊ីអា ណាចាត់តាំងខ្ញុំទេ)។ នៅឆ្នាំ១៩៥៨ ខ្ញុំទៅទស្សនកិច្ចនៅអឺរ៉ុបខាងកើត។ ឆ្នាំ១៩៦១ រដ្ឋសភា ចាត់តាំងខ្ញុំ ឲ្យធ្វើជាសមាជិកទៅចូលរួម សន្និសីទ ប៊ែលក្រាត (ប្រទេសមិនចូលបក្សសម្ព័ន្ធលើកទី១) រួចហើយបន្តទៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅគណៈកម្មការទី៤ ខ្ញុំប្រឆាំងចក្រព័ត្តនិយម និងការពារបដិវត្តន៍អាហ្វ្រិក។ ពេលត្រឡប់មកដល់ភ្នំពេញវិញ សីហនុជេរខ្ញុំ។ ឈ្មោះខ្ញុំ និងយោបល់ខ្ញុំ មានកត់ត្រា ក្នុងសារបានអង្គការសហប្រជាជាតិស្រាប់។ ពេលនៅសហរដ្ឋអាមេរិក គ្មានភ្នាក់ងារ សេអ៊ីអា ណាមកទាក់ទងខ្ញុំ និងចាត់តាំងខ្ញុំ ឲ្យបម្រើវាទេ។
ឆ្នាំ១៩៦៣ ពេលខ្ញុំសតរសេរសារព័ត៌មាន អ្នកជាតិនិយម ខ្ញុំត្រូវបានប្រទេសចិន ប្រជាមា និត អញ្ជើញទៅធ្វើទស្សនកិច្ច និងរួចបន្តទៅកូរ៉េខាងជើង ដែលខ្ញុំចាប់អារម្មណ៍ជាខ្លាំង ចំពោះការលូតលាស់ របស់ប្រទេសទំាងពីរ។ រួចខ្ញុំ មកធ្វើទស្សនកិច្ចនៅហាណូយ ។ ហូ ជីមិញ បានទទួលខ្ញុំ និងគ្រួសារខ្ញុំ ។ ពេលនោះ យួន គ្មាននិយាយពីនយិបាយ ឬចាត់តាំងខ្ញុំ ឲ្យធ្វើភ្នាក់ងារវាទេ។ តាំងពីដើមមក ដូចអង្គការតែងជ្រាប ខ្ញុំប្រឆាំងយួន ព្រោះវារំលោភលើប្រទេសយើងជានិច្ច។ ខ្ញុំធ្លាប់ពាក់ព័ន្ធជីវទស្សន៍ ជាមួយសមមិត្តហែម អំពីបញ្ហានេះ ដែរ។ ខ្ញុំមានសមានចិត្តចំពោះចិន និងកូរ៉េ ប្រជាមានិត។ ខ្ញុំ១៩៦៥ ចិនអញ្ជើញខ្ញុំម្តងទៀត ពេលនោះ ខ្ញុំក្នុងឋានៈ ជាប្រធានគណៈប្រតិភូខ្មែរ .ចិន។
២.អំពីសកម្មភាពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៧ នៅក្នុងប្រទេស គឺមុនខ្ញុំ ដកខ្លួនមកចូលព្រៃ បក្សក៏បានជ្រាបជាបន្តបន្ទាប់។
ខ្ញុំសូមជម្រាបជូនបក្សថែម។ ខ្ញុំធ្លាប់ដឹកនាំមិត្តភាពខ្មែរចិន ។ ឯសមាសភាព ខ្ញុំក្តាប់មិនបានអស់ទេ។ ខាងចំរើន គឺមិត្តអ៊ុច វ៉ែន អ្នកឲ្យបញ្ជីទៅខ្ញុំពេលបោះឆ្នោតម្តងៗ។
នៅសភា ដូចខ្ញុំបានជម្រាប ខ្ញុំច្រើនរួមជាមួយមិត្តខៀវ សំផន ហ៊ូ យន់។ មិត្តខៀវ សំផន ច្រើន ជួយណែនាំខ្ញុំ ឲ្យតស៊ូ និងយកជំហរ រឹងប៉ឹង នូវគ្រប់បញ្ហា ក្នុងការតស៊ូ ប្រឆាំងចក្រព័ត្តអាមេរិក និងវណ្ណៈជិះជាន់។ ពីឆ្នាំ១៩៥៧ មក១៩៦២ យើងឧស្សាហ៍ជួបជុំគ្នា ពិភាក្សាពីទស្សនៈសភាពការណ៍ ពិសេសនៅក្នុងប្រទេស ឬនៅបរទេស(ច្បាប់ដើមសរសេរថា ពិសេសនៅប្រទេសខ្ញុំ)។ មិត្តយើងបានយកឯកសារឡេ នីន (រដ្ឋ និងការបដិវត្តន៍ អាន ) ពេលទៅប្រទេសចិន និងមកវិញ ខ្ញុំចាប់អានបទនិពន្ធរបស់ម៉ៅ សេទុង ច្រើន។ ខ្ញុំបានទាំងបកប្រែជាភា សាខ្មែរ នូវបទនិពន្ធនេះទៀត។ ខ្ញុំពុំដែលបានអានឯកសារបក្សទេ ហើយលក្ខ ន្តិកៈបក្ស ក៏ខ្ញុំពុំដែលស្គាល់។ នរណាដឹកនាំ ក៏ខ្ញុំមិនដឹង។ ពេលនោះ ខ្ញុំប៉ាន់ប្រមាណថា អ៊ុច វ៉ែន ហ៊ូ យន់ ខៀវ សំផន។
ចាប់ពីឆ្នាំ១៩៦៣ អ៊ុច វ៉ែន ហ៊ូ យន់ និងខ្ញុំ ច្រើនមានទំនាស់ ពីបញ្ហាសើររើនិយម ។ ខ្ញុំប្រឆាំងសើររើនិយម សូវៀត ហើយគំាទ្រចិន ឯមិត្តទំាងពីរគំាទ្រសូវៀត។ ដូច្នេះហើយ ចេះតែ មានទំនាស់គ្នាជាប់។
នៅឆ្នាំ១៩៦៥ ឬ១៩៦៦ ខ្ញុំមិនចាំច្បាស់ ខ្ញុំមាននិយាយមែន ក្នុងពេលជិះឡាន ជាមួយប៉ុក ឌឺសកុមារ ភោគ ឆាយ ថា (យី បើអ៊ុច វ៉ែន ហ៊ូ យន់ សើររើនិយមអ៊ីចឹង យើងបង្កើតបក្ស មួយទៀតទៅ) ពេលនោះខ្ញុំបាននិយាយ ព្រោះបានឮពីឈ្មោះ វ៉ាន់ ទិព្វសុវណ្ណ និយាយ យ៉ាងនេះដែរ។ តាំងពីពេលនោះមកខ្ញុំភ្លេចរហូត។ ខ្ញុំពុំបាននឹកនា ដល់រឿងនេះទេ ហើយខ្ញុំ ពុំដែលបានលើកក្នុងជីវទស្សន៍ ព្រោះការនេះ និយាយលេង មិនស្មានថា មាននរណារាយការណ៍ និងចោទខ្ញុំយ៉ាងណាសោះ។ ទើបតែកាលពីខែ១១ ឆ្នាំ១៩៧៦ នេះ ខ្ញុំភ្ញាក់ព្រើត ពេលឆ្លងជីវទស្សន៍នៅសាលាបក្ស ក្នុងក្រុម ដែលសមមិត្តអាត .ទូច (ភោគ ឆាយ) ចូលរួម និងសមមិត្តឆយ គាត់លើកសំណួរទៅភោគឆាយ អំពីការដែលថា នៅភ្នំពេញ ជឿតែថ្នាក់ លើ គឺបញ្ញាជន មិនជឿលើមហាជនខាងក្រោមថា ដែលពេលនោះ ខ្ញុំបម្រុងបង្កើតបក្សមួយ។ ឮយ៉ាងនេះ ខ្ញុំភ្ញាក់ព្រើត ខ្ញុំនឹកគិតថា ពេលនោះ ខ្ញុំនិយាយលេងសោះ ម៉េចបានជានរណារាយការណ៍អង្គការថា ខ្ញុំបង្កើតបក្ស?។ ខ្ញុំដឹងថា មានតែភោគ ឆាយទេ។ តើភោគ ឆាយ រាយការណ៍យ៉ាងម៉េច ខ្ញុំមិនដឹងទេ។ តើភោគ ឆាយ បានបង្កើតដល់ទៅលក្ខន្តិកៈ បក្សយ៉ាងណា ហើយអ្នកណាបង្គាប់ឲ្យធ្វើ ខ្ញុំឥតដឹងដែរ។ ឯចំពោះខ្ញុំ ខ្ញុំនិយាយតែប៉ុណ្ណោះ ចប់រហូត។ ខ្ញុំមិនដែលទៅចាត់តាំងនរណា ឲ្យប្រមូលសមាជិកបក្សស្អីទេ ហើយក៏មិន ដែលបង្កើតលក្ខន្តិកៈស្អីដែរ។ ចក្រព័ត្តអាមេរិក សើររើនិយម ឬបរទេសណា ក៏ឥតទាក់ទងខ្ញុំឲ្យបង្កើតដែរ។
ពេលខ្ញុំចេញពីភ្នំពេញផុត ខែតុលា ឆ្នាំ១៩៦៧ ភោគ ឆាយ មិនដាច់ខាត ត្រូវខ្មាំងចាប់បាន ហើយជាប់គុក។ តើពេលនោះ ភោគ ឆាយ យ៉ាងណា ខ្ញុំក៏អត់ដឹងដែរ ព្រោះខ្ញុំនៅព្រៃ។ ខ្ញុំ ជួបភោគ ឆាយ ពេលដែលអង្គការហៅឲ្យមកធ្វើការជាមួយ។ រឿងនេះ បើភោគ ឆាយ ឆ្លើយដាក់ខ្ញុំបែបនេះ គឺពិតជាឧបាយកលខ្មាំង ព្រោះខ្ញុំ ពុំដែលធ្វើសកម្មភាពបង្កើតបក្ស ប្រឆាំងបក្សទេ។
បើបុគ្គលមាន អ៊ុច វ៉ែន ហ៊ូ យន់ ខ្ញុំមានទំនាស់ជាប់។ អង្គការក៏បានជ្រាបដែរ។
ពេលខ្ញុំមកដល់ព្រៃ ខ្ញុំរស់នៅជាមួយតាម៉ុក និងខ្មោចបងញឹម ដែលជាកម្មាភិបាល ភាគនីរតីដ៏សំខាន់ ហើយក្នុងព្រៃធំ ក្នុងពេលតស៊ូ អាវុធរួមនយោបាយ ខ្ញុំនៅជាមួយតាចាន់ និងសមមិត្តសៅ។ សូមអង្គការសួរចុះ ថាតើខ្ញុំមានធ្វើសកម្មភាពអី ប្រឆាំងបក្សទេ?។ ផ្ទុយ ទៅវិញ ខ្ញុំរីករាយ រំភើបណាស់ ដោយបានឃើញលក្ខន្តិកៈបក្ស ហើយបានចូលបក្ស នៅឆ្នាំ១៩៦៨ នៅភ្នំដំរី។ លក្ខន្តិកៈ បានចែងច្បាស់ គឺប្រឆាំងសើររើនិយម គំនិតនិយម (ប្រហែលគំនិតសួនតួ និយម?)។ ឯទំនាស់ ដែលខ្ញុំមានជាមួយហ៊ូ យន់ គឺមកតែពីទស្សនៈ មិនឯកភាពគ្នានេះឯង។ ខ្ញុំប្រឆាំងហ៊ូ យន់ រហូតមក បក្សក៏ជ្រាបដែរ។
ពេលឆ្នាំ១៩៦៨ .១៩៦៩ នៅនិរតី ជំហរវណ្ណៈអធន ខ្ញុំពុំទាន់រឹងប៉ឹង ហេតុនេះ ខ្ញុំមានការប៉ះទង្គេចខាងសតិអារម្មណ៍ខ្លះ ជាមួយបងម៉ុក ដែលក្រោយមកខ្ញុំភ្ញាក់រលឹក ខ្ញុំស្តាយជាពន់ពេក។

ខ្ញុំសូមជម្រាបថា ខ្ញុំស្គាល់ស្រេង តាមរយៈមិត្តសឹម ហាក់ ហៅសី ប្រធានពេទ្យ១៧មេសា។បច្ចុប្បន្ន ជាគ្រួសារ(ប្រពន្ធ)មិត្ត ទីវ អុល ដែលធ្លាក់ទាក់ទងខ្ញុំ កាលនៅភ្នំពេញ។ ទន្ទឹមនឹងនេះ ពេលបោះឆ្នោត ឆ្នាំ១៩៦៦ ស្រេងក៏បានបំផុតឲ្យមហាជន គំាទ្រខ្ញុំ។ ខ្ញុំដឹងថា បក្សគំាទ្រខ្ញុំ បានខ្ញុំជាប់ឆ្នោត។ ពេលជួបឃួន ខ្ញុំបានសួរឃួនពីមាគ៌ាបក្ស ។ ក្រៅពីមាគ៌ាបក្ស ពេលនោះឃួនគ្មាននិយាយពីបញ្ហាអ្វីទៀតទេ។ ក្រោយមក ការទាក់ទងជា មួយឃួននៅភ្នំពេញនេះ ធម្មតា ដែលអង្គការបានជ្រាបអស់ហើយ។
ឃួនបានបង្កើតបញ្ហាជាច្រើននាំឲ្យស្មុគស្មាញដល់ក្រសួងក៣៣ ក្រសួងបានជ្រាបហើយ ព្រោះគាត់លូកដៃកកូរកកាយមកក្នុងនេះ។ គាត់គ្រប់គ្រងគ្នាគាត់តមកទៀត។
មហាជនឧត្តរ ស្តាប់តែគាត់ ។គាត់បញ្ចុកបន្សីសព្វគ្រប់ រហូតខូចសីលធម៌ជាមួយ នារី( ម៉ៃ ) ដែលអង្គការជ្រាបហើយ។
បងនួន បានចុះទៅដកពិសោធន៍ជាមួយយើងខ្ញុំ ពេលនោះជំហររបស់យើងខ្ញុំក៏ពុំរឹងដែរ។ តែយើងខ្ញុំស្មោះត្រង់នឹងបក្ស គ្មានអ្វីស៊ុំគ្រលំជាមួយឃួនទេ។ ភស្តុតាង ខ្ញុំបានជួបបង ប៉ុល ផ្ទាល់ ហើយបានរាយការណ៍បានពិស្តារផ្ទាល់។ យើងខ្ញុំបានអប់រំបដិវត្តន៍ ពិសេសពួក ឧត្រឲ្យដាច់ពីឃួន ដើម្បីមានជំនឿលើបក្ស។ ឃួនមានឧបាយកលក្បត់ និងមានសកម្មភាព ឧក្រិដ្ឋយ៉ាងណា ខ្ញុំអត់ដឹងទេ ហើយឃួនមិនដែលនិយាយអីចំពោះខ្ញុំដែរ។
មានចំណុចមួយ ដែលខ្ញុំមានការខ្វះខាត គឺពេលពួកឃួន ម៉ម កែវរុន មករាយការណ៍ ពី សមមិត្តសោម ខូចសីលធម៌ជាមួយនារីនៅក.៣៣ ខ្ញុំជឿ ហើយខ្ញុំសួរនារីៗ ក៏ឆ្លើយ ខ្ញុំរាយ ការណ៍ជូនអង្គការ។ អង្គការមានសំណូមពរដាក់សមមិត្តសោមមកវិញ ខ្ញុំពុំព្រម នេះខ្ញុំទទួលខុស សូមអង្គការអធ្យាស្រ័យ។ តែក្នុងនេះ ខ្ញុំគ្មានឧបាយកលក្បត់អីទេ។
ក្រោយពេលដែលអង្គការដកសមមិត្តសោមហើយ ឃួនបានដំណាលប្រាប់ខ្ញុំ ចង់ដាក់ ឈឿនគ្នាគាត់មកក.៣៣។ ខ្ញុំពុំបានឆ្លើយយល់ព្រមទេ។ ពេលនោះ អ្នកផង ព្រមទាំងអង្គការ យើង ពុំដឹងរឿងរ៉ាវរបស់ឃួន ហើយតំណាងពាណិជ្ជកម្មដែរ។ ខ្ញុំខុសដែរ ត្រង់ពុំបានរាយការណ៍ជូនអង្គការ។
ខ្សែឃួន ខ្សែឌឿន ក្បត់យ៉ាងណា ខ្ញុំអត់ដឹងទេ ។ បក្សសម្លាប់ខ្ញុំ ក៏ខ្ញុំនៅតែពុំដឹង ហើយ ខ្ញុំគ្មានចូលដៃជាមួយទេ។ ពេលបក្ស ចាប់ពួកឧត្តរនេះទៀត ក៏ខ្ញុំមិនដឹងដែរ។ ទើបក្រោយមក បានដឹងខ្លះៗ។
បងនួន បានកសាងខ្ញុំ ឲ្យពង្រឹងជំហរស្នេហាជាតិ ខ្ញុំបានពង្រឹង ហើយបានបំពាក់ដល់បក្ស និងមហាជនជាប់។ ខ្ញុំបំពេញភារកិច្ចទំាងយប់ទំាងថ្ងៃ ទោះកម្លាំងខ្សោយដោយរោគថ្លើមក៏ដោយ។ បក្សក.៣៣ ដឹងទំាងអស់ មហាជនដឹងទំាងអស់។ សមមិត្តកូយ ដែលជាប្អូនថ្លៃ បងនួន ជាសមាជិក គណបក្ស ក.៣៣ ក៏ជ្រាប។ ថ្មីៗនេះខាងសាខាសមមិត្តកូយ សមមិត្តជួន បានស្នើឲ្យយើងខ្ញុំ ស្នើអង្គការរកគ្រួសារឲ្យសមមិត្តបក្ខជនម្នាក់ឈ្មោះហឹម នារីដែលស្នើនោះ គឺកូនតាឡេង។នេះគឺខាងសមមិត្តកូយស្នើ។ ដោយក្រោយមកសមមិត្តកូយប្រាប់ខ្ញុំថា នារីនោះត្រូវអង្គការចាប់ខ្លួនទៅហើយ ព្រោះក្បត់ ឪពុកក៏ក្បត់។
មានមហាជនមួយចំនួន ដែលនៅជាមួយតូចភឿន ស.៨ ខ្ញុំធ្លាប់ស្គាល់ធម្មតាខ្លះ ធ្លាប់នៅ ក.៣០០ចាស់ ខ្លះ ប.៩ ដែលអង្គការចាត់តាំងឲ្យខ្ញុំទៅអប់រំ។ មានខ្លះស្គាល់ពីមុន តែស្គាល់ ធម្មតា មិនដែលមានគំនិតឧបាយកលអ្វី ស៊ីរូងក្បត់ទេ។
ក្រៅពីនោះ មានអាក្បត់ឈ្មោះមាន ពីមុនប្រធានកងពល ខ្ញុំទើបស្គាល់ក្រោយរំដោះទេ។ មាន ទៅរកដីច្បារអំពៅ និងសួររឿងលួចមងនៅច្បារអំពៅ តែមិនដែលនិយាយអីប្រឆាំងនឹងបក្សទេ ហើយខ្ញុំគ្មានគំនិតអីទេ។ ពេលចាប់ហើយ និងឧទ្ទេសនាមនៅសាលាបក្សបានដឹងរឿង។
ខ្ញុំរៀបរាប់ពុំទាន់ពឹស្តា អាចភ្លេចភ្លាំង ឬខ្វះចន្លោះ។ តំណាងអង្គការសួរខ្ញុំទៀតចុះ។ ហេតុនេះ សូមអង្គការជ្រាបជាបវរ។ សូមអង្គការជួយវិភាគ និងតាមដានចុះ។ចំពោះខ្ញុំ ចង់ថ្លា ថ្លែង សេចក្តីស្មោះត្រង់​របស់ខ្ញុំចំពោះបក្ស ចំពោះអង្គការ ចំពោះបងៗជាទីគោរពស្នេហា ដោយអស់ពីដួងចិត្តខ្ញុំ។ តែរកសេចក្តីអីមកថ្លាថ្លែង លើសពីនេះពុំបានទេ។
ខ្ញុំសូមជម្រាប់អង្គការ ហើយជម្រាបទៀតថា ខ្ញុំស្រលាញ់ទឹកដីកម្ពុជា ស្រលាញ់បក្ស កុម្មុនីស្តិ៍កម្ពុជា ស្រលាញ់បងប៉ុល ស្រលាញ់បងវ៉ាន់ សមមិត្តខៀវ សមមិត្តហែម បងភឹម បងម៉ុក។ល។ ដែលខ្ញុំគោរពរៀនសូត្រជានិច្ច ហើយស្រលាញ់ប្រពន្ធកូន គ្រួសារខ្ញុំ។ តាំងពីដើមរៀងមក ចង់ឃើញប្រទេសបានរំដោះ ក្រោមទង់បក្ស ហើយប្រជាជនយើងរីករាយ កសាងប្រ ទេសមហារុងរឿង ក្រោមទង់បក្សជារៀងរហូត។ ខ្ញុំគ្មានចិត្តគំនិតអី ក្បត់បក្សទេ ហើយក៏គ្មាន ខ្មាំងសេអ៊ីអាណា ចក្រព័ត្រសើរើនិយមណា ឬពួកយួនណា ឬពួកអាសឹងង៉ុកថាន់ណា មកចាត់តាំងខ្ញុំឲ្យបង្កប់ក្នុងបក្សយើងបំផ្លាញបក្សយើងដែរ។ បើបក្សសម្លាប់ខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយយ៉ាងនេះ រហូតដល់ដង្ហើមចុងបំផុត។
សូមបក្សជួយវិនិច្ឆ័យដោយអនុគ្រោះ ឲ្យខ្ញុំបានចូលរួមបុណ្យខួបទី២ នៃ១៧មេសាផង ។ ខ្ញុំបម្រើបក្សមួយជីវិត ស្លាប់ក្រោមទង់បក្ស។
ជូនពរបងៗ សូមមានសុខភាពបរិបូរ និងជ័យជម្នះ ។
គារវកិច្ចបដិវត្តន៍ យ៉ាងជ្រាលជ្រៅ។
«ភាស់»
១០. ០៤. ៧៧
ថ្ងៃទី១០ មេសា ១៩៧៧នេះ ខ្ញុំមិននឹកស្មានសោះថា ក្រុមនគរបាលរបស់អង្គការចាប់ខ្ញុំឃុំឃំាង ព្រោះក្នុងខ្លួនខ្ញុំ ខ្ញុំដឹងថា ខ្ញុំអត់ដែលបែបកបែរពីបក្សម្តងណាឡើយ។
ឯប្រវត្តិរូវ និងជីវទស្សន៍របស់ខ្ញុំ ក៏បក្សក្តាប់បានជាហូរហែរ។ ដោយសមមិត្តខាងនគរបាល លើកបញ្ហាមួយចំនួន ពិសេសទាក់ទងនឹងឈ្មោះភោគ ឆាយ កុយធួន តូចភឿន។

          (នៅមានត?)

No comments:

Post a Comment

ខ្មែរទន្លេតូច