Friday, May 9, 2014

រដ្ឋសភានឹង អនុម័តច្បាប់ស្តីពីវិស័យតុលាការមក នៅថ្ងៃ២០ ឧសភា


រដ្ឋសភានឹង អនុម័តច្បាប់ស្តីពីវិស័យតុលាការមក នៅថ្ងៃ២០ ឧសភា
នាវិមានរដ្ឋសភា លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃរដ្ឋ​សភាកម្ពុជា បាន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤​នេះ ថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាតិ បានធ្វើ​ការ​សម្រេច និងឯកភាព​ក្នុងការដាក់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តី​ព្រាងច្បាប់ស្តីពីការ​រៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តី​ព្រាងច្បាប់ស្តី​ពីលក្ខ​ន្តិកៈនៃចៅក្រម និងព្រះរាជរាជ្ញា រួមជាមួយនិងសេចក្តីព្រាង​ច្បាប់ដទៃ​ទៀត យកមកពិភាក្សា និងអនុម័ត នៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ ដែល​នឹងប្រព្រឹ​ត្តិទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ។
ឯកឧត្តម បន្តថា​ សេចក្តីព្រាងច្បាប់ នេះបានឆ្លងកាត់ការត្រួតពិនិត្យ និង​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​ពីក្រុមប្រឹក្សាអ្នកច្បាប់របស់ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងរដ្ឋសភា​កម្ពុជា ច្រើន​ឆ្នាំមកហើយ ដូច្នេះមិនចាំបាច់មានការចូលរួម​ពីសំណាក់​សង្គមស៊ីវិលអ្វីនោះទេ ប៉ុន្តែ រដ្ឋសភាស្វាគមន៍ ប្រសិន​បើមានការផ្តល់យោបល់ជាលាយ​ល័ក្ស​អក្សរ ឬផ្ទាល់មាត់ពីអ្នក​ពាក់ព័ន្ធទាំង​នោះ ។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ដែលមាន៩១មាត្រា ចែក​ចេញ​ជា៨ ជំពូក ,សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រម ដែល​មាន៣១មាត្រា ចែកចេញជា ៦ជំពូក និងសេចក្តីព្រាងច្បាប់ស្តីលក្ខន្តិកៈ​នៃចៅក្រម និងព្រះ​រាជ​អាជ្ញា ដែលមាន១១១មាត្រា ចែកចេញជា៦ ជំពូក ត្រូវបានសម័យប្រ​ជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តីកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ បានអនុម័តរួច​រាល់ហើយ ហើយ​ការអនុម័ត្តច្បាប់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន​រិះគន់ថា គ្មានតម្លាភាព និងកាន់តែធ្វើឲ្យរាជរដ្ឋាភិបាល ជិះសេះលែងដៃ។

No comments:

Post a Comment

ខ្មែរទន្លេតូច