Thursday, April 3, 2014

រឿងខ្លី ( ជីវិតគ្រូបង្រៀន )



រឿងខ្លី ( ជីវិតគ្រូបង្រៀន )


កាលពីទសវត្សរ៍ ឆ្នាំ១៩៨០ ក្រោយពីកម្ពុជា រំដោះចេញពីរបបខ្មែរក្រហមមក ដោយសារ​មាន​ចំណេះដឹងខ្លះៗពីសម័យសង្រ្គាម លោករង់ចាំ បានក្លាយជាគ្រូបង្រៀននៅ​ភូមិដាច់ស្រយាល​មួយ។ នៅទសវត្សរ៍នោះ សាលា ដែលលោករង់ចាំបង្រៀន មានតែជញ្ជាំងបាំងធាងដូង និង​ថែប​ប្របុស ដំបូលប្រក់ស្បូវ ចំណែកឯសិស្ស ត្រូវអង្គុយផ្ទាល់ដី និងខ្លះអង្គុយលើដុំឥដ្ឋបាក់​បែក​។
នៅក្នុងសាលា ដែលធ្លុះធ្លាយ មើលឃើញមេឃ លើដីទួល ដែលធ្លាប់ជាកន្លែងក្រោលគោ​ក្នុងសម័យខ្មែរក្រហម លោករង់ចាំបាន​បង្រៀនសិស្សពីរបៀបសរសេរ អក្សរ ពី.ក.ខ.គ.ឃ.ង. និងលេខពី.០.១.២.៣ផងដែរ។ នៅពេលខ្លះ លោករង់ចាំ ចាប់ដៃ សិស្ស ឲ្យសរសេរដោយ​ផ្ទាល់ ចំពោះសិស្សណា ដែលមិនសូវយល់ពីរបៀបសរសេរ។ ទោះបីពេលខ្លះ សិស្សមិនចេះ ក្តី តែលោករង់ចាំ នៅតែញញឹម និងខិតខំបង្រៀនសិស្សដដែល។
ក្នុងចំណោមសិស្សថ្នាក់បឋមរបស់លោកគក្រូរង់ចាំ មានសិស្សម្នាក់ឈ្មោះស្មាច។ ស្មាចបាន​ចាប់​កំណើត កាលពីឆ្នាំ១៩៧៥ មុនពេលរបបខ្មែរក្រហមចូលកាន់កាប់អំណាចបន្តិច។ ប៉ុន្តែ ដោយសារការហូបចុករបស់ម្តាយស្មាចកាលនោះ បានធ្វើឲ្យកាយសម្បទាររបស់ស្មាច់ មិន​សូវល្អ។ ស្មាចបានក្លាយជាកុមារាបាក់ទឹកដោះ។ រៀងរាល់ពេលចេញពីរៀន ស្មាចតែងតែ ដេក​ដួល អង្គុយយំនៅតាមផ្លូវ ព្រោះតែឃ្លានបាយ និងដើរទៅផ្ទះមិនរួច។ ជួនកាលស្មាច់ ត្រូវ​បាន មិត្តភក្តិជួយគ្រាហ៍ទៅផ្ទះ និងជួនខ្លះទៀត ស្មាច់ ត្រូវលោកគ្រូរង់ចាំអ៊ាវ.ក នាំទៅផ្ទះដែរ។  ផ្ទះរបស់ស្មាច់ ជាខ្ទមរខេករខាកមួយនៅចុងភូមិ ចំណែកផ្ទះលោកគ្រូរង់ចាំ ក៏ជាខ្ទមពុកកំព្រួក ដែរ។ ជាង៣០ឆ្នាំក្រោយមក ផ្ទះលោកគ្រូរង់ចាំ បានធ្វើធំជាងមុនបន្តិច ប៉ុន្តែនៅប្រក់ស្បូវ ជញ្ជាំង​បាំថែបដដែល។ ថ្ងៃមួយ ខណៈលោកគ្រូកំពុងកណ្តៀតកាតាបចេញពីបង្រៀនសិស្ស ដើរតាមផ្លូវទៅផ្ទះ ជាមួយសិស្សតូចៗដទៃទៀត  ស្រាប់តែស៊ីផ្លេរថយន្តម៉ាកឡង់គ្រីស័រ​សេរី​ខ្ពស់មួយ បានបន្លឺឡើង​ពី​ក្រោយខ្នង។ លោកគ្រូងរង់ចាំ មិនបានងាកមើលទៅរថយន្តនេះទេ ធ្វើ​ឲ្យសំឡេងស៊ីផ្លេរថយន្តបានបន្លឺឡើងម្តងទៀត។ ដោយមានការងឿងឆ្ងល់ លោកគ្រូរង់ចាំ ក៏ងាកមើលទៅរថយន្តនោះ។ លោកគ្រូរង់ចាំ ឃើញស្នាមញញឹមប៉ព្រាយរបស់បុរសជាង៤០​ឆ្នាំម្នាក់ រួមទាំងស្រ្តីវ័យស្រករគ្នាផង។ រំពេចនោះ អ្នកបើករថយន្តចុចកញ្ចក់រថយន្តចុះ រួច​សំឡេង​ស្វាគមន៍ពីក្នុងរថយន្តបង្ហើរឡើង សួស្តីលោកគ្រូ( មិនមែនជម្រាបសួរទេ)  លោកគ្រូ​សុខ​សប្បាយទេ?។ លោកគ្រូរង់ចាំធ្វើមុខ​ឡិងឡង់ៗ ព្រោះមើលមិនស្គាល់ម្ចាស់រថយន្តជាអ្នក​ណា?។ បន្តិចមក អ្នកបើករថយន្តបន្តប្រយោគរបស់ខ្លួន លោកគ្រូចាំខ្ញុំទេ ខ្ញុំគឺអាស្មាច ដែល​លោកគ្រូចំណាំអ៊ាវទៅផ្ទះនោះណា៎?។ សំណួរនេះ ធ្វើឲ្យលោកគ្រូរង់ចាំនឹកឃើញ ហើយងក់​ក្បាលឧទានឡើង អូហ៍ គ្រូស្គាល់ហើយ តែកូនស្មាច់កាលមុន មិនក្រអឺមក្រទមដូច កូនស្មាច​ពេលនេះទេ។ គេចេះដឹង និងស្គាល់ចាស់ទុំណាស់។ ឮប្រសាសន៍នេះ ស្មាច់ហាក់អាក់អន់​ចិត្ត​ចំពោះលោកគ្រូ ហើយធ្វើជាសួរបន្តថា ចុះលោកគ្រូ បង្រៀនយូរហើយ ម៉េចក៏នៅមក​បង្រៀន​ដើរទៀត? ។ លោកគ្រូរង់ចាំ អល់អែកចម្លើយបន្តិច ទើបឆ្លើយទៅវិញ។ មិនអីទេ កូនស្មាច់ដឹង គ្រូស្រាប់ហើយ តាំងពីដើមមកគ្រូ មិនដែលគិតថាទ្រព្យសម្បត្តក្រៅខ្លួនជារឿងសំខាន់ទេ។ ជា​ពិ​សេស ទ្រព្យសម្បត្តិ ដែលបានមកដោយគ្មានប្រភពចំណូលច្បាស់លាស់។ គ្រូមិនត្រូវការ ទ្រព្យសម្បត្តិ ដែលបានមកពីការកិបកេងលុយជាតិ បំផ្លាញជាតិ ឬបំផ្លាញអ្នកដទៃទេ។ សម្តី​របស់​លោក​គ្រូរង់ចាំធ្វើឲ្យស្មាច់កប់យោបល់។ លោករង់ចាំឃើញដូច្នេះ ក៏ប្រាប់ទៅស្មាច់វិញថា មិនអីទេ បើកូនស្មាច់ប្រញាប់ កូនទៅមុនចុះ ចំណែកគ្រូ ដើរតាមក្រោយជាមួយកូនៗ​ដទៃ​ទៀតទៅបានហើយ។ ស្មាចឮលោករង់ចាំស្តីដូច្នេះ ក៏បានលេស ជម្រាប់លាលោករង់ចាំទៅ​តែម្តង បានលោកគ្រូ សិស្សជម្រាបលាទៅមុនហើយ។ និយាយចប់ ស្មាច់រោទិ៍ម៉ាស៊ីន​ឡាន​ង៉ោងៗ បន្ថែមល្បឿនដូចព្យុះចេញទៅ ធ្វើឲ្យធូលីដី ហុយទ្រលោមឡើង ស្ទើរមើលផ្លូវមិន​ឃើញ។ លោករង់ចាំ ឈរស្ងៀម យកដៃបក់ធូលីចេញ។ ឯស្មាចវិញ ពេលចេញផុតពីគ្រូហើយ ក៏រអ៊ូដាក់ប្រពន្ធថា ចរិតត្រឹមតែជាគ្រូបង្រៀន តែនិយាយស្តីដូចអទិទេព គ្មានអ្នកណាស្មើ។ អញ្ចឹង​ហើយ បានជានៅត្រឹមតែជាគ្រូមួយជីវិត។ ភរិយារបស់ស្មាច់បានត្រឹមតែ​អង្គយ​ស្ងៀម។                   បីខែក្រោយមក នៅក្នុងវត្ត នៃភូមិដែលលោកគ្រូរង់ចាំរស់នៅមានរៀប​ចំធ្វើពិធីបុណ្យ​ផ្កាសាមគ្គី ដ៏ធំមួយ។ បុណ្យនេះ ជាការផ្តួចផ្តើមធ្វើរបស់ស្មាច់ រួមនឹងភរិយា។ អ្នកភូមិទាំងអស់ មានក្មេង មានចាស់នាំគ្នារីករាយនឹងការធ្វើបុណ្យនេះ។ អ្នកខ្លះនិយាយសរសើរស្មាច់ ដែល​មាន​សំណាងបានធ្វើជាមន្រ្តីធំក្នុងជួររាជរដ្ឋាភិបាល និងមានប្រាក់រាប់ម៉ឺនដុល្លារសល់​តម្កល់​នៅធនាគារទៀត។ ប៉ុន្តែ ថ្ងៃសូត្រមន្ត នៃពិធីបុណ្យស្មាច់មិនបានទៅចូលរួមទេ មានតែភរិយា​ប៉ុណ្ណោះ រហូតដល់ថ្ងៃឆ្លងបុណ្យទើបមានវត្តមានស្មាច់ និងអ្នកកាសែត ទូរទសស្សន៍មួយ​អង្គភាព​ពីរអង្គភាពដែរ។ ពេលមកដល់រោងបុណ្យ ដែលភាគ
ច្រើនមានស្រ្តី និងបុរសចាស់ជរា មានគ្រូ មានសិស្សខ្លះ ស្មាច់បានបង្គាប់ឲ្យអាចារ្យ​ប្រកាស​ក្បាល​មេក្រូ ប្រាប់អ្នកភូមិ​ថា ថ្ងៃនេះស្មាច់មានថវិកាមួយចំនួនចែកជួនអ្នកភូមិ ហើយមូល​ហេតុ ដែលស្មាច់មិនបាន​មកនៅថ្ងៃសូត្រ គឺដោយសារស្មាច់ជាប់រវល់ ទៅដូរលុយសម្រាប់​ចែក​នេះ​ឯង។ ស្មាច់បានបង្គាប់ឲ្យអ្នកភូមិ ឈរតម្រង់ជួរ ដើម្បីគេងាយស្រួលដើរចែក និងបានប្រាប់​ទៅអ្នកកាសែតពីរនាក់ ម្នាក់ជាអ្នកាកសែតបោះពុម្ពផ្សាយ ម្នាក់ជាអ្នកធ្វើការនៅទូរទស្សន៍​ក្នុង​ស្រុកមួយ ចាំថតរូប ដើម្បីចុះផ្សាយ។
ក្រោយពីអ្នកភូមិឈរជាជយរ ក្រោមកម្តៅថ្ងៃ ដ៏ហួតហែងរួចមក ស្មាច់ ក៏នាំភរិយា រួមទាំងកូន តូចផង ដើរចែកថវិកាមនុស្សក្នុងជួរម្នាក់៥០០០រៀល។ ស្មាច់ដើរចែកបណ្តើរ ញញឹមដាក់មុខ ម៉ា​ស៊ីនថតបណ្តើរ ឯអង្គរក្ស ក៏ដើរអមពីក្រោយជាប់ជានិច្ច។ លុះចែកមកដល់លោកគ្រូរង់ចាំ ដែលមានវ័យជាង៥០ឆ្នាំហើយនោះ ស្មាច់បានងាកទៅខ្សឹបអ្នកថតថា គាត់ជាគ្រូរបស់ខ្ញុំ សូម​ថតខ្ញុំ និងគាត់ឲ្យបានច្រើនបន្តិច។ បន្ទាប់មក ស្មាច់ក៏ហុចប្រាក់៥០០០រៀល ឲ្យទៅ​លោក​គ្រូ ដូចអ្នកដទៃដែរ។ ភ្លាមនោះ លោកគ្រូរង់ចាំ ដ៏ស្រក់ទឹកភ្នែក នៅចំពោះមុខមនុស្សរាប់រយនាក់ ធ្វើឲ្យគេឆ្ងល់គ្រប់គ្នា។ នៅពេលអ្នកកាសែតសួរថា ហេតុអី ក៏លោកយំ លោកគ្រូឆ្លើយថា ខ្ញុំ រំភើបពេក ព្រោះតាំងពីខ្ញុំចេះបង្រៀនសិស្សមក គ្មានសិស្សណាជូនលុយខ្ញុំទេ ទើបតែថ្ងៃនេះ​ប៉ុណ្ណោះ ដែលខ្ញុំទទួលបានប្រាក់៥០០០រៀលពីសិស្ស។ លោកគ្រូបានបន្តប្រយោគដោយក្តី រំភើបថា ស្មាច់មានសំណាងជាងគ្រូ ស្មាច់មានឱកាសរកលុយបានច្រើនជាងគ្រូ អាចទិញបាន​ឡានថ្មីទំនើប ទិញផ្ទះច្រើនកន្លែងទោះបីលុយនេះ ស្មាច់បានពីណាមកក្តី ចំណែកគ្រូបានត្រឹម​តែជាគ្រូដដែល ហើយឥឡូវនេះ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំ ប្រកាសថា នឹងចាប់ខ្លួនសិស្ស និងគ្រូបញ្ជូនទៅតុលការ ចំពោះសិស្ស និងគ្រូណា ដែលប្រព្រឹត្តអំពើសូក និងទទួលសំណូកនៅថ្ងៃប្រឡង។ គ្រូដឹងថា ទោះបីប្រាក់ខែស្មាច់ឯង ២០០០ ឬ៣០០០ដុល្លារ បើស្មាច់ឯងមិនរកស៊ី ឬប្រព្រឹត្ត​អ្វីផ្សេងទេ ស្មាច់ឯងមិនអាចមានលទ្ធភាពទិញ​ដីរាប់ពាន់ហិច​តា សល់វីឡារាប់កន្លែងទេ។  តែស្មាច់ពិតជាសំណាងណាស់ ព្រោះមិនត្រូវបានគេគំរាមចាប់ ខ្លួន ឬស៊ើបអង្កេតឡើយ។ សុំទោសគ្រូមិនហ៊ានចោទថា ស្មាច់បានប្រព្រឹត្តអំពើពុករលួយទេ។
និយាយចប់ លោករង់ចាំ ក៏ដួលព្រឹបលើដី ឯឈាមបានក្អែលចេញពីមាត់របស់លោករង់ចាំ។ មនុស្សទាំងអស់ នាំគ្នាភ័យឆោឡោឡើង។ លោករង់ចាំ បានបន្តខ្សឹបដាក់ត្រចៀកស្មាច់ថា ចូរ ស្មាច់មើលឲ្យច្បាស់ទៅ តើមានគ្រូបង្រៀនណាម្នាក់ ដែលធ្វើមាន ធ្វើបាន ឬមានរថយន្ត​ទំនើប​ មានផ្ទះវីឡាបីបួនដូចស្មាច់ទៅ?។ គ្រូយកលុយសិស្សបន្តិចបន្តួច ក៏ព្រោះតែក្រពះគ្រូ កូរ ក្រពះគ្រូវាឃ្លាន។ គ្រូបង្រៀនសិស្ស សុំត្រឹមតែរស់ ក៏ពិបាក។ គ្រូលក់ដីសាលាបន្តិចបន្តួច  ដើម្បីយកលុយមកកសាងសាលា ដែលខូចខាត គេចោទគ្រូថា ពុករលួយលក់ដីសាលា។ តែ​ចំពោះស្មាច់វិញ ឃុបឃិតគ្នាលក់ដីរដ្ឋ កិបកេងដីប្រជាពលរដ្ឋ កាប់បំផ្លាញព្រៃឈើ គ្មានអ្នក​ហ៊ាន​ថាឲ្យស្មាច់ទេ។ ស្មាច់បែរជាព្យាយាមនាំគ្នាតាមចាប់កំហុសគ្រូ។ គ្រូងបង្រៀនឲ្យគេអាច​ក្លាយជានគរបាល តែគ្រូជិះខុសគេផាកពិន័យ និងស្តីបន្ទោសដៀលគ្រូ​ថា ធ្វើដល់គ្រូបង្រៀន បើកបរ​មិនគោរពច្បាប់។ គ្រូបង្រៀនឲ្យគេក្លាយជាអ្នកកាសែត ពេលគ្រូមានកំហុសបន្តិចបន្តួច គេនាំ​គ្នា​ចុះផ្សាយអាក្រក់ពីគ្រូ។ គ្រូបង្រៀនឲ្យគេក្លាយជាតំណាងរាស្រ្ត តែពួកគេទាំងនោះ បែរ​ជានាំ​គ្នាបង្កើតច្បាប់ ដើម្បីចាប់កំហុសគ្រូ។  គ្រូបង្រៀនឲ្យគេបានធ្វើមន្រ្តី គ្រូបង្រៀនឲ្យគេធ្វើ​ជា​​រដ្ឋ​មន្រ្តី គ្រូបង្រៀនឲ្យគេធ្វើជានាយករដ្ឋមន្រ្តី តែគ្រូនៅតែជាគ្រូដដែល។ គ្រូបង្រៀនឲ្យគេ​ក្លាយ​ជា​គ្រូពេទ្យ តែពេលគ្រូឈឺ គ្រូត្រូវចូលសម្រាកមន្ទីរពេទ្យ គេទាមទារឲ្យគ្រូបង់ប្រាក់​ដោយ​គ្មាន​យោគយល់ សូម្បីខ្វះមួយដុល្លារ។  តែគ្រូមិនតូចចិត្តទេ ផ្ទុយ​​ទៅវិញ គ្រូកាន់តែ​សប្បាយ​ចិត្ត ព្រោះ​​ពេល​នេះ អ្នកដែលប្រកាសចាប់ខ្លួនគ្រូនោះ គឺជា​សិស្ស​​របស់គ្រូដែរ។   ពួក​គេមិនមែន​ជា​អទិទេព ចេះដោយគ្មានគ្រូបង្រៀនទេ។ គ្រូអរគុណ ចំពោះ​ក្រសួងអប់រំ និងអង្គ​ភាព​​ប្រឆាំង​អំពើពុករលួយ ដែលមានវិធានការនេះ ចំពោះគ្រូ​បង្រៀន​​មុន​គេ។ គ្រូជឿថា វិធាន​ការ​នេះ នឹង​មានជាបន្តបន្ទាប់ ចំពោះវិស័យដទៃទៀត។ គ្រូដឹង​ថា ជប៉ុន អូស្រ្តាលី កាណាដា និងអាមេរិច គេផ្តល់អនុសាសន៍ឲ្យយើងកែទម្រង់​ប្រព័ន្ធ​អប់រំ តែគេមិនបានប្រាប់ឲ្យស្មាច់ឯង​ចាប់​​គ្រូដាក់​គុកទេ។ គេចង់ប្រាប់ស្មាចឯងថា ត្រូវគិតគូរ​គ្រូបង្រៀនឲ្យបានត្រឹមត្រូវ ដូចជាផ្តល់​ប្រាក់​បៀរវត្សរ៍​​សមរម្យ ដែលអាចឲ្យគាត់រស់នៅ​សម​រម្យ និងប្រកបដោយភាពថ្លៃថ្នូរ។ ប្រសិន​បើ​ជីវភាព​គ្រូបានសមរម្យ មិនលំបាកហើយនោះ នោះគុណភាពអប់រំ ក៏លែងមានវិបត្តិទៀត​ដែរ តែបើគ្រូណានៅតែធ្វើឲ្យមានកំហុសនោះសម​នឹងទទួលទោសហលយ។  ប៉ុន្តែពួក​ស្មាច់​ឯង​បែរ​ជាគំរាមចាប់គ្រូដាក់គុកទៅវិញ។ ស្មាច់ឯង​ក្រឡេកមើលទៅ តើមានប្រទេសណា​មួយ គេ​ធ្វើ​បាបគ្រូបែបនេះទេ។ គ្រូមិនហ៊ានថា ស្មាច់ជាក្រពើរមិលគុណនោះទេ។
ស្មាច់ ចូរសិស្សចាំសម្តីគ្រូឲ្យច្បាស់ណា ធ្វើជាអ្នកដឹកនាំ មិនត្រូវជឿតែសម្តីមន្រ្តីអែបអប អោប​ពង លុញពង និងទ្រពងទេ វានឹងធ្វើឲ្យគេឈឺចាប់ និងបង្កើនសត្រូវកាន់តែច្រើន។ និយាយចប់ លោកគ្រូរង់ចាំ ក៏សន្លប់បាត់ស្មារតីទៅ...។
                                                                                      ( ចប់ )
                                                          ២៧ មីនា ២០១៤

No comments:

Post a Comment

ខ្មែរទន្លេតូច